ភ្នំពេញ ៖ យុវជនពីរនាក់ ម្នាក់រងរបួសបាក់ជើង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងម្នាក់ទៀត រងរបួសស្រាល ក្នុងខណៈដែលអ្នកទាំងពីរ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ក្នុងល្បឿនលឿន ជ្រុលបុកចំក្បាលរថយន្ត កាមរីឆ្លាម របស់នគរបាលខណ្ឌដង្កោ ដែលកំពុង បើកបរឆ្លងកាត់ផ្លូវ ដោយមិនបញ្ចេញភ្លើងស៊ីញ៉ូ ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុច មុខអធិការដ្ឋាននគរបាល ខណ្ឌដង្កោ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

សាក្សីនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលខណ្ឌដង្កោមួយរូប បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2D-9657 ចេញពីក្នុងអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុង ទិសដៅជើងទៅត្បូង បានចម្ងាយប្រហែលជាង ៥០ ម៉ែត្រ រថយន្តនេះ បានទាញចង្កូត បត់ខាងឆ្វេងដៃ បំណងត្រឡប់ថយក្រោយ ដោយរថយន្តនេះ មិនបានប្រាប់ពីសញ្ញាបត់ឆ្លងផ្លូវនោះទេ ទើបបណ្តាលឲ្យយុវ ជនពីរនាក់ កំពុងជិះម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1K-9630 ធ្វើដំណើរ ស្របទិសគ្នាជាមួយរថយន្ត បានរេចង្កូត និងជ្រុលល្បឿនក្បាលរថយន្តកាមរីឆ្លាម យ៉ាងពេញទំហឹងតែម្តង ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យយុវជនម្នាក់ ជាអ្នកជិះពីក្រោយ ត្រូវរងរបួសបាក់ជើងស្តាំ ម្ខាង និងយុវជនម្នាក់ទៀត ជាអ្នកឌុប ត្រូវរងរបួសស្រាល ហើយចំណែករថយន្ត និងម៉ូតូក៏ត្រូវរងការខូច ខាតផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំងពីរនាក់ ខាងលើនេះ ទី១ ឈ្មោះ អ៊ុំ រ៉ាវី ភេទប្រុស អាយុ ២៤ឆ្នាំ និងទី២ ឈ្មោះ អ៊ុំ រ៉ាវុធ អាយុ ២៩ឆ្នាំ រងរបួសបាក់ជើង ។ ហើយអ្នកទាំងពីរ មានមុខរបរជាជាង ផ្សារដែក ស្នាក់នៅភូមិកំពង់តាឡុង ឃុំបឹងខ្ចា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌដង្កោ បានចុះមកអន្តរាគន៍ធ្វើការវាស់វែង អូសយករថយន្តកាមរី ឆ្លាម រួមជាមួយនឹង ម៉ូតូជនរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំការដោះ ស្រាយទៅតាមនីតិវិធីច្បាប់ ។ ប៉ុន្តែពាក់ព័ន្ធ នឹងហេតុការណ៍នេះ ប្រជាពលរដ្ឋ និងអ្នកដំណើរមួយចំនួន បានរិះគន់ទៅលើនគរបាលខណ្ឌដង្កោមួយរូប ជាម្ចាស់រថយន្តថា មិនគួរណាខ្លួនជានគរបាល បើករថយន្ត មិនគោរពទៅតាមបទបញ្ជា ច្បាប់ចរាចរណ៍ ដែលបើករថយន្តមិនស៊ីញ៉ូ ដូច្នេះប្រជាពលរដ្ឋ បានសំណូមពរ ឲ្យនគរបាលដោះស្រាយតាមនីតិវិធីច្បាប់ ៕








ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]