ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសរុបប្រមាណ ១០ជនជាតិ ដូចជា ព្នង ក្រោល គ្រឹង ទំពួន រអូង ស្ទៀង ចារាយ កួយ រដែ និងថ្មូន ជាដើម បានយក «ភ្នំដោះក្រមុំ» ជាកន្លែងបន់ស្រន់ ដោយជឿជាក់ថា មានភាពស័ក្តិសិទ្ធិ ។ សព្វថ្ងៃនេះក្រៅពីអ្នកស្រុក គេឃើញមានអ្នកមកពីតំបន់ ផ្សេងៗ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ និងអ្នកទេសចរ ឆៀងចូលទៅបន់ស្រន់សុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ ដីនៅលើភ្នំដោះក្រមុំ ។

មានវ័យជាង៧០ឆ្នាំ លោកតា សំរិទ្ធ ថន ជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យដឹងកាលពីពេល ថ្មីៗនេះថា ប្រជាជននៅតំបន់នោះមានជំនឿយ៉ាងខ្លាំងទៅលើម្ចាស់ទឹកម្ចាស់ដីនៅ លើ «ភ្នំដោះក្រមុំ»  សូម្បីអ្នកទៅពីតំបន់ក្រៅដែលឆ្លងកាត់ ក៏មិនអាចបំភ្លេចបានពីការចូលសុំសេចក្តីសុខដែរ ។

លោកតាដដែល បន្តថា អ្នករស់នៅខេត្តមណ្ឌលគិរី តែងតែយកសំណែន និងគ្រឿងរណ្តាប់ទៅថ្វាយម្ចាស់ទឹកម្ចាស់ដីនៅលើភ្នំដោះក្រមុំ មានដូចជាជ្រូកខ្វៃ មាន់ខ្វៃ ផ្លែឈើ ភេសជ្ជៈ ស្រា និងផ្កាភ្ញី ជាដើម ។ មានពេលខ្លះអ្នកស្រុក ជាពិសេសក្រុមជនជាតិដើមភាគតិច បានយកសំណែនដ៏ធំគឺកាប់ក្របីផឹកស្រា និងធ្វើពិធីរាំថ្វាយបុព្វបុរសដែលជាទីសក្ការរបស់គេ ។

ចំណែក លោកជ្រាង ណើប ប្រធានការិយាល័យអភិវឌ្ឍវប្បធម៌ខេត្តមណ្ឌលគិរី ឱ្យដឹងថា អ្នកដែលទៅបន់ស្រន់នៅលើភ្នំដោះក្រមុំ គឺដើម្បីសុំសេចក្តីសុខ ឬក៏លាពាក្យសម្តី និងអ្វីដែលបានធ្វើខុសឆ្គងដោយប្រការណាមួយ ។ ក្នុងមួយ ឆ្នាំៗមានអ្នកទៅបន់ស្រន់នៅលើភ្នំដោះក្រមុំ ប្រមាណពី២.០០០ទៅ៣.០០០នាក់ ។ អ្នកដែលទៅកាន់ទីនោះច្រើនជាងគេ គឺអ្នកទេសចរ ដោយពួកគេបានឡើងទៅបន់លោកតា លោកយាយនៅលើភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខនៅពេលធ្វើដំណើរទៅគ្រប់ទិសទី ។ ពួកគេសុំកុំឱ្យប៉ះពាល់អី ឬក៏ឈឺគ្រុន ឬក៏ភ្លូកឡាន ឬប៉ះទង្គិច ផ្សេងៗ គឺសុំពីលោកតា លោកយាយនៅទីនោះជួយឱ្យសុខសប្បាយ ។ ពួកគេឡើងទៅបន់លោកតា លោកយាយជាមុនសិនទើបចេញទៅលេងទឹកជ្រោះប៊ូស្រា សមុទ្រឈើ ឬក៏ទៅដំណាក់ស្តេចជាដើម ។

លោកជ្រាង ណើប ឱ្យដឹងទៀតថា បើប្រពៃណីជនជាតិដើមភាគតិចព្នង នៅពេលដែលជនណាមួយប្រព្រឹត្តកំហុសលើជនជាតិនេះ គេតម្រូវឱ្យជនដែលប្រព្រឹត្តខុសធ្វើពិធីមួយដែលគេហៅថា «អំប៉េះលិះលា» ដើម្បីសុំទោស ។ ពិធីអំប៉េះលិះលា តម្រូវឱ្យជនដែលបានប្រព្រឹត្តខុស យកដំរីដើម្បីបូជាដល់ព្រះនៃជនជាតិព្នង ប៉ុន្តែបើមិនមានសមត្ថភាពរកដំរីបានទេគេអាចយកគោ ឬក្របីជំនួសបាន ។ ពិធីនេះមានសារសំខាន់ណាស់ ព្រោះវាអាចធ្វើឱ្យជនជាតិព្នង អត់ឱនឱ្យជនដែលប្រព្រឹត្តឆ្គាំឆ្គងចំពោះពួកគេបាន ។

