រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋដែលសង់មិនរៀបរយ នៅតាមមាត់ទន្លេចំនួន៧ខ្នង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ផ្សែងហុយខ្មួលខ្មាញ់ ក្នុងនោះមួយខ្នងត្រូវព្រះអគ្គី លេបត្របាក់អស់គ្មានសល់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤០នាទីរសៀលថ្ងៃទី១៣ សីហា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅឡើយ តែសង្ស័យទុស្សេចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នេះដែរ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ១៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរថយន្តស្នងការដ្ឋានរាជធានី១០គ្រឿង រថយន្តសូគីម៉ិច៤គ្រឿង និងកប៉ាល់ពន្លត់អគ្គិភ័យមួយគ្រឿង ហើយរយៈពេលប្រមាណមួយម៉ោងភ្លើងរលត់ទាំងស្រុង តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។

បើតាមប្រភពព័ត៌មានឱ្យដឹងថា អគ្គិភ័យនេះដំបូងឡើយ គឺចេញពីផ្ទះឈ្មោះសួន សុវណ្ណ ភេទប្រុស អាយុ៦២ឆ្នាំ ជាអ្នកនេសាទ ដែលចាក់សោទ្វារចោល រួចក៏បន្តឆេះរាលដាលអស់៧ខ្នងតែម្តង ៕











បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]