ព្រះសីហនុ៖ បុរសចំណាស់ ជនជាតិកាណាដាម្នាក់ រងរបួសបែកក្បាលយ៉ាងដំណំ ខណៈ ដែលបើកបរ ទាំងស្រវឹងដាប ជ្រុលចង្កូតទៅបុកខឿន រង្វង់មូលតោពីរ ក្រុងព្រះសីហនុ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ នៅត្រង់ចំណុចរង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ ផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

តាមសាក្សី ដែលជាក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា កាលពីអំឡុងពេលម៉ោងខាងលើ គេឃើញជនរងគ្រោះ បើកបរម៉ូតូរបស់ខ្លួន ទាំងស្រវឹង ហើយស្រែកហ៊ោសប្បាយ ហើយយកអាវមកចងនឹងក្បាលម៉ូតូ ចុះពីចំណោតផ្លូវមកពីពយតាម៉ូង សំដៅទៅរង្វង់មូលតោពីរ ហើយស្ថិតក្នុងស្ថានភាព ភ្លៀងរលឹមស្រិចៗផង ធ្វើឱ្យជនរងគ្រោះ មិនអាចចាប់ហ្រ្វាំងទាន់ នៅពេលដែលវាក់អើ ជាមួយរង្វង់មូលតោពីរ ក៏ជ្រុលចង្កូត ទៅបុកខឿនរង្វង់តោពីរ បណ្តាលឱ្យហោះផ្លោងទៅលើខឿន បែកក្បាលសន្លប់ស្តូក ចំណែកម៉ូតូ ដាច់កង់ជាពីរ គួរឱ្យញាក់សាច់ជាទីបំផុត ។  ភ្លាមៗនោះ ពួកគាត់ក៏បានទាក់ទង ទៅរថយន្តសាមុយ មកដឹកទៅ ព្យាបាលបាត់ទៅ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពៅ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ATHERTON DOUG SCOTT ជនជាតិ កាណាដា អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បើកបរម៉ូតូម៉ាក HONDA AIR BLADE ភេទស្រី ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង ក្នុងទិសដៅ ពីកំពង់ផែទេសចរណ៍ ពយតាមូង ឆ្នេរអូរឈើទាល សំដៅចូលក្នុងក្រុងទៅផ្សារលើ។ ហេតុការណ៍នេះ បណ្តាលឱ្យជនរងគ្រោះ រងរបួសបែកក្បាល ដាច់ម្រាមមេជើងខាងស្តាំ ចំណែកម៉ូតូដាច់កង់មុខចេញពីម៉ូតូ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរព្យាបាល រស្មីកំពង់សោម ខេត្តព្រះសីហនុ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកមករក្សា ទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំម្ចាស់ដឹងខ្លួន មកទទួលយកវិញ ៕






ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]