ថៃ ត្រៀមបើកទទួលភ្ញៀវទេសចរឡើងវិញ ដោយមិនបាច់ធ្វើចត្តាឡីស័កឡើយ ប៉ុន្តែ​ត្រូវបំពេញតាមលក្ខខណ្ឌទាំងនេះ

//s9.kh1.co/c6/c656818ab7f9243c73a54192b75e3df16e8cbede.jpg
សង្គម

 ១២-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រទេសថៃគ្រោងនឹង​បើកទទួល​ភ្ញៀវទេសចរ​ដែល​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ មកពីប្រទេស​មានហានិភ័យទាប​ចំនួន១០ រួមបញ្ចូលទាំងចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ

បាងកក៖ ​នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងនៅ​ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា ប្រទេសថៃគ្រោងនឹង​បើកទទួល​ភ្ញៀវទេសចរ ​ដែល​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ មកពីប្រទេស​មានហានិភ័យទាប​ចំនួន១០ ក្នុងនោះរួមបញ្ចូលទាំងចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា តទៅ។ នេះបើតាមប្រភពព័ត៌មាន BBC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបន្តថា ប្រទេសថៃក៏នឹងអនុញ្ញាតឱ្យកន្លែងកម្សាន្តបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែធ្នូ ​ព្រមទាំងអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងផងដែរ។ ​​សំដៅ​ដល់​ភ្ញៀវទេសចរមកពីប្រទេសចំនួន១០ ដែលមានហានិភ័យទាបនាយករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា «នៅពេល​មកដល់ ពួកគេគួរតែបង្ហាញ​លទ្ធផលតេស្តកូវីដ១៩អវិជ្ជមាន…ហើយក្នុងពេលមកដល់នោះដែរ ពួកគេត្រូវធ្វើតេស្តម្តងទៀត។ ប្រសិនបើការធ្វើតេស្តលើកទី២នេះ ក៏អវិជ្ជមានដែរ ភ្ញៀវទេសចរមកពីប្រទេសទាំងនោះ អាចធ្វើដំណើរដោយសេរីដូចជនជាតិថៃ​»។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា

លោកបាន​ទទួលស្គាល់ថា ការសម្រេចចិត្តនេះនាំមកនូវហានិភ័យខ្លះ ប៉ុន្តែវា​ជាជំហានសំខាន់ ដើម្បីស្តារវិស័យទេសចរណ៍ ដែលដួលរលំ​ក្នុងប្រទេសឡើងវិញ។ យ៉ាងណាមិញ លោកបានព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានការកើនឡើងនៃការឆ្លង ឬការលេចចេញនូវការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩។

សូមជម្រាបថា ប្រទេសថៃបានកត់ត្រាការឆ្លង​កូវីដ១៩ប្រចាំថ្ងៃច្រើនជាង ១ម៉ឺនករណី ​ចាប់តាំងពីខែកក្កដា។ ​ហើយ​គិតមកដល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ១៩ សរុប ១,៧៣០,៣៦៤នាក់ ស្លាប់ ១៧,៨៣៥នាក់ និងជាសះស្បើយ ១,៦០៤,៣៥៥នាក់៕

វិស័យទេសចរណ៍បរទេសដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចថៃបានដួលរលំ ដោយសារជំងឺកូវីដ១៩
វិស័យទេសចរណ៍បរទេសដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចថៃបានដួលរលំ ដោយសារជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T