ភ្នំពេញ ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលនៃគណៈអភិបាល ខណ្ឌ ដង្កោ និងលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី ជំនាញចុះទៅពិនិត្យមើលកន្លែងបាក់ដីច្រាំង នៅផ្លូវបេតុងបឹងតាម៉ាត ស្ថិតនៅក្នុងភូមិម័ល សង្កាត់-ខណ្ឌ ដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ។

កន្លែងបាក់ដីច្រាំង ផ្លូវបេតុងបឹងតាម៉ាត ត្រង់ចំណុចផ្លូវកោងនៃបឹង គេបានសង្កេតឃើញដីច្រាំងបឹង តាម៉ាត បានបាក់ច្រោះដោយសារទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ហើយដីច្រាំងបានបាក់ម្តងបន្តិចៗ ធ្លាក់ចូលទៅក្នុងទឹក បឹង ដែលគេអះអាងថា បឹងនេះមានជម្រៅពី៣០-៤០ម៉ែត្រឯណោះ កាលពីអំឡុងមានឈ្មួញដីលក់ ហើយ បានប្រែក្លាយបឹងដ៏ធំគួរសមដែរ ហើយបច្ចុប្បន្ននេះគេក៏បានសង្កេតឃើញ មនុស្សម្នាជាច្រើន បាននាំគ្នា ទៅឈរស្ទួចត្រីនៅទីនោះដោយគេស្ទួចបានត្រីតូចធំជាហូរហែរ ។ ក៏ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ច្រាំងមាត់បឹងបានសម្តែងក្តីបារម្ភជាខ្លាំង ខណៈដែលពួកគាត់បានឃើញដីមាត់បឹងបាក់ធ្លាក់ចូលទឹក ដោយ សារទឹកច្រោះ អាចបណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋាន ជាពិសេសផ្លូវបេតុងដែលទើបនឹងស្ថាបនារួចថ្មីៗ នេះ ក៏កំពុងរងនូវការប៉ះពាល់ផងដែរ ។

ដោយមានករណីប៉ះពាល់ ដល់ផលប្រយោជន៍សាធារណៈក៏ជា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រស់នៅជុំវិញ បឹងតាម៉ាត និងអាចបណ្តាលឲ្យបាក់ផ្លូវបេតុងផងដែរនោះ លោកនុត ពុធ ដារ៉ា អភិបាលខណ្ឌង្កោ និង លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការក្រុង បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យដល់ទីតាំងខាងលើ នេះ ប្រយោជន៍រិះរកវិធានការទប់ស្កាត់ ការពារការបាក់ដីច្រាំងបឹងតាម៉ាតនេះ ។

នាយកមន្ទីរសាធារណការក្រុង លោក សាំ ពិសិដ្ឋ បានដឹងថា លោកកំពុងសិក្សាលំអិតសិនថា តើនឹងធ្វើ ដូចម្តេច ដើម្បីឲ្យជាប់ ហើយនឹងរាយការណ៍ទៅសាលារាជធានីភ្នំពេញ ហើយតាមពិតជម្រៅ ១២ម៉ែត្រ យើងជីកបុកជីបផាយវាដាក់បាវខ្សាច់ការពារបាក់ដី តែទោះបីជាយ៉ាងណា ក៏ត្រូវតែធ្វើឲ្យវាជាប់តែម្តងយើង មិនអាចធ្វើលេងៗបានទេ បើយើងមិនគិតទេវាអាចបាក់ដល់ផ្លូវបេតុងនេះ។ ក្នុងនោះលោកសាំ ពិសិដ្ឋ ក៏បានណែនាំដល់មន្ត្រីជំនាញរបស់លោក ជួយពិនិត្យមើលផ្លូវកែងនេះដែលវាមានករណីគ្រោះថ្នាក់ ដោយ លោកបានបង្គាប់ឲ្យមន្ត្រីជំនាញ លើកគម្រោងដាក់ស្លាកសញ្ញាចរាចរណ៍សម្គាល់ត្រង់ផ្លូវកែង និង សរសេរ ល្បឿនកំណត់ផងដែរ ដើម្បីឲ្យពលរដ្ឋគាត់យល់ដឹង។

ដោយឡែកលោក នុត ពុធដារ៉ា ក៏បានសុំដល់ខាងជំនាញ ធ្វើយ៉ាងណាឲ្យបានឆាប់ ពីព្រោះមិនទុកយូរបាន ទេ វាជាតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរលោកអភិបាល ក៏បានដាក់បំរាមមិនអនុញ្ញាត ឲ្យរថយន្តធុនធំបើកឆ្លងកាត់សិនតាមផ្លូវបេតុងនេះ បើមានរថយន្តធំៗបើកឆ្លងកាត់ វាអាចធ្វើឲ្យបាក់ដី និង ផ្លូវបេតុងនេះចូលទឹក ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]