រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន ពីក្នុងមជ្ឈដ្ឋានសិល្បៈឱ្យដឹងថា តារាសម្តែងរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម និងជាពិធីការិនីជំនាន់ថ្មី នាងព្រះកាយច័ន្ទ ដែលមានឈ្មោះពិត រា៉ សូនីតា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយតារាប្រុសរលក ក្រោយលោក ឡុង ប៊ុនហេង នៅពេលពួកគេមានឱកាសសម្តែងរឿងជាមួយគ្នា ។ ដោយសារតែអ្នកទាំងពីរ មើលទៅស្និទ្ធស្នាលគ្នាខ្លាំង ទើបមានការនិយាយថា ពួកគេស្រឡាញ់គ្នា ពិសេសគ្រោងភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរយើងទៀតផង ។

ការបែកធ្លាយព័ត៌មាននេះបន្ទាប់ពីព្រះកាយច័ន្ទ និងលោកឡុង ប៊ុនហេង ថតរឿងភាគឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៩រឿង«ភ្លើងព្យាបាទ» ។ ក្នុងរឿងនោះព្រះកាយច័ន្ទសម្តែង ជាតួអង្គសំខាន់ ឯតារាសម្តែងរលកក្រោយលោកឡុង ប៊ុនហេង មានវត្តមាននៅក្នុងខ្សែរឿងនោះដែរ ។ ដោយសារតែនៅក្នុងសាច់រឿងពួកគេមានឱកាសថតឈុត ជាមួយគ្នាញឹកញាប់ ទើបបង្កើតបានជាការរាប់អានគ្នាទាំងពេលសម្តែង និងនៅពេលសម្រាកពីការងារ ហើយអ្នកបានឃើញពួកគេស្និទ្ធស្នាល ផ្ទាល់ភ្នែកកើតការសង្ស័យថាអាចនឹងឆ្លង ដល់ការស្រឡាញ់គ្នា លួចលាក់មិនខាន ។ ស្របពេលលោកបា៉ របស់ព្រះកាយច័ន្ទ ដែលពីមុនហាមផ្តាច់កូនស្រីមិនឱ្យ ប្រើទូរស័ព្ទ ហាក់មានការទន់ចិត្ត នឹងការចូលមកស្និទ្ធស្នាលរបស់តារាសម្តែង ឡុង ប៊ុនហេង ទើបគេកាន់តែសង្ស័យពីសម្ព័ន្ធភាពរបស់ពួកគេ ។ លោកឡុង ប៊ុនហេង ដែលមានប្រភពចេញ ពីខេត្តស្ទឹងត្រែង និងជាតួអង្គក្នុងរឿងរា៉វនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពីពេល ថ្មីៗនេះថា លោកពិតជាមានការភ្ញាក់ផ្អើលមែនទែនដែលការស្និទ្ធស្នាលគ្នារវាងលោក និងកញ្ញាព្រះកាយច័ន្ទបានក្លាយ ជារឿងត្រូវគេសង្ស័យថាស្រឡាញ់គ្នា ។ លើសពីនេះលោកកាន់តែភ្ញាក់ខ្លួនខ្លាំង ឡើងដ្បិតពួកលោករាប់អានគ្នា ធម្មតានៅពេលថត និងសម្រាកអង្គុយជិតគ្នា ត្រូវគេយកទៅចុះផ្សាយ តាមសារព័ត៌មានមួយចំនួនធ្វើឱ្យលោក និងព្រះកាយច័ន្ទ សួរនាំគ្នាពីរឿងនេះ ហើយយល់ថាថាពិតជាមិនធម្មតា មែនអ្នកសិល្បៈ ឱ្យតែមានអ្វីមិនប្រក្រតី ច្បាស់ជាមិនអាចរួចផុតពីដៃអ្នកកាសែតបានទេ ។

លោកឡុង ប៊ុនហេង ដែលអះអាងថា ភ្ញាក់ផ្អើលពីព័ត៌មានស្នេហាក្រៅឆាក នោះបានកោតសរសើរមិនដាច់ពីមាត់ថា ឆ្លងកាត់ការរាប់អានគ្នា នៅពេលថតរឿងកន្លងទៅ លោកសង្កេតឃើញថា ព្រះកាយច័ន្ទជាមនុស្សល្អ ម្យា៉ងនាងជានារីវ័យក្មេង តែតស៊ូជាមួយការងារ ទោះជាលំបាកបែបណាក៏ស៊ូទ្រាំ ។ អ្វីដែលពិសេសគឺចរិតនាង និងលោកឪពុកមិនតម្កើងឫកឡើយ ទៅណាមកណាជិះតែម៉ូតូ គឺឪពុកឌុបកូន មិនថាយប់មិនថាថ្ងៃទេ ។ ព្រះកាយច័ន្ទឡើងកូដក្នុងពិភពសិល្បៈ តែបើក្រឡេកមើលពីសភាពខាងក្រៅនៅមិនទាន់ល្អនៅឡើយ ពិសេសរឿង សម្ភារ ទំនើបៗ គឺមិនជ្រើមឡើយ សុខចិត្តរកលុយទិញរថយន្តខ្លួនឯងដោយមិនពឹងលើជំនួយអ្នក
ដទៃ ។ នៅពេលសួរថា តើភាពស្និទ្ធស្នាលគ្នា និងការស្វែងយល់ពីភាពតស៊ូរបស់ ព្រះកាយច័ន្ទដែលស៊ូជិះម៉ូតូត្រូវខ្យល់ត្រូវភ្លៀង ហើយតែងតែបដិសេធជំនួយឧបត្ថម្ភខុសក្បួនកន្លងទៅអាចល្មមឱ្យលោកមានចិត្តស្រឡាញ់នាងទេ ហើយគិតថាទៅថ្ងៃក្រោយ បើមានភ្លើងខៀវពីខាងស្រីលោកភ្ជាប់និស្ស័យ ជាមួយព្រះកាយច័ន្ទឬទេ?

លោក ឡុង ប៊ុនហេង ឆ្លើយថា លោកស្រឡាញ់រាប់អានព្រះកាយច័ន្ទ នាពេលនេះមែន តែទៅថ្ងៃក្រោយលោកមិនទាន់ ច្បាស់ប្រាកដក្នុងចិត្តនៅឡើយទេ ស៊ីសងលើពេលវេលា បញ្ជាក់ តែលោកគ្រាន់តែដឹងថា ព្រះកាយច័ន្ទ ជាមនុស្សស្រី ដែលតស៊ូអត់ធ្មត់ជាមួយការងារ បើអ្នកណាបាននាងធ្វើជាភរិយាពិតជាសំណាងណាស់ ។ តារាថ្មីម្នាក់នេះសង្កត់ធ្ងន់ថា «បើយើងទាំងពីរមាននិស្ស័យពិតជាមិនអាចចៀសគ្នាបានទេ» ៕





ដោយ ៖លក្ខិណា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