តិចនិក​ទាំង​៧ ថែទាំ​​ភ្នែក​ងាយ​ប្រតិកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/f1/f10d85493f9c352f26a46f3e5725458672265d0d.jpg
យល់ដឹង

 ០១-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការ​ថែទាំ​សុខភាព​ភ្នែក​ជា​រឿង​ចាំបាច់​មួយ​ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ពិត​ណាស់​ បញ្ហា​ភ្នែក​ផ្សេង​ៗ​ដូចជា​ភ្នែក​ក្រហម​ រមាស់​ និង​ឈឺ​ចាប់​

ការ​ថែទាំ​សុខភាព​ភ្នែក​ជា​រឿង​ចាំបាច់​មួយ​ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ពិត​ណាស់​ បញ្ហា​ភ្នែក​ផ្សេង​ៗ​ដូចជា​ភ្នែក​ក្រហម​ រមាស់​ និង​ឈឺ​ចាប់​ រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ករណី​ដែល​​យើងមាន​ភ្នែក​ងាយ​ប្រតិកម្ម​ ក៏​ដូចជា​ប្រឈម​នឹង​បញ្ហា​ភ្នែក​ជា​ញឹកញាប់​ ​យើង​គប្បី​ចាត់​វិធានការ​ថែទាំ​ជា​ពិសេស ដើម្បី​ជៀសវាង​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រក្សា​អនាម័យ​

ការ​រក្សា​អនាម័យ​ភ្នែក​ ជា​រឿង​ដែល​​មិន​អាច​ខ្វះ​បាន។ គ្នា​យើង​គប្បី​​ជៀសវាង​ប៉ះពាល់​ភ្នែក​ដោយ​ដៃ​កខ្វក់​ បោក​សម្អាត​កន្សែង​ដែល​ជូត​បរិវេណ​ភ្នែក​ជា​ប្រចាំ និង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​កន្សែង​ប៉ះ​ត្រូវ​ភ្នែក​ឲ្យ​សោះ​។

​២. លាង​សម្អាត​មុខ​ និង​សម្ភារៈ​​ផាត់​មុខ​ជា​ទៀងទាត់

មួយ​វិញ​ទៀត យើង​​ត្រូវ​លាង​ជម្រះ​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត​មុន​នឹង​ចូល​គេង ក៏​ដូចជា​លាង​សម្អាត​រាល់​ឧបករណ៍​ទាំង​អស់​ ដែល​ប្រើប្រាស់​សម្រាប់​ការ​​ផាត់​មុខ​ជា​ប្រចាំ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គប្បី​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មាន​គុណភាព​ ដែល​មិន​បង្ក​ប្រតិកម្ម​អាលែកហ្ស៊ី ក៏​ដូចជា​ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ទាំង​នោះ​រួម​គ្នា​ជា​ដាច់ខាត​។

​៣. ជៀសវាង​ព្យាយាម​សម្លឹង​ខ្លាំង​ជ្រុល​

ចូរ​កុំ​ព្យាយាម​អាន​សៀវភៅ​នៅ​ពេល​ដែល​ពន្លឺ​ស្រអាប់​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​យើង​។ ជាក់​ស្ដែង ការ​អាន​នៅ​ក្នុង​ទី​ងងឹត​ អាច​បង្កើន​ភាព​តានតឹង​សាច់ដុំ ដែល​នាំ​ឲ្យ​ភ្នែក​របស់​​យើង​កាន់​តែ​ងាយ​ប្រតិកម្ម​ ឈឺ​ចាប់​ និង​រមាស់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អាន​សៀវភៅ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ល្អ និង​ជៀសវាង​អាន​សៀវភៅ​នៅ​ក្នុង​រថយន្ត ទើប​ជា​ការ​ប្រសើរ​។

៤. ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​ឧបករណ៍​​ឌីជីថល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ភ្នែក​។ នៅ​ពេល​ដែល​យើង​ប្រឹង​សម្លឹង​មើល​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ចុក​រួយ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​​ឲ្យ​បាន​ល្អ​។ យ៉ាង​ណា​មិញ ការ​កំណត់​​​​ពេលវេលា​លើ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ក៏​ជា​រឿង​ចាំបាច់​មួយ​ដែរ​។ បន្ថែម​ពី​នេះ យើង​គប្បី​ប្រើប្រាស់​វ៉ែនតា​ការពារ​​ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ និង​សម្រាក​​ភ្នែក​​ឲ្យ​បាន​ញឹកញាប់​ នៅ​​ពេល​ដែល​យើង​មើល​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​យូរ​ម៉ោង​។

​​​​៥. ភ្នែក​នឹង​ប្រសើរ​ឡើង​ ខណៈ​ពេល​គេង​

ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ដែរ ភ្នែក​ចាំបាច់​ត្រូវការ​សម្រាក។ ប្រសិនបើ​ភ្នែក​នឿយហត់​ វា​នឹង​ងាយ​រង​ប្រតិកម្ម​កាន់​តែ​ខ្លាំង​។ ដូច្នេះ​ហើយ​ ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ថែទាំ​​សុខភាព​ភ្នែក។

៦. ការ​ការពារ​ភ្នែក​

ការ​ប្រើប្រាស់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ជា​រឿង​ចាំបាច់​មួយ​ក្នុង​ការ​ការពារ​ភ្នែក​ដែល​ងាយ​ប្រតិកម្មពី​កាំរស្មី​UV បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ប្រឈម​នឹង​ការ​រលាក​ភ្នែក​ ខណៈ​ពេល​ដែល​យើង​នៅ​ខាង​ក្រៅ​រយៈ​ពេល​យូរ​ ​ពិសេស​គឺ​នៅ​រដូវ​ក្ដៅ​តែ​ម្ដង​។

​៧. អាហារ​សម្រាប់​សុខភាព​ភ្នែក​

បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បញ្ចូល​អាហារ​មួយ​ចំនួន​ដែល​ល្អ​សម្រាប់​សុខភាព​​ភ្នែក​ ដូចជា​គ្រាប់​ធញ្ញជាតិ​ គ្រឿង​សមុទ្រ ពពួក​ផ្លែ​ប៊ឺរី បន្លែ​ស្លឹក​បៃតង ក្រូច​ និង​ស៊ុត​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T