ភ្នំពេញ ៖ ខឿនសួនច្បារ នៅរមណីយ ដ្ឋានវត្ដភ្នំ បានរងការខូចខាត ដោយសារតែ ក្រុមក្មេងស្ទាវ មានប្រុសមានស្រីប្រមាណ ៥នាក់បានបើកនិង ជិះនៅក្នុង រថយន្ដលុច្ស ស៊ីសទៅបុក រួចហើយអ្នកបើករថយន្ដនិង អ្នករួមដំណើរទាំងនោះ បានគេចខ្លួនបាត់អស់ បន្សល់ទុករថយន្ដដែលរងការខូចខាតនៅ កន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ច ចរាចរជើងគោក ស្ទូចយកទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ ការតាមម៉ូតូច្បាប់។

គ្រោះថ្នាក់ចរាចរបង្កឡើងដោយសារតែអ្នកបើករថយន្ដបើកលឿន និងអាចមាន អាការៈស្រវឹងផងនោះ បានកើតឡើងកាល ពីវេលាម៉ោង៣និង១០នាទីទាបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅសួនប៉ែកខាង លិចក្បែរសណ្ឋាគារសាន់វ៉េ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែល បានឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរខាងលើ នេះ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ មានរថយន្ដ លុច្សស៊ីស៤៧០មួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-2373 ជិះគ្នា៥នាក់ ក្នុងនោះមានស្រី ផងដែរ បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ ៩០ ហើយនៅពេលបត់ស្ដាំមកផ្លូវលេខ៥១ ក៏ជ្រុលចង្កូតទៅបុកខឿនសួនច្បាររមណីយដ្ឋានវត្ដភ្នំ បណ្ដាលឱ្យរងការខូចខាតបាក់អស់ បង់ថ្ម ចំនួនមួយ និងខឿនសួនច្បារចំនួន៤ កង់ផ្សេងទៀត ។

ប្រភពព័ត៌មានពីសាក្សីដដែលបានឱ្យដឹង ទៀតថា ក្រោយពីបង្កគ្រោះថ្នាក់ចរាចរ អ្នក បើករថយន្ដបានបន្ដបើកប្រុងគេចខ្លួន ប៉ុន្ដែ ដោយសារតែរថយន្ដរងការខូចខាត ហើយ បែកកង់មុខទាំងសងខាង ពិបាកធ្វើដំណើរ ផងនោះ បានធ្វើឱ្យអ្នកបើករថយន្ដនិងអ្នក រួមដំណើរឈប់រថយន្ដបើកទ្វារគេចខ្លួនបាត់ ទៅ ។

ក្រោយពីទទួលសេចក្ដីរាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរបុកបំផ្លាញខឿនសួនច្បារ វត្ដភ្នំរួចមក កម្លាំងនគរបាលមូលដ្ឋាននិង កម្លាំងនគរបាលចរាចរណ៍ជើងគោក ដែល យាមប្រចាំការនៅពេលយប់ បានចុះទៅជួយ អន្ដរាគមន៍នៅកន្លែងកើតហេតុ ដោយស្ទូច រថយន្ដបង្កយកទៅរក្សាទុក រង់ចាំការដោះ ស្រាយបន្ដទៀត ។

យ៉ាងណាក៏ដោយ ពុំមាននរណាម្នាក់ ស្គាល់ពីអត្ដសញ្ញាណរបស់អ្នកបើករថយន្ដ និងអ្នករួមដំណើរនោះឡើយ ដោយសារតែ ពេលបង្កគ្រោះថ្នាក់ចរាចររួច ពួកគេបាន គេចខ្លួនបាត់ដោយសុវត្ថិភាព ៕






ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]