កំពង់ចាមៈនគរបាលស្រុកចម្ការលើ បានចាប់ខ្លួនបុរស ៣នាក់ពីបទទទួលទិញផល ចោរកម្ម។ ការចាប់ ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើងក្រោយពីមានពាក្យ បណ្តឹងរបស់ម្ចាស់ម៉ូតូដែលប្រទះឃើញ ការទិញលក់របស់ចោរ នឹងអ្នកទិញម៉ូតូកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅចំណុចផ្សារថ្នល់បែក ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ទី១-យិន ផានិត ហៅមី ភេទប្រុស អាយុ២៧ឆ្នាំ ទី២- ឈឿន ចន្នី ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរនេះមានទីលំនៅ   ភូមិ៣៣ ឃុំតាអុង ស្រុកចម្ការលើ និងទី៣- ម៉ាង ប៊ូរី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តរតនៈគី រី។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែ មេសា ឈ្មោះ ស្រេង គុនធី មាន ទីលំនៅភូមិថ្នល់បែក កើត ឃុំស្វាយទាប ស្រុកចម្ការលើ បានបាត់ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ។ លុះដល់ព្រឹកថ្ងៃទី១៩ ខែមេសា ម្ចាស់ម៉ូតូបានប្រទះឃើញ ម៉ូតូរបស់ខ្លួនត្រូវបានគេលក់ ទិញនៅចំណុចផ្សារថ្នល់បែក ក៏បានទៅប្តឹងសមត្ថកិច្ច ធ្វើការចាប់ខ្លួនជនសង្ស័យបានពីរ នាក់ក្នុងនោះឈ្មោះផានិត ហៅមី ជាអ្នកទទួលទិញ នឹងឈ្មោះចន្នី ជាអ្នកជាប់ពាក់ព័ន្ធ។ ចំណែកឈ្មោះ ម៉ាង ប៊ូរី ជាប់ពាក់ព័ន្ធក្នុងករណី ទទួលទិញផលចោរកម្មនោះដែរ ហើយជនសង្ស័យរូបនេះ សមត្ថកិច្ចបានតាមចាប់ខ្លួនដល់ខេត្តរតនៈគីរីតែម្តង។

មន្រ្តីនគរបាលបានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ សមត្ថកិច្ចនគរបាលស្រុកចម្ការលើ បានកសាងសំណុំរឿងរួចហើយ នឹងបានបញ្ជូនជនសង្ស័យមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២១ ខែមេសា ត្រៀមបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ចាមដើម្បី ចាត់ការទៅតាមនិតិវិធី។ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់វិញហើយ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]