ភ្នំពេញ ៖ យុវជនម្នាក់កំពុងជិះម៉ូតូ ត្រូវបានរថយន្តមួយគ្រឿង បើកកៀរបណ្តាល ឲ្យដួលរងរបួស បែកក្បាល សន្លប់ឈឹង។ ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ទល់មុខបុរីអាកាសចរ ស្ថិតក្នុងភូមិ ប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-7685 បើកបរក្នុងទិសដៅពីលិចទៅកើត លើដងវិថីសហព័ន្ធរុស្សី លុះធ្វើ ដំណើរដល់ចំណុចកើតហេតុខាងលើ មានរថយន្តមួយគ្រឿង មិនចាំម៉ាក បើកយ៉ាងលឿន ពីលិចទៅកើត ជែងគេឯង ស្របទិសជាមួយម៉ូតូ ហើយជ្រុលចង្កូតទៅកៀម៉ូតូ ធ្វើឲ្យដួលរងរបួសតែម្តង ក្រោយកើតហេតុរថយន្ត បានបើករត់ គេចបាត់ ដោយសុវត្តិភាព។ ភ្លាមៗសមត្ថកិច្ច ល្បាតតាមដងផ្លូវ បានជួយអន្តរាគមន៍ ទូរស័ព្ទហៅរករថយន្តសង្រ្គោះ ឲ្យទៅសង្រ្គោះអាយុជីវិត។

តាមការពិនិត្យ និងស្រាវជ្រាវឃើញថា ជនរងគ្រោះមានឈ្មោះ ស៊ុន គឹមហេង ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ វាលប៊ែស នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ មានទីលំនៅភូមិបាង ឃុំដើមឬស ស្រុកកណ្តាស្ទឹង ខេត្តកណ្តាល។ តាមការបំភ្លឺពីអាណាព្យាបាល ជនរងគ្រោះបានឲ្យដឹងថា យុវជនរងគ្រោះរូបនេះ គាត់ចេញពី ធ្វើការងាររោងចក្រ មិនទាន់វិលត្រឡប់ទៅលំនៅស្ថានទេ គាត់ជិះម៉ូតូក្នុងគោលបំណង ទៅលេងមិត្តភក្តិ ដែលមាន ផ្ទះនៅម្តុំទឹកថ្លា ខណ្ឌសែនសុខឯនោះ លុះដល់អំឡុងពេលកើតហេតុ ក៏ស្រាប់តែទទួលដំណឹងថា យុវជនខាងលើ ជួបគ្រោះថ្នាក់ចរាចរណ៏តែម្តង។

ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង រីឯម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ឲ្យក្រុមគ្រួសារវិញ នាពេលក្រោយ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]