ខេត្តកំពង់ចាម ៖ ជាងចម្លាក់ម្នាក់ឈ្មោះ ឌី យ៉ាមែល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខណៈមានជម្លោះជាមួយប្រពន្ធ ហើយខឹងសម្បាខ្លាំងក៏ទៅ យកកោដ្ឋដាក់ធាតុរបស់ជីតាក្មេក ទៅចាក់ចោលក្នុងបង្គន់ កាលពីវេលាមោ៉ង ៩យប់ថ្ងៃទី២៧ កក្កដា ។ នេះជាអំពើមួយដ៏អគតិបំផុត ហើយត្រូវបានម្តាយក្មេក ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន នាព្រឹកថ្ងៃទី៣០ កក្កដា បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បីចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ឱ្យដឹងថា បុរសឈ្មោះ យ៉ាមែល បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ នៅក្នុងផ្ទះម្តាយក្មេក ស្ថិតនៅភូមិព្រៃរំដេង ឃុំបារាយណ៍ ស្ទើរតែផ្ទុះហិង្សានាយប់ថ្ងៃទី២៧ កក្កដា នោះ រួចហើយបានដើរទៅខាងមុខផ្ទះ យកកោដ្ឋដាក់ធាតុរបស់ជីតាក្មេក ដែលដាក់នៅលើរានទេវតា ទៅចាក់ចោលក្នុងបង្គន់ ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ។

ធាតុជីតាក្មេកនេះគឺបានរក្សាទុកនៅលើរានទេវតា សម្រាប់កូនចៅសាច់ញាតិ អុជទៀនធូបបួងសួង សុំសេចក្តីសុខក្នុងក្រុមគ្រួសារ ព្រោះជាអ្នកមានគុណដ៏ថ្លៃថ្លា ដែលបានផ្តល់កំណើតដល់ម្តាយក្មេក ព្រមទាំងអ៊ំ មា មីង ជាដើម ។ នៅយប់ថ្ងៃទី២៧ កក្កដា ទំនាស់ក្នុងគ្រួសារបានកើតឡើង ហើយដោយសារតែមានកំហឹងក្នុងចិត្តទប់មិនបានបុរសឈ្មោះយ៉ាមែលក៏ដើរទៅយកធាតុរបស់ជីតាក្មេកដែលដាក់នៅក្នុងកោដ្ឋបើកគ្របចាក់ចោលក្នុងបង្គន់ក្រោយផ្ទះ ។ ទង្វើនេះត្រូវបានម្តាយក្មេកប្តឹងមកសមត្ថកិច្ចឱ្យ ចាប់ខ្លួននាព្រឹកថ្ងៃទី៣០ កក្កដា ។ យោងតាមច្បាប់ព្រហ្មទណ្ឌថ្មី នៅក្នុងមាត្រា២៦២ បទប្រមាថទីបញ្ចុះសព ត្រូវដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០មុឺនរៀល ទៅ២លានរៀល ។ បុរសឈ្មោះ យ៉ាមែល បានឆ្លើយថា រូបគេបានរៀបការរយៈពេល ជិត១០ឆ្នាំហើយ ដោយមានកូនចំនួន២នាក់ ។ កាលពីយប់ថ្ងៃកើតហេតុ បានឈ្លោះជាមួយប្រពន្ធ ដោយសារតែប្រពន្ធត្អូញត្អែរប្រាប់ថា ពេលទៅផ្សារទិញម្ហូបចេះតែវិលមុខ ។ ក្នុងពេលនោះរូបគេបានស្តីបន្ទោសប្រពន្ធថា មកពីឯងមើលទូរទស្សន៍យូរៗពេកនៅពេលយប់ ធ្វើឱ្យមានទំនាស់ពាក្យសម្តីតឹងសរសៃករៀងៗខ្លួន ។ ហេតុតែខឹងពេករូបគេបានដើរ ទៅយកធាតុជីតាក្មេកឈ្មោះ ឡុង រិន ដែលដាក់នៅក្នុងកោដ្ឋលើរានទេវតា មុខផ្ទះមកចាក់ចោលក្នុងបង្គន់ក្រោយផ្ទះ ហើយក៏ត្រូវម្តាយក្មេកប្តឹងមក សមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]