រាជធានីភ្នំពេញ ៖ ទង់ជាតិជាអត្តសញ្ញាណរបស់ជាតិខ្មែរ ដែលដាច់រហែករយ៉ៃ និងចាស់ហើរពណ៌អស់ទៅហើយ ត្រូវបានគេដោតនៅលើខ្លោងទ្វារ សាកលវិទ្យាល័យ ដ៏ស្កឹមស្កៃមួយក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ដែលហាក់ដូចជាគ្មាននរណា យកចិត្តទុកដាក់ និងមើលឃើញឡើយ ។ គេនិយាយថា សាលារៀនជាថ្នាលបណ្តុះបណ្តាល ការដាក់ទង់ជាតិបែបនេះហាក់ដូចជាមិនសម និងមិនស្រឡាញ់នូវជាតិសាសន៍របស់ខ្លួន ។ ម៉្យាងទៀត សាកលវិទ្យាល័យនេះជា សាកលវិទ្យាល័យមួយដ៏ស្កឹមស្កៃ មានភាពសុីវិល័យ មិនគួរដាក់ទង់ជាតិរហែករយ៉ៃបែបនេះទេ ។

បើសិនជាយើងធ្វើដំណើរឆ្លងស្ពានជ្រោយចង្វា ទៅទិសខាងកើតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយបត់ទៅតាមវិថីកែវចិន្តា ហួសភូមិគ្រឹះលោក ញឹក ប៊ុនឆៃ បន្តិច យើងក្រឡេកមើលមកខាងស្តាំដៃនឹងឃើញអគារ ដ៏ស្កឹមស្កៃមួយដែលគេស្គាល់ថា ជាសាកលវិទ្យាល័យមួយ ។ នៅខ្លោងទ្វារខាងកើត គេឃើញមានទង់ជាតិខ្មែរចំនួន២ ដែលជាអត្តសញ្ញាណជាតិយើងចាស់រហែករយ៉េរយ៉ៃ នៅសល់តែដងគួរឱ្យស្រងេះស្រងោចជាទីបំផុត ។

តាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋនៅក្បែរនោះឱ្យដឹងថា ទង់ជាតិនេះត្រូវបានគេដាក់នៅ សងខាងខ្លោងទ្វារសាលា និងដាច់រយ៉ៃស្ទើរតែបាត់ទ្រង់ទ្រាយ អស់ប្រមាណជិត១ឆ្នាំទៅហើយ ដោយគ្មាននរណាមើលឃើញឡើយ ។ យើងជាខ្មែរត្រូវស្រឡាញ់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ។ ទង់ជាតិជាអត្តសញ្ញាណរបស់ជាតិខ្មែរ គួរយើងមានគំនិតស្រឡាញ់ មិនត្រូវបង្ហូតទុកឱ្យរហែករយ៉ៃសល់តែដងមិនដូរនោះទេ ។

ទង់ជាតិមួយមិនថ្លៃទេ ហើយគេលក់ពេញផ្សារ មិនត្រូវទុកបែបនេះនាំឱ្យជាតិ សាសន៍ដទៃគេមើលងាយថា ខ្មែរសូម្បីតែទង់ជាតិរបស់ខ្លួនក៏មិនស្រលាញ់  ដែរ ។ ការលើកឡើងនេះ គ្មានចេតនាណាមួយបន្តុះបង្អាប់ និងមានគំនិតជាតិនិយមតែម្នាក់ឯងនោះទេ តែជាការដាស់តឿន យើងជាខ្មែរត្រូវចេះស្រឡាញ់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិរបស់ខ្លួន ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]