សញ្ញា​ទាំង​៧​ បញ្ជាក់​ថា​រាងកាយ​កំពុង​តែ​ខ្វះ​ជាតិ​​ម៉ាញេស្យូម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/c1/c1e16aca6349377efe2bbe61e352c10dfde211b6.jpg
យល់ដឹង

 ០៣-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាងកាយ​ ពិសេស​បេះដូង សាច់ដុំ និង​តម្រង​នោម​ត្រូវការ​​រ៉ែ​ម៉ាញេស្យូម​។ ពិត​ណាស់ ​ម៉ាញេស្យូម​​ជា​សារធាតុ​រ៉ែ​ទូទៅ​ទី​៤​

គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាងកាយ​ ពិសេស​បេះដូង សាច់ដុំ និង​តម្រង​នោម​ត្រូវការ​​រ៉ែ​ម៉ាញេស្យូម​។ ពិត​ណាស់ ​ម៉ាញេស្យូម​​ជា​សារធាតុ​រ៉ែ​ទូទៅ​ទី​៤​ ក្នុង​រាងកាយ​ បន្ទាប់​ពី​កាល់ស្យូម​ ប៉ូតាស្យូម​ និង​សូដ្យូម ប៉ុន្តែ​វា​រួម​ចំណែក​ដល់​ដំណើរការ​ជា​ច្រើន​ រួម​មាន​​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ម៉ាញ៉េស្យូម​ក៏​ជួយ​រាងកាយ​​ឲ្យ​ប្រើប្រាស់​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូចជា​វីតាមីន​D។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ខ្វះ​​ជាតិ​ម៉ាញេស្យូម​ ​​យើង​អាច​ប្រឈម​នឹង​ការវិវត្តន៍​ទៅ​ជា​ផលវិបាក​សុខភាព​ជា​ច្រើន​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រមួល​សាច់ដុំ និង​កន្ត្រាក់​សាច់ដុំ

ម៉ាញេស្យូម​ ជា​អេឡិចត្រូលីត​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សាច់ដុំ​។ វា​ជួយ​គ្រប់គ្រង​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ដោយ​ដឹកនាំ​​ប៉ូតាស្យូម​ និង​កាល់ស្យូម​ឆ្លង​កាត់​កោសិកា​។ ប្រសិនបើ​រាងកាយ​​ខ្វះ​ជាតិ​​ម៉ាញេស្យូម​ វា​អាច​​បង្ក​ទៅ​ជា​អាការៈ​​រមួល​​ក្រពើ និង​កន្ត្រាក់​សាច់ដុំ។

២. អស់​កម្លាំង​

​​អាការៈ​អស់​កម្លាំង​អាច​បណ្ដាល​មក​ពី​​មូលហេតុ​​ជាច្រើន​ ប៉ុន្តែ​របប​អាហារ​​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​។ កម្រិត​ថាមពល​ទាប​ អស់​កម្លាំង និង​ខ្សោយ​ ជា​រោគ​សញ្ញា​ទូទៅ​នៃ​កង្វះ​ម៉ាញេស្យូម។ ជាក់​ស្ដែង សារធាតុ​រ៉ែ​នេះ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​សម្រាប់​ដំណើរការ​សាច់ដុំ​បាន​​ត្រឹមត្រូវ​ ​​ហើយ​វា​ក៏​ជួយ​រាងកាយ​ក្នុង​ការ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល​ផង​ដែរ​។

៣. គេង​មិន​លក់

ប្រសិនបើ​យើង​គេង​មិន​លក់​នៅ​ពេល​យប់​ យើង​អាច​នឹង​មាន​កម្រិត​ម៉ាញេស្យូម​ទាប ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​បំប៉ន​ជាតិ​ម៉ាញេស្យូម​អាច​ជួយ​ឲ្យ​យើង​គេង​បាន​យូរ​ និង​ស្កប់ស្កល់​។

៤. ស្រ្តេស​ និង​ថប់បារម្ភ​

ជាមួយ​គ្នា​នេះ​ដែរ កម្រិត​ម៉ាញេស្យូម​ទាប​ក៏​អាច​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​ច្រើន​ និង​កើត​មាន​អាការៈ​ស្រ្តេស​ ព្រម​ទាំង​ថប់បារម្ភ​។ អំឡុង​ពេល​ស្រ្តេស រាងកាយ​របស់​យើង​កាន់​តែ​​ត្រូវការ​ជាតិ​ម៉ាញេស្យូម​ច្រើន​​ជាង​ធម្មតា។

៥. ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​

ម៉ាញេស្យូម​​អាច​ដើរ​តួនាទី​ក្នុង​ការ​​បញ្ជូន​​រំញោច​សរសៃ​ប្រសាទ ដែល​ជួយ​គ្រប់គ្រង ឬ​រារាំង​ការ​ឈឺចាប់​។ ក្នុង​ករណី​ដែល​យើង​ខ្វះ​ជាតិ​ម៉ាញេស្យូម​ វា​អាច​​​ប៉ះពាល់​ដល់​ការ​បញ្ចេញ​​​សារធាតុ​គីមី​ដែល​បញ្ជូន​រំញោច​សរសៃ​ប្រសាទ​​ក្នុង​រាងកាយ​ និង​​ច្របាច់​កោសិកា​ឈាម​ ជា​កត្តា​ដែល​​ជំរុញ​ឲ្យ​យើង​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។

៦. ជំងឺ​ពុក​ឆ្អឹង​

ក្នុង​រយៈពេល​យូរ​ៗ​ទៅ កម្រិត​ជាតិ​ម៉ាញេស្យូម​ទាប​អាច​ធ្វើ​ឲ្យ​​ឆ្អឹង​ចុះ​ខ្សោយ​ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង និង​បាក់​ឆ្អឹង​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​​រាងកាយ​យើង​មាន​ជាតិ​ម៉ាញេស្យូម​គ្រប់គ្រាន់​ ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​នឹង​មាន​កម្រិត​ខ្ពស់ ហើយ​វា​ក៏​​អាច​បង្ការ​​​បញ្ហា​កាល់ស្យូម​ក្នុង​ឈាម​ចុះ​ទាប(hypocalcemia) ថែម​ទៀត​ផង​។

៧. បញ្ហា​បេះដូង​

ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​​ខ្វះ​ជាតិ​ម៉ាញេស្យូម រាងកាយ​យើង​មិន​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​បាន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ម៉ាញេស្យូម​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​អាំងស៊ុយលីន​ និង​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

គន្លឹះ​គ្រប់គ្រង​ជាតិ​ម៉ាញេស្យូម​ក្នុង​រាងកាយ​

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញ​ជាតិ​ម៉ាញេស្យូម​ដែល​ខ្វះ​ខាត​​ គឺ​ការ​ញ៉ាំ​អាហារ​បំប៉ន​ និង​បង្កើន​ការ​ញ៉ាំ​​អាហារ​ដែល​​មាន​ជាតិ​ម៉ាញេស្យូម​ ដូចជា​បន្លែ​ស្លឹក​បៃតង​ (ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ ស្ពៃ​ក្តោប​) ផ្លែ​បឺរ ទឹក​ដោះ​គោ​ជូរ គ្រាប់​ធញ្ញជាតិ​ ជា​ពិសេស​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយ​ចន្ទី និង​សណ្ដែក​ដី​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T