កណ្ដាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ទាំងអស់៣នាក់ ដែលជាក្រុមចោរបានធ្វើ សកម្មភាព តាមរយៈការបើកនិងជិះរថយន្ដ ស្វែងរកឱកាសល្អ នៅតាមភូមិ ឃុំ រួច ហើយចូលទៅលួច ឬប្លន់ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋនោះ កាលពីវេលាម៉ោង១និង ៥០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៣នេះ ត្រូវបានម្ចាស់ផ្ទះ ដែលជាជន រងគ្រោះ ស្រែកឆោឡោ ហើយឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ខណៈដែលជន សង្ស័យពីរនាក់ផ្សេងទៀត បានរត់គេចខ្លួន បាត់ ។

សកម្មភាពក្រុមចោរដែលមានគ្នា៣នាក់ បើករថយន្ដតាមភូមិ ឃុំ ដើម្បីធ្វើសកម្ម ភាពផ្លោះរបងចូលលួចទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋនៅពេលដែលពួកវា មើលឃើញ ថា ផ្ទះទាំងនោះ បិទទ្វារនិងចាក់សោ ហើយម្ចាស់មិននៅខាងលើនេះ បានកើតឡើង ស្ថិតនៅផ្ទះលោកប៊ូ ធុន អាយុ៦៣ឆ្នាំ រស់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។

ម្ចាស់ផ្ទះដែលជាជនរងគ្រោះក្នុងអំពើ លួចទ្រព្យសម្បត្ដិខាងលើនេះ លោកប៊ូ ធុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា នៅពេលដែលលោកកំពុងសម្រាកនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យពីរនាក់ បានផ្លោះរបងចូលទៅក្នុងផ្ទះរបស់លោក ដើម្បីធ្វើសកម្មភាពលួច ឬប្លន់ទ្រព្យសម្បត្ដិ ។ ភ្លាមៗនោះរូបលោក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយក៏ស្រែកឆោឡោ ឮដល់ប្រជាពលរដ្ឋនៅក្បែរខាង បានមកជួយអន្ដរាគមន៍ ដើម្បីចាប់ខ្លួនក្រុមចោរទាំងនេះ ប៉ុន្ដែជនសង្ស័យពីរនាក់បានរត់គេចខ្លួនបាត់ បន្សល់តែអ្នកបើករថយន្ដ ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2H-1719 រួចហើយប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង ទៅ ។

ម្ចាស់ផ្ទះរូបនេះ បាននិយាយទៀតថា ក្រុមចោរខាងលើ បានប្រើរូបភាពតាមរយៈ ការបើករថយន្ដមើលទីតាំងភូមិសាស្ដ្រនៅ ក្នុងភូមិ ហើយបើពួកវាឃើញផ្ទះណា ដែលបិទទ្វាររបងនិងចាក់សោ គឺពួកវាឈប់ រថយន្ដហើយផ្លោះរបងចូលទៅលួចទ្រព្យសម្បត្ដិ ដោយពួកវាគិតថា ម្ចាស់ផ្ទះមិននៅ ប៉ុន្ដែលើកនេះ ចំថ្ងៃស៊យ ដោយសារតែរូបលោក នៅផ្ទះ ។

ជនរងគ្រោះបានអំពាវនាវទៅអធិការ នគរបាលស្រុកស្អាង ត្រូវចាត់វិធានការតាម ផ្លូវច្បាប់ ដោយសារតែរូបលោកមានការ ភ័យក្នុងចិត្ដ ខ្លាចថា បក្ខពួករបស់ វាអាចមករករឿងលោក និងក្រុមគ្រួសារ នៅពេលណាមួយនោះ ហើយលោក សូមអំពាវនាវឱ្យសមត្ថកិច្ច មេត្ដាពង្រឹងសន្ដិសុខ ក៏ដូចជាសណ្ដាប់ធ្នាប់ នៅភូមិ ឃុំ ក្នុងគោលបំណងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការរស់នៅនិងរកស៊ី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]