ចំពោះ ពិធីសែនកាប់ក្របីផឹកស្រារបស់ជនជាតិដើមភាគតិចថ្វាយទៅដល់ម្ចាស់ ទឹក ម្ចាស់ដីនៅលើភ្នំដោះក្រមុំ ត្រូវលោកជ្រាង ណើប ឱ្យដឹងថា គឺគេតែងធ្វើរៀងរាល់៣ឆ្នាំម្តង ឬ៦ឆ្នាំម្តង នៅពេលផលដំណាំស្រូវរបស់ពួកគេទទួលបានច្រើន ។ «ពិធីកាប់ក្របីសែនស្រូវ ផឹកស្រាហ្នឹងគឺអត់ទៀងទាត់ទេ ព្រោះលក្ខណៈនៃពិធីសែនបែបនេះ គឺគេធ្វើតែនៅពេលផលស្រូវបានច្រើន អាហ្នឹងបានគេធ្វើពិធីសែនព្រេនបែបនេះ» ។

ទាក់ទងនឹងអបិយជំនឿរបស់អ្នកស្រុកលោកជ្រាង ណើប ឱ្យដឹងពីប្រវត្តិ ខ្លះៗថា កាលពីដើមឡើយ មានបុរសម្នាក់ឈ្មោះ «ស្រុះ» បានទៅលេងនៅក្នុងពិធីមួយនៅលើភ្នំដោះក្រមុំ ហើយបានឃើញ និងចាប់ចិត្តស្រឡាញ់នារីម្នាក់ មានឈ្មោះ «ផ្លំ» ។ លុះក្រោយមក បុរសក្រមុំមួយគូនេះបានក្លាយជាគូដណ្តឹងនឹងគ្នា ។

នៅថ្ងៃមួយនារីឈ្មោះផ្លំ បានចូលទៅក្នុងព្រៃនៅម្តុំភ្នំដោះក្រមុំដើម្បីដងទឹក ប៉ុន្តែមិនឃើញទៅផ្ទះវិញឡើយ ។ ហេតុការណ៍នេះធ្វើឱ្យអ្នកស្រុក និងបុរសជាគូដណ្តឹងភ័យស្លន់ស្លោ នាំគ្នាដើររក ប៉ុន្តែរកមិនឃើញឡើយ ។ លុះរំលងមក ឆ្ងាយបន្តិចប្រមាណជាង៣ខែ គឺនៅថ្ងៃមួយ បុរសជាគូដណ្តឹងឈ្មោះស្រុះ បានចូលទៅកាន់ព្រៃម្តុំបាត់នារីឈ្មោះផ្លំ នោះ ហើយបានលេចចេញរូបរាង និងសំឡេងរបស់នាងផ្លំ នៅក្នុងជ្រោះក្បែរនោះ ដោយប្រាប់ឱ្យដឹងថា នាងមិនទាន់ស្លាប់ទេ គឺអ្នកសច្ចំនៅភ្នំដោះក្រមុំ សុំឱ្យនាងនៅចាំស្រូវ និងផលដំណាំអ្នកស្រុក ។ បន្ទាប់ពីប្រាប់បុរសជាគូដណ្ដឹងដូច្នេះហើយ អ្នកសច្ចំក៏បណ្តាល (ប្រាប់)ឱ្យនារីជាគូដណ្ដឹង បបួលបុរសឈ្មោះស្រុះ នៅចាំថែរក្សាជាមួយគ្នា ។
អ្នកស្រុកក្រោយពេលដឹងថា បាត់បុរសឈ្មោះស្រុះ ម្នាក់ទៀត ក៏បបួលគ្នាតាមស្វែងរក ប៉ុន្តែមិនឃើញដូចបំណងឡើយ ហើយក៏សន្មតថា កំលោះក្រមុំមួយគូនេះបានស្លាប់ទៅហើយ ។

ក្រោយមកលោកតាស្រុះ យាយផ្លំ តែងតែបង្ហាញខ្លួនឱ្យអ្នកស្រុកបានឃើញ ដោយ ប្រាប់ថា ពួកគាត់ទាំងពីរនាក់មិនទាន់ស្លាប់ទេ គឺពួកគាត់ត្រូវម្ចាស់ទឹកម្ចាស់ដីនៅលើភ្នំដោះក្រមុំឱ្យ បន្តវេននៅចាំថែរក្សាផលដំណាំ និងប្រជាជនក្នុងតំបន់ ។ ដូច្នេះបើនៅថ្ងៃក្រោយ មានបងប្អូនណាចង់ជួប ឬក៏មានទុក្ខធុរៈ ឬជម្ងឺ ផ្សេងៗ ចូរនឹកដល់ពួកគាត់ គឺពួកគាត់នឹងជួយបានដូចប្រាថ្នា ។ តាំងពីពេលនោះមក ជំនឿនេះក៏ត្រូវបានធ្វើ តៗគ្នាសម្រាប់អ្នករស់ទីនោះរហូតមកដល់បច្ចុប្បន្ន ។

ភ្នំដោះ ក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅពេលយើងទៅដល់រង្វង់មូលក្រុងសែនមនោរម្យ ក្នុងទឹកដីខេត្តមណ្ឌលគិរី យើងក្រឡេកមើលទៅខាងស្តាំដៃនឹងឃើញភ្នំដោះក្រមុំ ដែលមានរុក្ខជាតិដុះចម្រុះពណ៌ខៀវស្រងាត់នៅរដូវវស្សា ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]