ភ្នំពេញៈ អ្នកនិយមតាមដានខ្សែវីដេអូ ដែលបង្ហោះក្នុងគេហទំព័រ Youtube ពិតធ្លាប់បានឃើញហើយនូវ Comment ក្រោមវីដេអូនីមួយៗ ជាពិសេស គឺវីដេអូដែលមានអ្នកចូល ទស្សនាច្រើនចាប់ពី ៥ ម៉ឺនដងឡើងទៅ ។ ដោយឡែកសម្រាប់ អ្នកនិយមទស្សនាវីដេអូ បទចម្រៀងខ្មែរ ដែលបង្ហោះក្នុង គេហទំព័រកំសាន្ត Youtube ពិសេសបទចម្រៀងថ្មីៗ នាពេលបច្ចុប្បន្ននេះ ក៏ប្រាកដជា អាចមើលឃើញ នូវ Comment វាយប្រហារគ្នារ វាងអ្នកពេញចិត្ត និង អ្នកមិនពេញចិត្ត ចំពោះបទចម្រៀងនីមួយៗ ។

អ្វីដែលធ្វើឲ្យអ្នកទស្សនា ក្តៅឆេវពេញស្លឹកត្រចៀកនោះ គឺនៅពេលគេដឹងថា បទចម្រៀងនោះ ចម្លងទាំងស្រុង ពីបរទេស ហើយពេលខ្លះ សូម្បីតែអត្ថន័យ សាច់រឿង របៀបសម្ដែង និងស្ទីលថតវីដេអូ ក៏ហាក់ចម្លងតាមគេ ទាំងស្រុង គ្មានគំនិតច្នៃប្រឌិត ណាមួយឲ្យទាក់ទាញ ខុសពីគេបន្តិចណាសោះ។ មិនតែប៉ុណ្ណោះ សូម្បីតែជនបរទេស មួយចំនួន ឬ ក៏ជាតិសាសន៍ ដែលជាម្ចាស់ដើម នៃបទចម្រៀងនោះ បានទស្សនាហើយ ក៏បានចូលមក Comment តិះដៀលដល់ ការចម្លងឥតមាន ច្បាប់ទម្លាប់ពីសំណាក់ ផលិតករខ្មែរនេះដែរ។

អ្នកនិយមមើលវីដេអូបទ ចម្រៀងខ្មែរ ក្នុង Youtube ព្រមទាំង មាន Account ផ្ទាល់ខ្លួន ដែលអាចបង្ហោះខ្សែវីដេអូ ឬ Comment ឆ្លើយឆ្លងគ្នាបាននោះ បានបង្ហាញចំណាប់ អារម្មណ៍ខុសៗគ្នា ដោយអ្នកខ្លះថា វាមិនមែនជាបញ្ហានោះទេ ដោយគ្រាន់តែ ចែកគ្នាមានសេចក្តីសុខ ជាមួយបទចម្រៀងពីរោះៗ ។ ប៉ុន្តែអ្នកខ្លះ ទៀតបានបង្ហាញចំណាប់ អារម្មណ៍អៀនខ្មាស់ ព្រមទាំងធ្វើការតិះ ទៀនខ្មែរគ្នាឯងថែមទៀត ដែលគ្មានខួរក្បាល រង់ចាំតែ ចម្លងបទពីគេនោះ។

អ្នកនិយមមើល Youtube ម្នាក់ ដែលបានតាមដាន រាល់សកម្មភាពម្ចាស់ Comment នីមួយៗ ជាយូរណាស់មកហើយ ដោយសុំមិន បញ្ចេញឈ្មោះ បានលើកឡើងថា "អារឿងរិះគន់បទចម្រៀង ចម្លងគេអីហ្នឹង វាមានយូរហើយ តែកាលពីមុន វាគ្រាន់តែនិយាយតៗ គ្នាប៉ុណ្ណោះ។ ដល់ឥឡូវក្នុង Youtube គេជេយើងលាន់ទឹកលាន់ដី ហើយអ្នកខ្លះប្រើ ពាក្យអសុរសណាស់ សុទ្ធតែ អត់ខួរទេហី.. បានចេះតែលួចពីគេ? "។ អ្នកខ្លះទៀត និយាយថា "ឈប់យកជាតិខ្មែរ ទៅឲ្យបរទេសមើលងាយទៅ.. ព្រោះយើងក៏ធ្លាប់មាន សិល្បៈរុងរឿងដែរតើហី?.. មានពាក្យអាក្រក់ៗ ជាងនេះជាច្រើនទៀត ដែលយើងមិនហ៊ាន ទាំងនិយាយផង.." ។

បើតាមការបញ្ជាក់ ពីបុរសខាងលើ បានឲ្យដឹងថា អ្នកនិយមមើល Youtube បទចម្រៀង រួមទាំងអ្នកបង្ហោះវីដេអូ ភាគច្រើនជាខ្មែររ ស់នៅបរទេស ហើយនៅក្នុងស្រុកយើង ក៏មិនចាញ់គ្នា ប៉ុន្មាននោះដែរ។ លោកបានអះអាងទៀតថា មានជនបរទេសមួយចំនួន ជាពិសេស ប្រទេសជិតខាង បានចូលមកតិះដៀល បទចម្រៀងខ្មែរ ដែលចម្លងពីប្រទេស ពួកគេទៀតផង ដោយពេលខ្លះទៀត ជនជាតិខ្មែរស្នេហាជាតិ បានចេញមុខការពារ រហូតឈានដល់ ថ្នាក់ជេរប្រទេច ប្រើពាក្យអសុរស ដាក់គ្នាទៅវិញទៅមក បើទោះបីជាខ្មែរ យើងដឹងថា ខ្លួនឯងបាន ចម្លងចម្រៀងពី ជាតិសាសន៍គេ លើគោកនោះក៏ដោយ។

ភាពឈឺចាប់ ចេញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ពិតជាបង្ហាញយ៉ាងច្បាស់ នៅខាងក្រោម ខ្សែវីដេអូចម្រៀង នីមួយៗ ដែលជាបទខ្មែរ ចម្លងគេ និង បង្ហោះក្នុងគេហទំព័រ Youtube ។ ភាគច្រើន នៃពួកគេទាំងនោះ បានអំពាវនាវ ឲ្យគ្រប់ផលិតកម្មទាំង អស់ព្យាយាម កាត់បន្ថយការចម្លងពីគេ រហូតដល់អ្នក ខ្លះនិយាយថា បើចេញបទថ្មីល្អ និង ពីរោះពួកគេសុខចិត្ត ទិញឌីសស្រ៊ីន (Disk Oreginal) ហើយ អ្នកខ្លះហ៊ាន និយាយរហូតទៅដល់ថា បើផលិតកម្មផលិតមួយ ឌីសចម្រៀងដែលមាន ១០បទ នោះយ៉ាង ហោចណាស់ ក៏ត្រូវមានបទចម្រៀង ខ្លួនឯងពីពីរ ឬក៏បីបទដែរ៕






ដោយៈLooking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]