កាំរស្មី​UV ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ គ្នា​យើង​ត្រូវ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/24/24b0ea7d092f672cb6e40fd3d09a788b862e6cad.jpg
យល់ដឹង

 ២០-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្វី​ត្បិត​តែ​រាងកាយ​របស់​យើង​ត្រូវការ​​ប៉ះពាល់​ទៅ​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​វីតាមីន​D​ក៏​ពិត​មែន​

ថ្វី​ត្បិត​តែ​រាងកាយ​របស់​យើង​ត្រូវការ​​ប៉ះពាល់​ទៅ​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​វីតាមីន​D​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ទទួល​រង​ឥទ្ធិពល​នៃ​​កាំរស្មី​UV​​ច្រើន​ជ្រុល​ វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ទៅ​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទ​នៃ​កាំរស្មី​UV​

​កាំរស្មី​UV​​មាន​​៣​ប្រភេទ​គឺ៖

  • កាំរស្មី​UVA
  • កាំរស្មី​UVB
  • កាំរស្មី​UVC

ក្នុង​ចំណោម​កាំរស្មី​ទាំង​នេះ​ កាំរស្មីUVC ជា​ប្រភេទ​កាំរស្មី​ដែល​គ្រោះថ្នាក់​បំផុត​ ប៉ុន្តែ​វា​ត្រូវ​បាន​ត្រង​​ដោយ​បរិយាកាស​ទាំង​ស្រុង​ និង​មិន​អាច​ទៅ​ប៉ះ​ផ្ទៃ​ផែន​ដី​ឡើយ​។​ ចំណែក​ឯ​កាំរស្មី​UVA​​ភាគ​ច្រើន​អាច​មក​ដល់​ផ្ទៃ​ផែនដី​ ដោយសារ​តែ​បរិយាកាស​មិន​អាច​ការពារ​កាំរស្មី​ទាំង​នេះ​បាន​ទេ​ ខណៈ កាំរស្មី​UVB​មួយ​ផ្នែក​ធំ ​ត្រូវ​បាន​ការពារ​ដោយ​បរិយាកាស​ផែនដី ហើយ​វា​ក៏​អាច​មក​ដល់​ផ្ទៃ​ដែន​ដី​ដោយ​ផ្អែក​លើ​រយៈ​ទទឹង ពេលវេលា​ជាក់លាក់​ប្រចាំថ្ងៃ​ និង​កត្តា​ដទៃ​ទៀត​។

ផល​ប៉ះពាល់​ដល់​សុខភាព​នៃ​កាំរស្មី​UV

​​​​​​​ពិត​ណាស់​ ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​កាត់បន្ថយ​ការ​ការពារ​បែប​ធម្មជាតិ​នៃ​បរិយាកាស​ពី​កាំរស្មី​UV ហើយ​ប្រសិនបើ​យើង​ប៉ះពាល់​នឹង​កាំរស្មី​UVច្រើន​ជ្រុល​ វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហានិភ័យ​សុខភាព​នៃ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​ខ្លាំង មាន​ដូច​ខាង​ក្រោម​៖

១. មហារីក​ស្បែក​

​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ច្រើន​ជ្រុល​ ឬ​ការ​រលាក​ស្បែក​ជា​ញឹកញាប់​ ជា​ពិសេស​នៅ​អំឡុង​ពេល​នៅ​​ក្មេង​ សុទ្ធ​តែ​អាច​អភិវឌ្ឍ​​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​។ ជំងឺ​​មហារីក​មួយ​ប្រភេទ​នេះ​ កើត​ឡើង​ជា​ទូទៅ ​ហើយ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។

​​​​​​២. បំផ្លាញ​សុខភាព​ភ្នែក

ជំងឺ​ភ្នែក​​​ឡើង​បាយបង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក​ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ និង​ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ វា​ក៏​អាច​នាំ​ឲ្យ​យើង​ពិការ​​ភ្នែក​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាំរស្មី​UV​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បាយ​ភ្នែក​។ ប្រភេទ​នៃ​ការ​បំផ្លាញ​ភ្នែក​ដទៃ​ទៀត​ រួម​មាន​មហារីក​ស្បែក​នៅ​បរិវេណ​ភ្នែក​ ឬ​កន្ទុយ​ថ្លែន​ ​ជាដើម​។ យ៉ាង​ណា​មិញ បញ្ហា​ទាំង​នេះ​អាច​កាត់បន្ថយ​ និង​បង្ការ​បាន​ ដោយ​ការ​ការពារ​ភ្នែក​ឲ្យ​បាន​​ត្រឹមត្រូវ ដូចជា​​ប្រើប្រាស់​​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​​កម្រិត​ការពារ​ខ្ពស់​​។

