ខេត្តប៉ៃលិន ៖ បុរសចំណាស់រើសអេតចាយម្នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនឃាត់ខ្លួន បន្ទាប់ពីបុរសចំណាស់រូបនេះយក លុយ៥០០រៀលឱ្យទៅកុមារីម្នាក់ អាយុ៦ឆ្នាំ រួចល្បួងយកទៅរំលោភ កាលពីវេលាម៉ោង១២ និង៥នាទី ថ្ងៃត្រង់ ថ្ងៃទី១១ សីហា ២០១៣ នៅក្នុងបន្ទប់ទឹកមួយ កន្លែងស្ថិតក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

បុរសនេះឈ្មោះអ៊ុក សារី អាយុ៦៤ឆ្នាំ ជាអ្នករើសអេតចាយ មានស្រុកកំណើត នៅភូមិអង្គរបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកកុមារីរងគ្រោះឈ្មោះ ព.ម.ល អាយុ៦ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្នក្នុង វត្តពោធិមារាម ហៅវត្តប៉ាហ៊ី។

ប្រភពព័ត៌មានស្ត្រីឈ្មោះព្រាប ផល្លី អាយុ៣០ឆ្នាំ ជាម្តាយកុមារីរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃបុរសចំណាស់រូបនេះ តែងតែដើររើសអេតចាយនៅក្បែរវត្ត ហើយក៏បានចូលទៅរើសនៅក្រោមសាលាឆាន់ ដែលនាងស្នាក់នៅដាំបាយឱ្យព្រះសង្ឃ ព្រមទាំងនិយាយគ្នា លេងដូចឪពុក និងកូនផងដែរ។ នាងបន្តថា លុះនៅថ្ងៃកើតហេតុ ខណៈនាងកំពុងជញ្ជូនចានចេញ ពីសាលាឆាន់បម្រុងយកទៅលាងជម្រះដូចសព្វដង ស្រាប់តែកូនប្រុសបងរបស់នាងបានរត់ទៅប្រាប់ថា មានតាចាស់រើសអេតចាយម្នាក់ បានឱ្យលុយ៥០០រៀលទៅប្អូនស្រី របស់ខ្លួនរួចនាំចូលក្នុងបន្ទប់ទឹក។

គ្រាន់តែឮកូនប្រាប់ភ្លាមនាងក៏ទុកចានចោល រួចដើររកកូនគ្រប់បន្ទប់ទឹកស្រាប់តែ ឃើញបុរសចំណាស់រូបនេះកំពុងនៅក្នុងបន្ទប់ទឹកមួយដែលអត់ប្រើ ជាមួយកូនស្រីរបស់នាង ហើយក៏បានហៅតាចាស់ចេញមកសួរនាំរួច រត់ទៅប្តឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ឱ្យឃាត់ខ្លួនសួរនាំតែម្តង។ ស្ត្រីជាម្តាយបានបញ្ជាក់ថា ពេលនេះនាងអត់ប្តឹងប្តល់អ្វីគាត់ទេ គ្រាន់តែឱ្យសមត្ថកិច្ចប៉ុស្តិ៍អប់រំគាត់ប៉ុណ្ណោះ៕

ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]