ភ្នំពេញ ៖ លោក ថា រិទ្ធ អាយុ២៩ឆ្នាំ រស់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរងរបួសត្រង់ផ្ទៃមុខ និងបាក់ជើងខាងឆ្វេង បន្ទាប់ពីរថយន្ត ហ៊ីយ៉ាន់ដាយមួយគ្រឿង បុកពេញមួយទំហឹងចំពីមុខ ខណៈដែលជនរងគ្រោះបានបើកម៉ូតូវ៉ារថយន្តមួយទៀត បានកាលពីវេលាម៉ោង ៩និង៤០ នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ក្រុម៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយជនរងគ្រោះ ថា រិទ្ធ បានបើកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ៧៣០៣ ភព១ ពីកើតទៅលិច ហើយពេលនោះជនរងគ្រោះ បានបើកវ៉ារថយន្តនៅពីមុខរបស់ខ្លួន ស្រាប់តែពេលនោះមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ ២,៥តោន ពាក់ស្លាកលេខ ខ ០២៤៧ ភព៣ បើកបរដោយ លោក ខូវ ធាត អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត បុកចំម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល ភ្លាមៗ។ ពេលនោះជនរងគ្រោះ ត្រូវបានគេពិនិត្យឃើញថា រងរបួសធ្ងន់ចំក្បាល និងបាក់ភ្លៅខាងឆ្វេង ត្រូវបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូ និងរថយន្តខាងលើ ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]