បណ្តាខេត្តក្រុងទាំង​នេះនៅកម្ពុជា​​​ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ​សូមបង្កើនការប្រុងប្រយ័ត្ន

//s9.kh1.co/ff/ff2e18ca8681b3e8f3f5e98b22c3570ce4e4ac3b.jpg
សង្គម

 ០៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រសួងធនធានទឹកបញ្ជាក់ថា នៅក្នុងសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល៖

- ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង

- ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង

- ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ

- ខ្យល់សមុទ្រ ( Sea Breeze )

- វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង  ខេត្តពោធិ៍សាត់  ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង  ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។

ដោយឡែក នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ​តំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ ក្រសួង​ណែនាំ​ដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

https://s9.kh1.co/__image/w=650,h=1402,q=100/f4/f4ed7eebc788d9e0dee567d4449ddcbfba7bba87.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T