ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តដឹកដែក អេតចាយ បើកចាក់គួរនៅត្រង់ចំណុចផ្លូវកែង ហើយយកចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ២គ្រឿង ហើយរថយន្តក៏ក្រឡាប់ផ្ងារជើងច្រងាង នៅកណ្តាលផ្លូវលេខ ៣៧១ កែងផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ ។

តាមសេចក្តីរាយការណ៍  នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1303 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកែង ស្រាប់តែរថយន្តបានរេចង្កូតជ្រុល ទៅបុកម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ហើយបន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកសង់កូរ៉េ ពណ៌ក្រហម ដែលម៉ូតូទាំងពីរគ្រឿងនេះបានជិះក្នុងទិស ដៅត្បូងទៅលិច បណ្តាលឲ្យដួលប្រាវបោកខ្លួន ទៅនឹងថ្នល់ រងរបួសធ្ងន់អ្នកជិះម៉ូតូទាំងពីរនាក់ ចំណែករថយន្ត ក្រឡាប់ផ្ងារជើងច្រងាង។     

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរបានចុះអន្តរាគមន៍ ហៅរថយន្តសាមុយឲ្យមកដឹក បុរសគ្រោះទាំងពីរនាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងធ្វើការវាស់វែងដកហូតម៉ូតូទាំងពីរគ្រឿង ព្រមទាំង រថយន្តបង្ក និងអ្នកបើកបរ យកទៅកាន់ការិយាល័យនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់។

ចំពោះជនរងគ្រោះទាំង ២នាក់ សមត្ថកិច្ចនៅមិនទាន់អាច បញ្ជាក់អត្តសញ្ញាណនៅឡើយទេ ហើយអ្នកបើករថយន្ត បង្កត្រូវសមត្ថកិច្ច ឃាត់ខ្លួន។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសារ រថយន្តមួយ គ្រឿងម៉ាកដឹកដែកអេតចាយ លើសចំណុះ បានជ្រុលទៅបុកម៉ូតូពីរគ្រឿងបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារជើងច្រងាង ចំណែកម្ចាស់ម៉ូតូទាំងពីរត្រូវ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]