ហេតុផលនេះហើយ ទើបម៉ាក់ៗមួយចំនួនជ្រើសរើសទឹកដោះពពែឲ្យកូនបៅ!

//s9.kh1.co/08/08f0b2a52e2d89963d31bf3535e7bfcc703f11f0.jpg
យល់ដឹង

 ២២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការ​បំបៅ​ដោះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​អត្ថ​ប្រយោជន៍​សុខភាព​ឲ្យ​កូន ហើយ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ម៉ាក់ៗ

ការ​បំបៅ​ដោះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​អត្ថ​ប្រយោជន៍​សុខភាព​ឲ្យ​កូន ហើយ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ម៉ាក់ៗ បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៦​ខែ​ក្រោយ​សម្រាល និងកាន់​តែ​ល្អ​បើ​អាច​បំបៅ​ដោះ​កូន​ដល់​អាយុ​ពីរ​ឆ្នាំ​។ យ៉ាងណា​ ម៉ាក់​ៗ​មួយ​ចំនួន​មិន​អាច​បំបៅ​ដោះ​កូន​បាន​យូរ​ដល់​ពីរ​ឆ្នាំ​នោះ​ទេ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ក៏​អាច​ជ្រើស​រើស​​យក​ម្សៅ​ទឹក​ដោះ​សត្វ​ឲ្យ​កូន​បៅ​បន្ត​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគ​ច្រើន បើ​យើង​គិត​ដល់​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​សត្វ មាន​តែ​ម្សៅ​ទឹក​ដោះ​គោ​ទេ ដែល​យើង​នឹក​ឃើញ​មុន​គេ តែ​ឥឡូវ​នេះ ម្សៅ​ទឹក​ដោះ​ពពែ ក៏​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឲ្យ​អា​អូន​បៅ​ដែរ ពិសេស​នោះ​គឺ​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្សី​ទឹក​ដោះ​គោ។ អត្ថប្រយោជន៍​ជា​ច្រើន​របស់​ម្សៅ​ទឹក​ដោះ​ពពែ​ខាង​ក្រោម​នេះ អាច​ជា​ហេតុ​ផល​ម៉ាក់​ប៉ា​គួរ​ជ្រើស​យក​ឲ្យ​កូន​បៅ​បន្ត ក្រោយ​ម៉ាក់ៗ​បាន​បំបៅដោះ​កូន​តាម​ការណែ​នាំ​របស់​ក្រ​សួង​៖

១. ងាយ​ស្រួល​រំលាយ

ជា​ទូទៅ ទឹក​ដោះ​ពពែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​រំលាយ​ជាង​ទឹក​ដោះ​គោ ព្រោះ​ថា​​មាន​ជាតិឡាក់តូស (Lactose) តិច​ជាង​ទឹក​ដោះ​គោ​។ ទឹក​ដោះ​ពពែ​ផ្ទុក​នូវ​សារធាតុ Prebiotics ស្រដៀង​នឹង​ទឹកដោះ​ម្ដាយ ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​កូន ហើយ​ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន ងាយ​ស្រួល​រំលាយ និង​រំលាយ​បាន​រហ័ស​ជាង​ទឹក​ដោះ​គោ។

២. សម្រួល​បញ្ហា​អាលែកហ្ស៊ី

អត្ថប្រយោជន៍​មួយ​ទៀត​នៃ​ម្សៅ​ទឹក​ដោះ​ពពែ មិន​សូវ​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ ព្រោះ​ដូច​ដែរ​បាន​រៀប​រាប់​តាំង​ពី​ចំណុច​ខាង​លើ ទឹក​ដោះ​ពពែ មាន​ផ្ទុក​ជាតិ​ឡាក់​តូសទាប ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា រវាង ៤០-១០០% នៃ​មនុស្ស​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ មិន​ជួប​បញ្ហា​នេះ​ទេ ពេល​ផឹក​ទឹក​ដោះ​ពពែ។

៣. សម្បូរ​ជាតិ​ខ្លាញ់​ល្អ

នៅ​ក្នុង​ទឹក​ដោះ​ពពែ មាន​ផ្ទុក​ខ្សែ​ច្រវាក់​អាស៊ីដ​ខ្លាញ់​ច្រើន​ជាង​ទឹក​ដោះ​គោ។ អាស៊ីដ​ខ្លាញ់ polyunsaturated ទាំង​នេះ មិន​ត្រឹម​តែ​ល្អ​សម្រាប់​​​ប្រព័ន្ធ​រំលាយ​អាហារទេ​ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​ចាត់​ទុក​ជា​ខ្លាញ់​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រភេទ​ខ្លាញ់​ល្អ​ទាំង​នេះ ចាំ​បាច់​សម្រាប់​​ការ​លូតលាស់ និង​អភិវឌ្ឍន៍​របស់​កូន​យើង។

៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ទឹក​ដោះ​ពពែ ពោរពេញ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មាន​ទាំង​វីតាមីន ​ពិសេស​មាន​ជាតិ​រ៉ែ​ខ្ពស់ ពោល​គឺ​ខ្ពស់​​ជាង​ទឹក​ដោះ​គោ​។ សារធាតុចិញ្ចឹម​ទាំង​នេះ ​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​កូនៗ ការពារ​សុខភាព​កូន ចៀសវាង​ជំងឺ​ផ្សេងៗ​។

ដើម្បី​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ដឹង លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​នៃ​មន្ទីរ​សម្រាក​ព្យាបាល Maxi Care បាន​បក​ស្រាយ​ថា ក្មេង​មាន​បញ្ហា​អាលែកហ្សី​ជាមួយ​ទឹក​ដោះ​គោ​ដែល​កំពុង​ញ៉ាំ​នោះ​នឹង​បង្ហាញ​សញ្ញា​ដូច​ជា៖

  • ឡើង​កន្ទួល​ក្រហម នៅ​លើ​មុខ ថ្ពាល់
  • មួរ​ម៉ៅ​ច្រើន
  • យំ​ច្រើន
  • ហើម​ពោះ
  • ឆ្អល់ ឬ​ឈឺ​ពោះ
  • ចង្អោរ
  • រាករូស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T