ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ!

//s9.kh1.co/4d/4d39fac6d1d460db9da9ecbd0e30de40dbd56772.jpg
យល់ដឹង

 ២៤-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន

ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល ឬ​ឈឺ​ចុក​ដៃ​ជាដើម។ ស្រប​គ្នា​នេះ ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ហើយ មួយ​ចំនួន​ឃើញ​មាន​ឡើង​ដុំ​ពក​កន្លែង​ចាក់​នោះ ខ្លះ​មាន​ខ្ទុះ​ទៀត ប៉ុន្តែ​អ្នក​ជំនាញ​មិន​ឲ្យ​យើង​ប៉ះពាល់​ដុំ​ពក​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ ថា ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​ឡើង​ដុំ​ពក ហើយ​ខ្លះ​មាន​ខ្ទុះ​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ។ ជួន​កាល វា​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​យក​វត្ថុ​កខ្វក់​មក​ជូត ឬ​បិត​លើ​មុខ​ម្ជុល ឬ​ក៏​អាច​មក​ពី​អា​អូន​មាន​ប្រតិកម្ម​នឹង​សារធាតុ​ក្នុង​វ៉ាក់សាំង។

ចុចត្រង់នេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកកាន់តែច្បាស់

ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង (BCG) ហើយ​វា​នឹង​បន្សល់​ស្នាម​ពក​តូច ជួន​កាល​មាន​ខ្ទុះ​តិច​តួច​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង។

“ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង គាត់​យក​ដៃ​ច្របាច់​ទើប​វា​ក្លាយ​ជា​មាន​ខ្ទុះ​កាន់​តែ​ច្រើន ឬ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ជាដើម។ ម្ដាយ​ទារក​ដែល​យក​កូន​មក​ជួប​ខ្ញុំ​ដោយ​សារ​បញ្ហា​ស្នាម​ពក​នេះ ហើយ​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​កើត​បូស។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត កុសល កណិការ។

បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ណែនាំ​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ទុក​ឲ្យ​ស្នាម​ពក​តូច​នោះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​វា​នឹង​បន្សល់​ស្លាក​ស្នាម​លើ​ស្មា​កូន ហើយ​ចៀសវាង​យក​ដៃ​ទៅ​ច្របាច់​ស្នាម​ពក​នោះ។ ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T