ខេត្តព្រៃវែង ៖ នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៩ កក្កដា នៅអ្នកលឿងត្រើយខាងកើតបាន ចាប់ផ្តើមកកស្ទះយ៉ាងណែន ណាន់តាន់តាប់ទៅដោយមនុស្សម្នា ក្មេងចាស់ ប្រុសស្រីរាប់ម៉ឺននាក់ ដែលភាគច្រើនជាកម្មករ កម្មការិនីដែលវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ដើម្បីចូលទៅធ្វើការនៅតាមរោងចក្រ ឬក្រុមហ៊ុននានា ។ អ្នកខ្លះធ្វើដំណើរ ដោយជិះម៉ូតូឌុបគ្នា២ទៅ៣នាក់ ខ្លះទៀតជិះរថយន្តឈ្នួលគ្រប់ប្រភេទ រួមទាំងរ៉ឺម៉កម៉ូតូផង បាននាំគ្នាសម្រុកចុះសាឡាងប្រជែងគ្នា បន្ទាប់ពីពួកគេបានមកបំពេញ កាតព្វកិច្ចជាពលរដ្ឋ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា រួចមក ។

ទោះជាយ៉ាងណា ការកកស្ទះនេះពុំមានផ្តល់ផលលំបាក អ្វីធ្ងន់ធ្ងរទៅដល់អ្នកធ្វើដំណើរទេ ដោយសារ ១-មេឃស្រទំ មានភ្លៀងរលឹមតិចៗ ផ្តល់ភាពត្រជាក់ដល់អ្នកធ្វើដំណើរផង និងដល់កងកម្លាំងប៉ូលិស កងរាជអាវុធហត្ថផង រួមទាំងបុគ្គលិកសាឡាងទាំងជើងទឹក ទាំងជើងគោក បានសហការគ្នាយ៉ាងល្អប្រសើរ ។ ២-មានសាឡាងចំនួន៤គ្រឿង គឺ២ចេញ ២ចូល គ្មានឈប់ ដើម្បីសម្រុកដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ។ ការរៀបចំសណ្តាប់ធ្នាប់មាន ប៉ូលិសនិងកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង ពន្លក អធិការប៉ូលិសស្រុកពាមរក៍ និងលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង និងជាមេបញ្ជាការកងរាជអាវុធហត្ថស្រុមពាមរក៍ បានរៀបចំកម្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីរង្វង់មូលក្បាលសាឡាងរហូតដល់កន្ទុយរថយន្ត ដែលកកស្ទះមានប្រវែងប្រហែល៥០០ម៉ែត្រ ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់ផ្នែកចរាចរណ៍ឱ្យបានល្អ បញ្ចៀសបាននូវការកកស្ទះ ធ្វើដំណើរទៅមកមិនបាន ។

ក្រុមអ្នកធ្វើដំណើរដែលពេញចិត្តនឹងការរៀបចំនេះ ខ្លះបានផ្តល់ប្រាក់ពី២.០០០រៀលរហូតដល់៥.០០០រៀល ដល់កម្លាំងប៉ូលិស និងប៉េអឹម សម្រាប់ថ្លៃបាយទឹកផងដែរ ដោយសារតែឃើញកម្លាំងសមត្ថកិច្ច បំពេញការងារសកម្ម រកពេលសម្រាកគ្មានចាប់តាំងពីថ្ងៃមុនបោះឆ្នោតមកម៉្លេះ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]