បន្ទាយមានជ័យ ៖ បើទោះបីជាស្ថានភាព ក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ មាន សភាពស្ងប់ស្ងាត់ធម្មតាក៏ដោយ តែប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ កម្មករ មួយចំនួនធំបានរអ៊ូថា ពួក គាត់អាចប្រឈមនឹងការខាតបង់ចំណូល មួយភាគ ខណៈទឹកជន ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាបែបនេះ។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៣ នេះ នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល កម្ពស់ទឹកស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី និងស្ទឹងបឹងអូរជាច្រើនទៀត គឺពេញប្រៀបទៅដោយទឹកភ្លៀង ។ មិនត្រឹមតែប៉ុណ្ណោះ ជំនន់ ទឹកភ្លៀងទាំងនោះ បានបង្កការលិចលង់លំនៅដ្ឋាន ស្រែចំការជាច្រើនកន្លែង ពិសេសផ្លូវលេខ ៥៦ ពីក្រុង សិរិសោភ័ណ ឆ្ពោះទៅស្រុកស្វាយចេក ស្រុកថ្មពួក ចំណុចខ្លះរអិលដូចខ្លាញ់ ចំណុចខ្លះទៀត ត្រូវទឹកលិច កាត់ផ្តាច់ទាំងស្រុង ធ្វើឲ្យពលរដ្ឋមិនអាចធ្វើដំណើរបានទៀតផង ។

ងាកទៅក្រុងប៉ោយប៉ែត ជាយដែនថៃឯណោះវិញ នៅថ្ងៃទី០១ ខែសីហា គឺកម្ពស់ទឹកមានការកើនឡើង ជាលំដាប់ ផ្លូវលំគ្រួសក្រហម ផ្លូវបេតុងត្រូវក៏ត្រូវជនលិច ផ្លូវខ្លះមិនអាចធ្វើចរាចរណ៍បាន។ តូបលក់ទំនិញ តាមផ្លូវភោជនីយដ្ឋាននាគទិព្វ ផ្លូវវត្តថ្មី និងហាងលក់ទំនិញតូចធំ ជុំវិញផ្សារត្រី ផ្សារអគ្គថ្មី ក៏ត្រូវជនលិចដែរ ដោយសារទឹកចេញពីលូ ខណៈអូរព្រំដែនកម្ពុជា ថៃ ទឹកឡើងពេញប្រៀប ។ បើទោះបីជាបែបនេះ តែពុំ ទាន់មាននរណាម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារជំនន់នេះនៅឡើយទេ ។

លោក សេង ចម្រើន ជាអ្នករត់ម៉ូតូឌុបម្នាក់ តំណាងឲ្យអ្នករត់ម៉ូតូជាច្រើននាក់ទៀត បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា ស្ថានភាពក្រោយបោះឆ្នោតពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ អ្វីដែលធ្វើឲ្យពួគាត់ ខ្លាច គឺភ្លៀងធ្លាក់ក្លាយជាទឹកជំនន់ដ៏ធំ ព្រោះភ្លៀងធ្លាក់ពេលមួយសបា្តហ៍ហើយ  ធ្វើឲ្យពួកគាត់បាត់បង់ ចំណូលជាងពាក់កណ្តាល សម្រាប់ផ្គត់ផ្គង់ជីវភាព ដែលពីមុនរត់ម៉ូតូមួយថ្ងៃបាន ៥ ម៉ឺនរៀល ដល់ពេលទឹក លិចអីចឹងទៅ បានតែ ១ទៅ២ម៉ឺនរៀលប៉ុណ្ណោះ ។ ប្រពន្ធរបស់គាត់លក់ចាប់ហ៊ួយនៅផ្ទះ មួយថ្ងៃ បាន ចំណូល ៤ទៅ៥ម៉ឺនរៀល តែលពេលនេះលក់មិនកើតទេ ព្រោះទឹកលិច ៕













ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]