រាជធានីភ្នំពេញ ៖ ស្ត្រីថៅកែហាងខារ៉ាអូខេ«សំនៀងចិន្តា» បានត្រូវបុរសជាប្តីដែលមិនបានរៀបការ វាយនឹងស្បែកជើងបណ្តាលឱ្យរបួសកែងដៃ រួចបណ្តេញចេញពីហាងបន្ទាប់ពីមានទំនាស់គ្នា ។
ការទាស់ទែងគ្នាឈាន ទៅប្រើហិង្សានេះ បានកើតឡើងកាលពីវេលា ម៉ោង៣រសៀលថ្ងៃទី៣១ កក្កដា នៅក្នុងហាងខារ៉ាអូខេខាងលើ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៣ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ហិង្សានេះ ក៏បានធ្វើឱ្យចំណងស្នេហ៍ដ៏ផ្អែមល្ហែម ដែលបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់ រយៈពេលជាង២ឆ្នាំមកហើយឈាន ដល់ផ្លូវបំបែកចែកផ្លូវគ្នា និងដកភាគហ៊ុនហើយវេចបង្វេច ចាកចេញដោយពុុំស្តាយស្រណោះ អាឡោះអាល័យអ្វីឡើយ ។

ស្រ្តីដែលត្រូវប្តីវាយនេះឈ្មោះ ហួរ សិកា ហៅមួយ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកបុរសជាប្តីឈ្មោះ រ័ត្ន គឹមហុង អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិទី៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិកំពង់ហ្លួង ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ស្ត្រីឈ្មោះ ហួរ សិកា ហៅមួយ បានឱ្យដឹងថា នាងបានស្រឡាញ់ និងរស់នៅជាមួយឈ្មោះ រ័ត្ន គឹមហុង ជាប្តីប្រពន្ធដោយចិត្តនិងចិត្តដោយមិនបាន រៀបការអស់រយៈពេលជាង២ឆ្នាំមកហើយ និងបានផ្តួចផ្តើមចូលហ៊ុនគ្នារកស៊ី ដោយនាងបានខ្ចីប្រាក់ពីប្អូនប្រុសចំនួ ន២.០០០ដុល្លារ ចូលហ៊ុនជាមួយប្តីបើកខារ៉ាអូខេសំនៀងចិន្តា ដោយជួលហាងក្នុងមួយថ្ ងៃ៨០ដុល្លារពីម្តាយមីងខាងប្តី ។ ការរស់នៅជាមួយគ្នាពីដំបូងមានភាពល្អូកល្អឺន តែរយៈពេលប្រមាណជា១ខែមកនេះ ប្តីមានភាពខុសប្លែកចេះតែដើរលេង ហើយឱ្យតែផឹកមកផ្ទះវិញរករឿងទារ តែលុយនិងវាយធ្វើបាបគាត់ជា ប្រពន្ធធ្វើឱ្យសង្ស័យថាមានស្រី ហើយបានជាធ្វើបែបនេះ ។

ស្រ្ដីជាប្រពន្ធរៀបរាប់ទៀតថា នៅវេលាម៉ោង៣រសៀលថ្ងៃទី៣១ កក្កដា នៅពេលគាត់យកផ្លែឈើឱ្យម្តាយមីងខាងប្តី ស្រាប់តែប្តីរករឿងជេររួច វាយគាត់នឹងស្បែកជើង ហើយដេញគាត់និងបងប្អូនឱ្យចេញពីក្នុងហាងខារ៉ាអូខេ នៅចំពោះមុខនារីៗបម្រើខារា៉អូខេ ជាហេតុធ្វើឱ្យគាត់មិនអាច រស់នៅជាមួយប្តីបែបនេះបានទៀតទេ ។ នៅរសៀលថ្ងៃនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានចុះទៅកន្លែងកើតហេតុធ្វើការសម្របសម្រួល ។ បន្ទាប់ពីមានទំនាស់គ្នា ស្រ្តីជាប្រពន្ធក៏បានសម្រេចចិត្តបែកផ្លូវឈប់ រស់នៅជាមួយគ្នាទៀត ព្រមទាំងទាមទារប្រាក់ភាគហ៊ុនចំនួន ២.០០០ដុល្លារ ឱ្យប្អូនវិញ ។ ដោយសារតែអត់ប្រាក់ឱ្យ បុរសជាប្តីក៏បានធ្វើកិច្ចសន្យាសងប្រាក់នោះ ក្នុងរយៈពេលមួយអាទិត្យទៀត ។ នៅវេលាម៉ោង៤និង៥០នាទី រសៀលថ្ងៃទី៣១ កក្កដា បន្ទាប់ពីដោះស្រាយគ្នាចប់ ស្ត្រីជាប្រពន្ធបានវេចបង្វេចចុះចេញដោយពុំស្តាយ ស្រណោះអាឡោះអាល័យស្នាមស្នេហ៍ ដែលប្រៀបដូចជាការយល់សប្តិនេះតទៅទៀតឡើយ  ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]