រាជធានីភ្នំពេញ ៖ ជនជាតិអឺរ៉ុបស្រីប្រុស២នាក់ តែមិនដឹងថាជាតិសាសន៍អ្វីទេ បានជិះរ៉ឺម៉កម៉ូតូដើរកម្សាន្ត តាមមាត់ទន្លេមួយជុំ ហើយឱ្យថ្លៃរ៉ឺម៉កម៉ូតូតែ១ដុល្លារ ឯអ្នកបើករ៉ឺម៉កម៉ូតូមិនព្រមយក ដោយទាមទារ២ដុល្លារ ។ ពេលនោះដោយជនជាតិបរទេស ២នាក់នេះមិនព្រមឱ្យ អ្នកបើករ៉ឺម៉កម៉ូតូដែលមានធុំក្លិនស្រាផង ក៏ទាញដែកបំពង់ទីបពីក្នុងរ៉ឺម៉កម៉ូតូប្រុង វាយជនជាតិបរទេសនោះ ទើបបោះលុយឱ្យថែម១ដុល្លារទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៩ កក្កដា នៅកែងវិថីសុធារស និងវិថីសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយបើតាមប្រភពព័ត៌មានឱ្យដឹងថា ជនជាតិអឺរ៉ុបនេះក៏មានអាការស្រវឹងស្រាដែរ ។ អ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ មាស បូរ៉ា អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់ដឹកជនជាតិបរទេស២នាក់ (ស្ត្រីម្នាក់និងបុរសម្នាក់) ដែលបានហៅជិះពីមុខសណ្ឋាគារណាហ្គាវើល ដើរកម្សាន្តតាមមាត់ទន្លេមួយជុំតាំងពីផ្លូវសួនថ្មី ឆ្ពោះទៅកោះពេជ្រ ហើយព័ទ្ធទៅមុខសណ្ឋាគារណាហ្គាវើលវិញ រួចជិះហួសទៅដល់កែងវិថីសុធារស និងវិថីសុរាម្រឹត ទើបភ្ញៀវទាំង២នាក់នោះឈប់ជិះ ហើយហុចលុយឱ្យគាត់១ដុល្លារ តែគាត់មិនព្រមយកទេ ដោយទាមទារ២ដុល្លារ ។

ដោយសារជនជាតិបរទេសនេះមិនព្រមឱ្យ គាត់ក៏ទាញយកដែកបំពង់ទីបពី ក្នុងរ៉ឺម៉កម៉ូតូគំរាមវាយ ទើបជនជាតិបរទេសនោះបោះ លុយឱ្យថែម១ដុល្លារទៀត ។ បន្ទាប់មក ពួកគេដើរចេញទៅបានបន្តិចជួបនឹងកម្លាំង នគរបាលអន្តរាគមន៍ខណ្ឌដូនពេញ បើករថយន្តមកដល់ ក៏នាំគ្នាប្តឹងរួចហើយដើរចេញទៅបាត់ស្រមោល ។ ក្រោយពេលកើតហេតុ កម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ បានសាកសួរអ្នកបើករ៉ឺម៉កម៉ូតូដឹងសាច់រឿង ហើយណែនាំអ្នកបើករ៉ឺម៉កម៉ូតូឱ្យឈប់ប្រើ អំពើហិង្សាទៅលើភ្ញៀវដែលជិះរ៉ឺម៉កម៉ូតូបន្តទៀត ជាពិសេសភ្ញៀវ ដែលជាជនជាតិបរទេសតែម្តង ព្រោះធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]