អ្វីៗក៏អាចទៅរួចដែរ អាចម៍ផ្កាយមួយបន្លំខ្លួនដូចផ្កាយដុះកន្ទុយ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាខ្លាំង

//s9.kh1.co/be/bef5962b517658209f1eb0e3ae800eb57b645341.jpg
បច្ចេកវិទ្យា

 ១៨-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាចម៍ផ្កាយ Phaethon ត្រូវបានគេរកឃើញនៅខែតុលា ឆ្នាំ១៩៨៣ ហើយត្រូវបានដាក់ឈ្មោះតាមទេវកថារបស់ក្រិក។

បរទេស៖ អាចម៍ផ្កាយ Phaethon បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍អស់ជាច្រើនឆ្នាំមកហើយ ព្រោះវាជាអាចម៍ផ្កាយដែលមានឥរិយាបថដូចផ្កាយដុះកន្ទុយ។ ការស្រាវជ្រាវថ្មីអាចបង្ហាញពីមូលហេតុ ដែលអង្គចម្លែកនេះមានពន្លឺយ៉ាងខ្លាំង នៅពេលវាខិតជិតព្រះអាទិត្យ។ ទាំងអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយសុទ្ធតែគោចរជុំវិញព្រះអាទិត្យ ប៉ុន្តែអាចម៍ផ្កាយបង្កើតឡើងដោយលោហធាតុនិងថ្ម ខណៈពេលដែលផ្កាយដុះកន្ទុយត្រូវបានបង្កើតឡើងពីប្រភេទទឹកកក ថ្ម និងធូលីផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលគន្លងតារាវិថីរបស់ផ្កាយដុះកន្ទុយខិតទៅជិតព្រះអាទិត្យ ពួកវានឹងកើនកម្ដៅ។ អង្គដែលកកមកពីខាងចុងប្រព័ន្ធព្រះអាទិត្យនេះនឹងបញ្ចេញធូលីនិងថ្ម ខណៈទឹកកករបស់វាបានហួតឡើង បង្កើតជាសញ្ញាកន្ទុយ អាចលាតសន្ធឹងរាប់លានគីឡូម៉ែត្រ។ អាចម៍ផ្កាយ Phaethon ត្រូវបានគេរកឃើញនៅខែតុលា ឆ្នាំ១៩៨៣ ហើយត្រូវបានដាក់ឈ្មោះតាមទេវកថារបស់ក្រិក។ អាចម៍ផ្កាយ Phaethon គោចរនៅជិតព្រះអាទិត្យជាងអាចម៍ផ្កាយដទៃទៀត ហើយត្រូវចំណាយពេលប្រហែល១.៤ឆ្នាំ ឬ៥២៤ថ្ងៃ ដើម្បីធ្វើដំណើរបានមួយជុំ។

រូបតំណាងអាចម៍ផ្កាយ Phaethon គូរដោយវិចិត្រករ
រូបតំណាងអាចម៍ផ្កាយ Phaethon គូរដោយវិចិត្រករ

អាចម៍ផ្កាយមួយនេះកើនកម្ដៅដល់៧៥៤អង្សាសេ ពេលនៅជិតព្រះអាទិត្យបំផុត ដែលបណ្ដាលឲ្យវាបញ្ចេញកំទេចកំទីធូលី។ ដូច្នេះហេតុអ្វីបានជាអាចម៍ផ្កាយ Phaethon ដែលមានទទឹង៥.៨គីឡូម៉ែត្រ មានពន្លឺនៅពេលវាទៅជិតព្រះអាទិត្យ?

ការបង្កើតគំរូថ្មីនិងការធ្វើតេស្ដនៅមន្ទីរពិសោធន៍បានបង្ហាញថា អាចម៍ផ្កាយបានបញ្ចេញអ្វីមួយផ្សេងទៀត នៅពេលវាកើនកម្ដៅ នោះគឺសារធាតុសូដ្យូម។ ក្នុងកំឡុងពេលដែលវាស្ថិតនៅជិតព្រះអាទិត្យបំផុត សីតុណ្ហភាពនៅលើផ្ទៃរបស់អាចម៍ផ្កាយ Phaethon កើនឡើងខ្លាំង ដែលសារធាតុសូដ្យូមក្នុងអាចម៍ផ្កាយហួតទៅក្នុងលំហ។ នេះអាចបណ្ដាលឲ្យអាចម៍ផ្កាយភ្លឺ ស្ទើតែដល់កម្រិតផ្កាយដុះកន្ទុយ ហើយបញ្ចេញកំទេចកំទីថ្មផងដែរ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T