ខេត្តកណ្តាលៈ យុវជនម្នាក់ ត្រូវរថយន្តបែកកៀរ ពីក្រោយបណ្តាល ឲ្យដួលបោកក្បាល បែកស្លាប់ភ្លាមៗ នៅនឹងកន្លែង អ្នកបើកបររថយន្ត បន្ទាប់ ពីកើតហេតុ បាន រត់គេចខ្លួនបាត់ បន្សល់តែរថយន្តចោល នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២ ទៅ២៣ក្នុងភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន សុភារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជានិស្សិតរស់ នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1BR-2533 ពុំមានពាក់មួកសុវត្ថិភាព និងកញ្ចក់មើលក្រោយនោះទេ ។ ចំណែកឯរថយន្តបង្កវិញ ម៉ាកហ៊ីយ៉ានដាយ ពណ៌ត្រួយចេក ប្រភេទបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ 3B-3954 បើកបរស្របទិសគ្នា ពីកើតទៅលិច (អ្នកបើកពុំត្រូវ បានគេស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់)។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុច កើតស្រាប់តែជ្រុលចង្កូត ទៅកៀបុកម៉ូតូពី ក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើក បរម៉ូតូដួលបោកទៅនឹងថ្នល់បែកក្បាយ ហូរឈាមទាំងថ្លុក ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯអ្នកបើកបរ រថយន្តភ្លាមៗ បន្ទាប់ពីឃើញ ស្ថានការ បែបនោះ បានចុះចេញពីរថយន្ត គេចខ្លួនបាត់ ។ ក្រោយ  ពេលកើតហេតុ នគរបាលចុះទៅ ដល់កន្លែងកើត ហេតុធ្វើការ វាស់វែង និងប្រគល់សាកសព ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯវត្ថុតាង វិញត្រូវយកមក រក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ចាត់ការទៅតាម នីតិវិធីច្បាប់៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]