៣. ចាស់​មុន​វ័យ​ និង​ការ​បំផ្លាញ​ស្បែក​ដទៃ​​ទៀត​

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​​កម្ដៅ​ព្រះ​អាទិត្យ​យូរ​ៗ​ទៅ​​ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្បែក​របស់​យើង​ចាស់​មុន​វ័យ​ ដោយ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​​នៃ​ស្បែក​ និង​​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​​ខូឡាជែន​ និង​ភាព​យឺត​។ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ទាំង​នេះ យើង​គប្បី​ការពារ​ស្បែក​ពី​កាំ​រស្មី​UV ​ដោយ​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ក៏ដោយ​។ ជា​ពិសេស ចូរ​ជៀសវាង​ពី​​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ ដល់​ម៉ោង​៤​ល្ងាច​។

៤. ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​ខ្លាំង​ ក៏​អាច​រារាំង​ដល់​ដំណើរការ​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ និង​កាត់បន្ថយ​ការ​ការពារ​​លក្ខណៈ​ធម្មជាតិ​នៃ​ស្បែក​។ ជា​ទូទៅ​ ស្បែក​របស់​យើង​ការពារ​ប្រឆាំង​នឹង​​ការ​បង្ក​រោគ​ និង​ជំងឺ​មហារីក​។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ប៉ះពាល់​ខ្លាំង​ទៅ​នឹង​កាំរស្មី​UV វា​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​នៃ​ស្បែក​។

ការ​ស្វែង​យល់​ពី​សន្ទស្សន៍​UV

គ្នា​យើង​គប្បី​ស្វែងយល់​ពី​សន្ទស្សន៍​UV ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ទៅ​នឹង​កាំរស្មី​UV ​ដ៏​គ្រោះថ្នាក់​។

  • កម្រិត​០​ដល់​២ (កម្រិត​ទាប​)៖ មិន​ត្រូវ​ការ​ការពារ​ឡើយ​។ យើង​អាច​ចេញ​ទៅ​ខាង​ក្រៅ​បាន​ ដោយ​​គ្រាន់​តែ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​។
  • កម្រិត​៣​ទៅ​៧ (កម្រិត​មធ្យម​ទៅ​ខ្ពស់​)៖ យើង​ចាំបាច់​ត្រូវ​ការពារ​ ដោយ​​​រក​ម្លប់​ដើម្បី​ជ្រក​ នៅ​អំឡុង​​ម៉ោង​១០​ព្រឹក​ ដល់​៤​ល្ងាច។​ នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ គប្បី​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ស្លៀក​សំលៀកបំពាក់​ជិត​ៗ ពាក់​មួក និង​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​។
  • កម្រិត​៨​ ឬ​លើស​ពី​នេះ (កម្រិត​ខ្ពស់​)៖ នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​នេះ​ យើង​ចាំបាច់​ត្រូវ​ការពារ​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​គឺ​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ ដល់​៤​ល្ងាច។​ ស្លៀក​សំលៀកបំពាក់​ជិត​ៗ ពាក់​មួក​ វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ និង​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​​មាន​SPF-15 នៅ​លើ​ស្បែក​ដែល​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​។

ពិនិត្យ​កម្រិត UV តាម​រយៈ​ស្រមោល

អាចមាន​វិធី​ងាយៗ​មួយចំនួន​ សម្រាប់​សម្គាល់​ថា​កម្រិត​UV ដែល​យើង​ប៉ះខ្លាំង​កម្រិតណានោះ ដោយ​យើង​មើល​លើ​ស្រមោល​​៖

  • បើ​សិន​ជា​ស្រមោល​យើង​វែង​ជា​កម្ពស់​របស់​យើង​(ពេលព្រឹក ឬល្ងាច) បាន​ន័យ​ថា​យើង​ប៉ះពាល់​កម្រិត​UV​តិច​។
  • បើ​សិន​ជា​ស្រមោល​ខ្លីជាង​កម្ពស់​របស់​យើង​ជាក់​ស្ដែង (ភាគច្រើន​នៅ​ថ្ងៃត្រង់) នោះ​យើង​កំពុង​រង​ការ​ប៉ះពាល់​កម្រិត​UV​ខ្លាំង។ ចូរ​ស្វែង​រក​ម្លប់​ជ្រក និង​ការពារ​ភ្នែក និង​ស្បែក​របស់​យើង​​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T