ចោរប្រដាប់ដោយកាំបិទ និងកាំភ្លើងម្នាក់ បានលបចូលផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ដើម្បីលួចទ្រព្យសម្បត្តិ ប៉ុន្តែបែរជាត្រូវប៉ូលីសឃាត់ខ្លួន ដោយសារតែក្មេងអាយុ ៤ខែម្នាក់ទៅវិញ។

យោងតាមប្រភពព័ត៌មាន Indoboom របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ចោរម្នាក់នោះ មានឈ្មោះថា Kojek Mista អាយុ ៣០ឆ្នាំ បានលបចូលផ្ទះប្រជាពលរដ្ឋមួយខ្នង ដើម្បីលួចទ្រព្យសម្បត្តិ ប៉ុន្តែខណៈពេលកំពុងធ្វើសកម្មភាព ស្រាប់តែមានក្មេងអាយុ ៤ខែម្នាក់ បានស្រែកយំ បណ្តាលឲ្យម្តាយរបស់ក្មេងនោះចេញមកតែម្តង។

ដោយសារតែ លោក Kojek Mista គឺជាចោរ និងជាឪពុកមួយរូបផងនោះ លោកក៏បានសួរទៅម្តាយក្មេងនោះ ដើម្បីរកវិធីកុំឲ្យវាយំតទៅទៀត។ រំពេចនោះស្រ្តីជាម្តាយ ក៏បានតបទៅវិញថា កូនរបស់គាត់ត្រូវការបៅទឹកដោះគោ។ លឺបែបនេះ លោក Kojek Mista ដែលជាចោរចិត្តទន់ បានលាយទឹកដោះគោ ២ស្លាបព្រា ជាមួយនឹងទឹកបន្តិច ហើយបានបញ្ចុកក្មេងនោះ និងបានបំពេរវា ឲ្យគេងលក់ យ៉ាងស្កប់ស្កល់ទៀតផង។

លោក Herry Heryawan មន្រ្តីប៉ូលីសក្នុងទីក្រុង Jakarta បានប្រាប់ឲ្យដឹងថា លោក Kojek Mista បានបញ្ឈប់សកម្មភាពលួចភ្លាមៗ បន្ទាប់ពីលឺសំលេងក្មេងយំ ដោយសារតែលោក គឺជាឪពុកដែលស្រលាញ់កូនមួយរូបដែរ។ មន្រ្តីប៉ូលីសរូបនេះ បានបន្តទៀតថា មានអ្នករួមគំនិតចំនួន ៤នាក់ទៀត ក្នុងសកម្មភាពលបចូលផ្ទះប្រជាពលរដ្ឋ ដើម្បីលួចទ្រព្យសម្បត្តិនេះ ដោយពួកគេប្រដាប់ដោយ កាំភ្លើង ដាវ កាំបិទ និងដែកគាស់ ហើយពួកគេត្រូវបានប៉ូលីសឃាត់ខ្លួន នៅក្នុងផ្ទះមួយ ស្ថិតក្នុងទីក្រុង Jakarta បន្ទាប់ពីពួកគេបានលាក់ខ្លួននៅទីនោះ។

យ៉ាងណាមិញ ពួកគេត្រូវមានទោស ជាប់ពន្ធធនាគាររយៈពេល ១០ឆ្នាំ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]