ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយ បានចុះផ្សាយនៅថ្ងៃនេះ ដោយថាម្តាយ របស់តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា ត្រូវបានគេចោទប្រកាន់ថា ត្រូវគេដេញចេញមិនឲ្យបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ ការចុះផ្សាយនេះ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវបានតារាស្រីរូបនេះចេញ មុខច្រានចោលព័ត៌មាននេះ ដោយផ្ទុះកំហឹង ខឹងអ្នកសរសេរ អត្ថបទនេះថា ជារឿងមិនពិតនិងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសម្តាយរបស់នាង និងគ្រួសារ។

តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ពេជ្រ សោភា បានប្រាប់ Looking TODAY តាមទូរស័ព្ទ នៅល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣នេះថា នាងពិតជាខឹងខ្លាំងណាស់ គ្រាន់តែឃើញព័ត៌មានចុះផ្សាយបែបនេះភ្លាម មិនអាចទប់កំហឹងបានទេ ហើយនាងពិតជាឆ្ងល់ណាស់ថា គេបានព័ត៌មានមកពីណា ហើយបើសិនជាថាព័ត៌មាននេះចុះផ្សាយ ជាការពិតគួរតែចេញមុខមក និយាយជាមួយនាងដោយផ្ទាល់ ព្រោះនាងមិនចូលចិត្តអ្នកណា និយាយសរសេរព័ត៌មានមិនពិត ហើយប៉ះពាល់ជាមួយ ឪពុកម្តាយរបស់នាងទេ ។ ការសរសេរ ព័ត៌មានបែបនេះ គឺមានន័យថាមើលងាយកិត្តិយស ម្តាយរបស់នាង ហើយនាងនិង ម្តាយកំពុងតែរង់ចាំការចេញមុខ មកបកស្រាយពីអ្នកដែល សរសេរព័ត៌មាននេះ បើតាមនាងមើលព័ត៌មាន នេះគេសរសេរថាមានប្រភព បង្ហើបប្រាប់ដូច្នេះ គួរតែចេញមុខមក និយាយទល់មុខគ្នាឲ្យច្បាស់ និងនាំនាងទៅជួបប្រភពនោះផង។

កញ្ញា ពេជ្រ សោភា បានប្រាប់ដោយសម្តីខ្លាំងៗថា “ខ្ញុំគ្រាន់តែឃើញព័ត៌មាននេះ ភ្លាមគឺខឹងខ្លាំងមែនទែន គេថាម្តាយរបស់ខ្ញុំត្រូវគេបណ្តេញ ចេញមិនឲ្យបោះឆ្នោតគេថា ម្តាយរបស់ខ្ញុំជាជនជាតិវៀតណាម គេមានភស្តុតាំងអីមក និយាយថាម្តាយរបស់ខ្ញុំ ត្រូវគេបណ្តាញ ចេញពីការិយាល័យបោះឆ្នោត បើសិនជាគេអះអាងថាជាការពិតមែន គួរតែប្រាប់ខ្ញុំឲ្យច្បាស់ថា ការិយាល័យណាមួយដែល ដេញម្តាយរបស់ខ្ញុំ ម៉ោងប៉ុន្មាននៅសង្កាត់ណា និយាយឲ្យច្បាស់មកហើយ បើគេថាដឹងតាមប្រភពជាប់សែស្រឡាយខ្ញុំ ជួយនាំខ្ញុំ ទៅជួបប្រភពនោះ ដោយផ្ទាល់ដើម្បីសួរ ឲ្យដឹងរឿងមិនមែន ចេះតែចុះផ្សាយរឿងមិនពិតឆ្លៀត ធ្វើឲ្យវេបសាយខ្លួនឯងល្បីបែបនេះទេ ” ។

តារាចម្រៀងថ្គាមខ្លារូបស្រស់រូបនេះ បានបញ្ចេញប្រតិកម្មមិនពេញចិត្តទៀតថា សម្រាប់នាងមិនដែលបិទទូរស័ព្ទទេ គឺបើក២៤ម៉ោង ដូច្នេះមុននិងអ្នកចុះផ្សាយ ព័ត៌មានណាមួយពី នាងនិងគ្រួសារគួរណាស់ តែតេមកសួរនាងមុនមិនមែន ចង់ធ្វើឲ្យខ្លួនឯងល្បី (វេបសាយ) “ ម្តាយឪពុកខ្ញុំគ្រាន់តែ ទៅដល់ឃុំសង្កាត់ ការិយាល័យបោះឆ្នោតភ្លាម គឺមានការស្វាគមន៍ជាច្រើន អំពីអ្នកដែលទៅបោះឆ្នោត នៅក្នុងភូមិសង្កាត់ ខ្ញុំសូមមិននិយាយពីឃុំសង្កាត់ កន្លែងណាទេខ្ញុំចង់ឲ្យវេបសាយនោះ បញ្ជាក់ឲ្យខ្ញុំឲ្យច្បាស់ថា នៅភូមិសង្កាត់ មណ្ឌលមួយណា ហើយនៅមណ្ឌលមួយណា ដែលដេញម្តាយខ្ញុំ អ្នកនិយាយប៉ះពាល់ជាមួយខ្ញុំ បានតែនេះប៉ះពាល់ជាមួយម្តាយ របស់ខ្ញុំពិតជាខឹងខ្លាំងណាស់ ហើយកុំឆ្លៀតឱកាសចុះផ្សាយ ដើម្បីទាក់ទាញការចាប់ អារម្មណ៍ធ្វើឲ្យខ្លួនឯងល្បីបែបនេះ”។

កញ្ញា សោភា ក៏នៅតែអះអាងដដែលថា នាងចង់ជួបដោយផ្ទាល់ជាមួយ អ្នកចុះផ្សាយព័ត៌មាននេះ ដដែលបើអ្នកចង់បើកវ៉េបសាយត្រូវ តែមានឆន្ទះចុះផ្សាយរឿងឲ្យពិត នាងបានរៀនត្រឹមតែថ្នាក់ទី ១១ មិនបានរៀនខ្ពស់ទេហើយនាង នៅតែរង់ចាំមើលថាខាងវេបសាយ មួយនេះមានអ្វីមកដោះស្រាយ ចំពោះមុខរបស់នាងនិងម្តាយ “ខ្ញុំជឿជាក់ថាគ្មានអ្នកណានិយាយ ប្រាប់អ្នកឯងទេ (វេបសាយ) នេះគ្រាន់តែជាលេសរបស់អ្នកឯង ក្នុងការឆ្លៀតឱកាសចង់ល្បី ឆក់ឱកាសខុសមនុស្ស ”៕







ដោយ៖ Looking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា