កំពង់ស្ពឺ ៖ កម្លាំងនគរបាល ខេត្ដកំពង់ស្ពឺ សហការជាមួយកម្លាំង នគរបាលខេត្ដកំពត ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការរង និងជា ប្រធានការិយា ល័យកណ្ដាលយុត្ដិធម៌ បានឃាត់ខ្លួន ជនសង្ស័យពីរនាក់ ម្នាក់ជាអតីតកីឡាប្រដាល់សេរី ទ្រី គន្ធរ កាលពីវេលាម៉ោង១២ និង១០នាទី យប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះសំណាក់រីករាយ ក្នុង ភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ក្រោយពីជន សង្ស័យទាំងពីរនាក់ បានបាញ់ សម្លាប់បុរសវ័យ៦៧ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ជាម្ចាស់ហាង លក់ស្រាបៀរ ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះសាន់ សឿន អាយុ៦៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ពេជ្រ អាន អាយុជិត ៦០ឆ្នាំ មានកូនម្នាក់ បានស្លាប់ភ្លាមៗនៅផ្ទះរបស់ខ្លួន នៅភូមិឃុំ កើតហេតុខាងលើ កាលពីវេលា ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ក្រោយពីជនសង្ស័យទាំងពីរបាញ់ចំមួយគ្រាប់ ត្រូវ សៀតផ្កា ដោយសារមានជម្លោះពាក្យ សំដីជាមួយគ្នា ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដកំពតបានឱ្យដឹងថា ជនដៃដល់នៃអំពើ ឃាតកម្មនេះ ឈ្មោះជួង វណ្ណៈ ហៅអាង៉ោល អាយុ៣៣ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុក បាទីខេត្ដតាកែវ ហើយ បច្ចុប្បន្នរស់នៅម្ដុំបឹង ក្រពើ រាជធានីភ្នំពេញ ។ ដោយជនសង្ស័យទី២ ដែលជាបក្ខពួកឈ្មោះ ទ្រី គន្ធរ ហៅអេឡុង អាយុ៣២ឆ្នាំ អតីត កីឡាប្រដាល់សេរី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ច ក្រោយបាញ់សម្លាប់ ជនរងគ្រោះ ព្រោះតែជម្លោះពាក្យសំដីនោះ ជនសង្ស័យទាំង ពីរនាក់បានរត់គេចខ្លួនទៅ ស្នាក់នៅផ្ទះសំណាក់រីករាយ ក្នុងក្រុងកំពត ក៏ត្រូវសមត្ថកិច្ចចាប់ បានទីនោះ តែម្ដង ដោយដកហូតកាំភ្លើងខ្លី កា៥៩មួយដើម ដែលមាន១៤គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចខេត្ដកំពត ប្រគល់ឱ្យសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ដែលជាម្ចាស់ ករណី យកទៅចាត់ការ តាមផ្លូវច្បាប់៕



រូបភាពបន្ថែមពី កោះសន្តិភាព

ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]