ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង៣ រំលងអាធ្រាត្រថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវនរោត្តម កែងផ្លូវលេខ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ពីបទសង្ស័យថា បានធ្វើសកម្មភាព ប្លន់ទូរសព្ទ ជនបរទេស ។

សមត្ថកិច្ចមូលដ្ឋានបានឲដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ឡៃ ប៊ុនលី អាយុ៣១ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅម្ដុំវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនបរទេសរូបនេះ ដើរម្នាក់ឯង តាម បណ្តោយផ្លូវលេខ១៤៨ ពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ដើរមកពីក្រោយ ហើយធ្វើសកម្មភាពប្លន់ទូរស័ព្ទ ពីជនរងគ្រោះកំពុងនិយាយ ហើយពេលនោះជនរង គ្រោះដណ្តើមបានវិញ ហើយស្រែកចោរ ៗ ឲ្យជួយ ពេលនោះជនរងគ្រោះនិងមិត្តភក្ដិម្នាក់ទៀត ក៏បានជិះដេញតាមជនសង្ស័យ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថាថា ខណៈដែលឃើញជនរងគ្រោះដេញ តាមពីក្រោយយ៉ាងដូច្នោះ ជនសង្ស័យបានរត់ឡើងលើផ្ទះល្វែង ដល់ជាន់ទី៣ ហើយពេលនោះជនរងគ្រោះ ក៏ប្ដឹងសមត្ថកិច្ចឲ្យឡើងតាម ។ ហើយផ្លូវដែលជនសង្ស័យរត់ចូលនោះជាផ្លូវទាល់ទើបសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លូនបាត់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ  ដើម្បីកសាងសំណុំរឿង បញ្ជូនកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]