ខេត្តតាកែវ ៖ យុវជនម្នាក់ដោយសារតូចចិត្ត នឹងស្រីស្នេហ៍មិនទទួលទូរស័ព្ទរបស់ខ្លួន បានដាច់ចិត្តផឹកថ្នាំសម្លាប់សត្វល្អិត ប៉ងធ្វើអត្តឃាត ខ្លួនឯង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេល ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី១ សីហា ២០១៣ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។

យុវជនដែលតូចចិត្តលេបថ្នាំសម្លាប់ខ្លួននេះ ឈ្មោះអ៊ី ចាន់ថេត អាយុ២៥ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកនារីសង្សារត្រូវគេស្គាល់ឈ្មោះស្រីណា អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ មានទីលំនៅភូមិសំរោងម្រាស់ ឃុំបាកាន ស្រុកព្រៃកប្បាស។

តាមប្រភពប៉ូលិសបានឱ្យដឹងថា យុវជនរងគ្រោះ និងនារីជាសង្សារមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីដើមឆ្នាំ ២០១៣មកម្ល៉េះ ហើយនៅមុនកើតហេតុយុវជនរងគ្រោះបានព្យាយាមទូរស័ព្ទទៅនារីជា សង្សាររយៈពេល៣ថ្ងៃជាប់គ្នា តែនាងមិនទទួលទូរស័ព្ទរបស់ខ្លួនសោះ លុះនៅថ្ងៃកើតហេតុវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១ សីហា ២០១៣ យុវជនរងគ្រោះបានទូរស័ព្ទទៅនាងជាសង្សារទៀត នាងនៅតែមិនទទួលទូរស័ព្ទរបស់ខ្លួនដដែលក៏កើតក្តីមួហ្មងក្តៅ ក្រហាយក្នុងចិត្តស្ទុះឡើងទៅលើផ្ទះយកថ្នាំសំលាប់សត្វលិ្អតលាយ ទឹកមួយកែវផឹកប៉ងសម្លាប់ខ្លួនបណ្តាលឱ្យប្រកាច់បែកពពុះមាត់នៅលើ ផ្ទះម្នាក់ឯង ខណៈនោះត្រូវក្រុមគ្រួសារដឹងទាន់ក៏ប្រញាប់ប្រញាល់បញ្ជូនទៅកាន់ មន្ទីរពេទ្យសង្គ្រោះទាន់ពេល។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]