ខេត្តពោធិ៍សាត់ ៖ ជនមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាព បំពុលឆ្កែងាប់អស់៨ក្បាល ហើយបានលួចយកម៉ូតូ១គ្រឿង កាលពីយប់ថ្ងៃទី៣០ កក្កដា នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។ លោក នង់ សម្បត្តិ មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញឱ្យដឹងថា ម៉ូតូដែលចោរយកនេះ មា៉កហុងដាស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1D-6965 ជាកម្មសិទ្ធិរបស់ឈ្មោះ ភួង សុង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមការសាកសួរឱ្យដឹងថា នៅយប់នោះលោក ភួង សុង បានចាក់សោកម៉ូតូដាក់ នៅខាងក្រោមផ្ទះ ហើយគាត់ដេកនៅក្បែរម៉ូតូនោះដែរ ។ លុះដល់ពាក់កណ្តាលអធ្រាត្រ ខណៈពេលគាត់ភ្ញាក់ពីដេក ដើរទៅនោមម្តងឃើញឆ្កែងាប់ ចំនួន២ក្បាលនៅក្បែររបង ប៉ុន្តែម៉ូតូនៅក្រោមផ្ទះនោះនៅដដែល ។ ភ្លាមៗនោះគាត់បានចុចពិល មើលជុំវិញភូមិ មិនឃើញមានមនុស្សទេ ទើបគាត់ដេកទៅវិញ  ទៀត ។ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូ ហើយឃើញឆ្កែងាប់ចំនួន៨ក្បាល នៅក្នុងភូមិ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ។

លោក គង់ សម្បត្តិ មានប្រសាសន៍ថា នេះគឺជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ដែលមើលស្រាលសភាពការណ៍ ព្រោះថាពេលភ្ញាក់នោមកណ្តាលអធ្រាត្រ ដឹងថាមានឆ្កែងាប់ចំនួន២ក្បាលហើយ មិនប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចឬក៏ការពារម៉ូតូរបស់ខ្លួន ហើយបែរជាដេកទៅវិញទៀតទើបចោរលួចបាន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]