ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងលុបចោល កម្មវិធីចែកពាក្យ និងទទួលពាក្យ សម្រាប់ប្រឡងធ្វើតេស្ត ទៅធ្វើការនៅ ប្រទេសកូរ៉េ ក្នុងវិទ្យាស្ថាន ពហុបច្ចេកទេសកម្ពុជា សម្រាប់ថ្ងៃទី១២ ខែសីហា ហើយថា នឹងចាប់ផ្តើមរៀបចំ ចែកពាក្យសារជាថ្មី នៅតាម បណ្តាខេត្តនានាវិញ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ បានបញ្ជាក់ថា ការលុបចោល កម្មវិធី ចែកពាក្យ និង ទទួលពាក្យ សម្រាប់ការប្រឡងធ្វើតេស្ត ទៅប្រទេសកូរ៉េ លើកទី១០នេះ គឺដោយសារតែ ការរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ការប្រឡង នៅមិនទាន់ ចប់រួចរាល់ ហើយក្រសួងចង់ប្តូរ ទៅចែកពាក្យ និងទទួលពាក្យ នៅតាមបណ្តាខេត្តវិញ ដើម្បីផ្តល់ ភាពងាយស្រួល ដល់ពលករ-ពលការិនីនានា ដោយយោងថា បេក្ខជន ដែលមកដាក់ពាក្យប្រឡង ភាគច្រើន គឺមកពីបណ្តាខេត្ត ។

ការចែកពាក្យ នៅតាមបណ្តាខេត្តចំនួន១៣ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៦ ខែសីហា ឆ្នាំ២០១៣ ម៉ោង៧ព្រឹក ដល់ម៉ោង៤ល្ងាច  នៅក្នុងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តនីមួយៗ ក្នុងនោះមាន ខេត្តស្វាយរៀង ព្រៃវែង ក្រចេះ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបូង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ និង ខេត្តកណ្តាល ផងដែរ ។


សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានពលករខ្មែរជិត ៣ម៉ឺននាក់ បាននិងកំពុងបំពេញការងារនៅ ប្រទេសកូរ៉េ ហើយតាមរយៈប្រាក់ខែ របស់ពួកគេ បានបញ្ជូនចូលមកកម្ពុជារាប់ពាន់ដុល្លារក្នុងមួយខែៗ។ យោងតាមសេចក្តីប្រកាស របស់ក្រសួង សម្រាប់ខែកញ្ញា ខាងមុខនេះ ក្រសួងត្រៀមបញ្ជូន ពលករ ជាង ៦.៦០០នាក់ បន្ថែមទៀត ទៅបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង លើវិស័យ ឧស្សាហកម្ម វិស័យកសិកម្ម និងសំណង់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]