ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបុក បុរសម្នាក់ឲ្យរងរបួសធ្ងន់ ខណៈបុរសរងគ្រោះ កំពុងដើរឆ្លងផ្លូវ ចេញពីទិញបារី កាលពីម៉ោង ៦ និង៤០ នាទីព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចមុខហាងផ្កាយ ព្រឹក្ស តាមបណ្តោយផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានដើរឆ្លងផ្លូវ លេខ ២៧១ ទៅទិញបារី ខណៈទិញបានហើយ ក៏ត្រឡប់ក្រោយក្នុងបំណងដើរចូលផ្ទះវិញ ស្រាប់តែមានរថយន្ត ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ១ គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ឆ៤៤០៤ ភព២ រួមដំណើរ ដោយបុរស៣នាក់ កំពុងបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់នោះ ដួលបោក ក្បាលទៅថ្នល់រងរបួសធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរ ជួយឃាត់បានភ្លាមៗ ប៉ុន្តែអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ក្រោយដឹងថា ខ្លួនបានបើកបររថយន្តបុកមនុស្សឲ្យរងរបួស ធ្ងន់ធ្ងរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌ ចំការមន រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]