ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ព្រោះតែតូចចិត្តនឹងស្រីកំពូលស្នេហ៍ដែលទើបនឹងស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផងសុំលាទៅស៊ីឈ្នួលគេនៅប្រទេសថៃវិញ ហើយហាមនាងមិនបានដូចបំណងក៏យកខ្សែនីឡុងចង.កសម្លាប់ខ្លួននៅលើដើមស្វាយខាងកើតផ្ទះ ចម្ងាយ១៥០ម៉ែត្រ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ មេសា ក្នុងភូមិបង់បត់កើត ឃុំបត់ត្រង់ ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីឱ្យដឹងថា យុវជននោះឈ្មោះចន ចន្ថា ហៅព្រឹម អាយុ២២ឆ្នាំ ។ បើតាមការឱ្យដឹងពីក្រុមសាច់ញាតិថា យុវជននោះមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងឈ្មោះហុក សុភាព ហៅស្រីម៉ៅ អាយុ១៨ឆ្នាំ រស់នៅភូមិបត់ត្រង់ធំ ឃុំបត់ត្រង់ជាមួយគ្នា។
បើតាមឪពុកម្តាយខាងស្រីបំភ្លឺប្រាប់សមត្ថកិច្ចថា នៅក្នុងឱកាសបុណ្យចូលឆ្នាំកន្លងមកនេះ យុវជនចន ចន្ថា បានសុំពួកគាត់នាំកូនស្រីទៅដើរលេងនៅវត្តក្នុងភូមិ ។ ពួកគេទើបតែចាប់ផ្តើមស្រឡាញ់គ្នាទេ ។
ប្រភពដដែលបន្តថា ពេលបណ្តើរគ្នាសប្បាយរីករាយថ្ងៃបុណ្យកូនស្រីគាត់បានប្រាប់ទៅយុវជនជាសង្សារថ្មីថ្មោងថា នាងជិតទៅថៃវិញហើយ ។ យុវជនជាសង្សារពេលឮដូច្នេះក៏ពិបាកចិត្ត និងអង្វរកុំឱ្យនាងទៅ ដោយលើហេតុផលថា ខ្លួនជាស្រីខ្លាចលំបាក តែនាងមិនព្រម ដោយនាងនិយាយថាមិនទៅមិនបានទេ។ ដោយមិនអាចឃាត់នាងបានចន ចន្ថា ក៏បណ្តោយតាមចិត្តនាង ហើយថែមទាំងសន្យាធានាជូនដំណើរនាងទៀតផង ។
បើតាមឪពុកម្តាយខាងប្រុស និយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៨ មេសា កូនប្រុសរបស់គាត់ចូលដេកធម្មតា ។ លុះម៉ោង៦និង៣០នាទីព្រឹកបាត់មិនឃើញរូបគេក៏នាំគ្នាដើររកព្រោះខ្លាចលួចទៅថៃតាមស្រីស្នេហ៍របស់គេ តែរកមិនឃើញសោះ ។ នៅពេលឪពុកក្រឡេកទៅស្នួហាលខោអាវបាត់មិនឃើញខ្សែនីឡុងក៏មានការសង្ស័យថា កូនចង.កសម្លាប់ខ្លួនក៏ចែកផ្លូវគ្នាដើររក ។ មិនយូរប៉ុន្មានប្អូនប្រុសប្រទះឃើញសពនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ មេសា នៅចម្ងាយពីផ្ទះ១៥០ម៉ែត្រ ក៏ស្រែកឆោឡោឡើង ហើយរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បត់ត្រង់ និងអាជ្ញាធរមូលដ្ឋានឱ្យទៅពិនិត្យ ។
លោកអធិការបន្តឱ្យដឹងថា លោកបានឱ្យមន្ត្រីជំនាញទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុសាកសព រួចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]