ភ្នំពេញ ៖ រថយន្ត ២ គ្រឿងត្រូវរងការខូចខាត ក្នុងខណៈដែលបុរសម្នាក់ស្រវឹងស្រា បើករថយន្តកាមរីហាយ ប្រ៊ិត ១គ្រឿង លឿនជ្រុល បុកក្បាលរថយន្តឡិចស៊ីស ស៊េរី ៤៧០ ដែលកំពុងរយ៉ែ ចូលផ្ទះយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង ២គ្រឿងគាប ជាប់គ្នា ទៅមុខលែងរួច។
ហេតុការណ៍នេះ សមត្ថកិច្ចបានឲ្យដឹងថា កើតឡើងកាលពីវេលាម៉ោង២២ និង ៣០ នាទីយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅមុខសណ្ឋាគាររីហ្គេល ផ្លូវលេខ ១៨២ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌ ទួលគោក ហើយរថយន្តទាំង ២គ្រឿងខាងលើនេះ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកសម្រប សម្រួលឲ្យត្រូវរ៉ូវ គ្នា ដោយមិនរំខានសមត្ថកិច្ច ក្នុងការវាស់វែងអូស យកទៅរក្សាទុកនោះទេ ។
ចំពោះករណីខាងលើនេះ សន្តិសុខដែលយាមសណ្ឋាគារ នៅជិតកន្លែងកើតហេតុ បាននិយាយរៀបរាប់ ប្រាប់ សមត្ថកិច្ចថា មុនពេល កើតហេតុរូបគាត់បានរយ៉ែរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2S-9925 ឡើងចំណត ដោយរយ៉ែគូទ ថយក្រោយចំណុចផ្លូវលេខ 182 ចូលសណ្ឋាគារ រីហ្គេល ខណៈនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកកាមរីហាយប្រ៊ិត ពណ៌ខ្មៅ ភ្នំពេញ 2Q-8826 បើកបរដោយ បុរស ម្នាក់ស្ថិតក្នុងសភាព ស្រវឹងស្រាជោកខ្លួន ដែលកំពុងបើករថយន្ត ក្នុងល្បឿនលឿន ហើយ មើលទៅទំនង រថយន្ត ឡិចស៊ីសមើលមិនឃើញ ក៏ជ្រុលបុកចំក្បាលរថយន្តឡិចស៊ីសយ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យ ក្បាលរថយន្ត ទាំង ២គ្រឿង គាបជាប់គ្នារងការខូចខាតមិនអាចបន្តដំណើរទៅមុខបានទៀត ។ ប៉ុន្តែក្នុង ហេតុការណ៍នេះ មិនបណ្តាលឲ្យ អ្នកបើកបរ ណាម្នាក់ ត្រូវរងរបួសឡើយ ហើយគ្រោះថ្នាក់នេះ បង្កឡើងដោយ សារថយន្តកាមរីហាយ ប្រ៊ិត បើកបរក្នុងល្បឿនលឿនពេក បាត់បង់ស្មារតី ទើបជ្រុលបុកក្បាលរថយន្ត ឡិចស៊ីស ពេញទំហឹងបែបនេះ ៕
ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]