ការស្រាវជ្រាវបន្ថែមបានបង្ហាញថា ភពដែលមានភ្លៀងធ្លាក់ជាដែកមួយនេះ មានសីតុណ្ហភាពកាន់តែក្ដៅ ជាងការគិតពីមុនៗ

//s9.kh1.co/b3/b34b916644f38aa4d8def2bc99d6d0be4fc8adde.jpg
បច្ចេកវិទ្យា

 ១២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភពនេះមិនមានរង្វិលខ្ញាល់នោះទេ ដែលមានន័យថាផ្នែកម្ខាងរបស់វាតែងតែបែរមុខទៅរកផ្កាយរបស់វាជានិច្ច។

បរទេស៖ ឥឡូវនេះ ក្រុមអ្នកស្រាវជា្រវបានរកឃើញជាតិសូដ្យូមនិងអ៊ីយ៉ុងកម្មកាល់ស្យូម នៅក្នុងបរិយាកាសរបស់ភពនេះ នេះបើផ្អែកលើការអង្កេតពីតេឡេទស្សន៍ Gemini North Telescope ដែលមានទីតាំងនៅកំពូលភ្នំ Mauna Kea នៅកោះហាវ៉ៃ។ ការរកឃើញថ្មីនេះបានបង្ហាញថា ភពដែលមានឈ្មោះថា WASP-76b គឺក្ដៅជាងអ្វីដែលអ្នកវិទ្យាសាស្ត្រធ្លាប់គិតពីមុនទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយបានរកឃើញដំបូងនៅឆ្នាំ២០១៦ ភពក្ដៅបំផុតនេះដែលមានទំហំប៉ុនភពព្រហស្បតិ៍ បានគោចរជុំវិញផ្កាយមួយនៅក្នុងតារានិករ Pisces និងមានចម្ងាយ៦៤០ឆ្នាំពន្លឺពីផែនដី។ ដោយសារតែវាស្ថិតនៅកៀកផ្កាយរបស់វាពេក ភព WASP-76b អាចធ្វើដំណើរគោចរមួយជុំវិញ ត្រឹមតែរយៈពេល១.៨ថ្ងៃនៃផែនដីប៉ុណ្ណោះ ហើយស្រូបយកកាំរស្មីរាប់ពាន់ដងជាងផែនដីបានទទួលពីព្រះអាទិត្យ។

រូបតំណាងបង្ហាញពីទិដ្ឋភាពផ្នែកពេលយប់នៃភព WASP-76b ដែលមានភ្លៀងធ្លាក់ជាដែក
រូបតំណាងបង្ហាញពីទិដ្ឋភាពផ្នែកពេលយប់នៃភព WASP-76b ដែលមានភ្លៀងធ្លាក់ជាដែក

ភពនេះមិនមានរង្វិលខ្ញាល់នោះទេ ដែលមានន័យថាផ្នែកម្ខាងរបស់វាតែងតែបែរមុខទៅរកផ្កាយរបស់វាជានិច្ច។ ដំណើរបែបនេះគឺស្រដៀងគ្នានឹងព្រះចន្ទរបស់យើង ដែលបានវិលជុំវិញផែនដី។ ផ្នែកពេលថ្ងៃនៃភពនេះដែលបែរមុខទៅរកផ្កាយ មានសីតុណ្ហភាពលើសពី២,៤២៦អង្សាសេ។ សីតុណ្ហភាពនៅផ្នែកពេលថ្ងៃនេះគឺក្ដៅល្មម ដែលអាចបំលែងម៉ូលេគុលទៅជាអាតូម និងដែកទៅជាចំហាយ បង្កើតបានជាចំហាយដែក។ ខ្យល់បក់យ៉ាងលឿនបានបញ្ជូនវាទៅកាន់ផ្នែកពេលយប់នៃភពនេះ ដែលមានសីតុណ្ហភាពត្រជាក់ជាង គឺប្រហែល១,៣១៥អង្សាសេ។

ចំហាយជាតិដែកបានជ្រាបចូលទៅក្នុងពពក បង្កឲ្យមានភ្លៀងធ្លាក់ ដែលមានជាតិដែករាវ ហើយនេះបង្កើតបានជាជាតិដែក ដែលគេអាចសង្កេតឃើញមាននៅក្នុងបរិយាកាសរបស់វា។ ការយល់ដឹងអំពីធាតុគីមីនៃបរិយាកាសរបស់ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ នឹងជួយតារាវិទូយល់ដឹងអំពីអាកាសធាតុនិងបរិស្ថានរបស់វា៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T