រាជធានីភ្នំពេញ ៖ តារាសម្តែង កែវ ស្រីនាង បាត់មុខពីកែវភ្នែកមហាជន ងាកទៅរស់នៅខេត្តសៀមរាប ជាមួយស្វាមីជាជនជាតិបរទេស អស់រយៈកាលជាយូរមកហើយ ។ ពេលនេះមានតម្រុយថា កែវ ស្រីនាង មានមុខរបរថ្មី ជាហេតុចងជើងឱ្យនាងរកចន្លោះ ចូលពិភពសិល្បៈមិនបាន នោះគឺការទិញបន្លែគ្មានជាតិគីមី លក់នៅតាមសណ្ឋាគារ និងមុខរបរមួយទៀតទើបតែបង្កើត គឺហាងរក្សាសម្រស់មួយដាក់ឈ្មោះ «ស្រីនាងសាឡន» ។ មូលហេតុនេះហើយ ទើប កែវ ស្រីនាង និយាយថា បើនាងសម្តែងទាល់តែត្រូវរ៉ូវតម្លៃគ្នាសិន ព្រោះពេលនេះនាងចង់ ពង្រឹងមុខជំនួញឱ្យល្អទៅមុខទៀត ។

នាង កែវ ស្រីនាង តាំងពីរៀបការជាមួយជនជាតិអង់គ្លេសមក បានសម្រេចចិត្តចេញទៅរស់នៅខេត្តសៀមរាប ដោយសាងសង់ផ្ទះមួយក្នុងបរិវេណដីឡូត៍ធំមួយ ។ ផ្ទះនោះរចនាម៉ូដបែបលក្ខណៈខ្មែរ ដូចផ្ទះសេដ្ឋីសម័យមុន ឯក្នុងបរិវេណមានសួនផ្កាស្រស់ស្អាត និងមានយករទេះគោតាំងលម្អ មើលទៅសក្តិសមជាអ្នកសិល្បៈឱ្យតម្លៃសិល្បៈជាតិខ្មែរមែន ។ លើសពីនេះទៀត កែវ ស្រីនាង អនុញ្ញាតឱ្យផលិតករមួយចំនួនយកផ្ទះនោះថតជាខ្សែរឿងបែបបុរាណចាក់ ផ្សាយតាមកញ្ចក់ទូរទស្សន៍ទៀតផង។

កែវ ស្រីនាង តាំងពីបង្ហាញមុខក្នុងខ្សែភាពយន្តរឿង «ធ្លាប់ស្រឡាញ់ខ្ញុំទេ» ជាមួយលោក ព្រាប សុវត្ថិ មកបានបាត់មុខពីពិភពសិល្បៈ ព្រោះតែមមាញឹកនឹងរបររកស៊ីនៅឯខេត្តសៀមរាប ។ នាងមិនសូវបានចូលរួមកម្មវិធីប្រគំតន្ត្រីរបស់ទូរទស្សន៍ឡើយ សូម្បីតែពិធីជួបជុំសិល្បករនៅក្រៅឆាក ក៏មិនសូវបានចូលរួមដែរ ។ មូលហេតុនេះមកពី កែវ ស្រីនាង ចង់ពង្រឹងមុខរបរដែលជាគោលដៅសំខាន់សិន ទើបងាកទៅសិល្បៈវិញ ។ កាលណាអាជីពរកស៊ីដើរទៅមុខល្អ ទើបនាងស្រវាសិល្បៈ ។

សព្វ ថ្ងៃនេះ កែវ ស្រីនាង និងស្វាមី បានបោះទុនទទួលទិញបន្លែបែបធម្មជាតិគ្មានជាតិគីមី ដោយបញ្ជាឱ្យកសិករនៅទីនោះដាំបន្លែបៃតងយកគុណភាពជាលក្ខណៈធម្ម ជាតិជាគោល ហើយនាងទទួលទិញយកបោះឱ្យម៉ូយនៅតាមសណ្ឋាគារ ធំៗមួយចំនួនក្នុងតំបន់ទេសចរណ៍ល្បីឈ្មោះនៃខេត្តសៀមរាប ។ ក្រៅពីរបរទទួលទិញបន្លែធម្មជាតិ កែវ ស្រីនាង ទើបតែបង្កើតហាងរក្សាសម្រស់ថ្មីមួយទៀតនៅកណ្តាលក្រុង ដោយនៅខាងមុខហាងដាក់រូបនាងយ៉ាងធំ មើលទៅស្រស់ស្អាតនៅតែក្មេងសមជាថៅកែហាងសម្រស់ដោយនាងដាក់ឈ្មោះ ថា «ស្រីនាងសាឡន» ។

កែវ ស្រីនាង ដែលទើបតែដាក់ទុនរកស៊ីរបរថ្មីមួយទៀតនេះ យកចិត្តទុកដាក់មើលការខុសត្រូវ និងរកចំណុចណាទាក់ទាញបានអតិថិជនច្រើន ដើម្បីឈរលើទីផ្សារ ជាហេតុសម្រេចចិត្តផ្អាកអាជីពសិល្បៈមួយរយៈខ្លី ។

កែវ ស្រីនាង ប្រាប់ថា មុខរបររកស៊ីទាំង២នេះមិនរំខានអារម្មណ៍ធ្វើឱ្យចង់លាឈប់ពី សិល្បៈឡើយ ព្រោះតែនាងនៅតែស្រឡាញ់ គ្រាន់តែសុំពេលនៅជាមួយការងារខាងក្រៅនេះឱ្យល្អសិន ចាំទទួលយកអាជីពចាស់ដូចមុន ។ ចំពោះការសម្តែងទាល់តែនាងពិនិត្យមើលសាច់រឿង និងចរចាគ្នាសិន ទើបអាចសម្រេចបាន ។ បើរឿងខ្លះមិនសូវសំខាន់ ក៏នាងមិនសូវចាប់អារម្មណ៍ដែរ តែបើសាច់រឿងណាមើលទៅល្អ និងបង្កប់ការអប់រំដល់សង្គម នាងអាចលៃលករកពេលថតបាន ព្រោះកន្លងមកនាងបង្ហាញមុខតែក្នុងខ្សែរឿងណាមានភាពទាក់ទាញ ប៉ុណ្ណោះ។កែវ ស្រីនាង និយាយថា នាងនឹងវិលទៅពិភពសិល្បៈវិញនៅពេលណាមួយរបរនៅសៀមរាបធូរស្បើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង