ខេត្ដកំពង់ចាម ៖ ឈ្មោះ ងិន ប៊ុនថុន អាយុ៣២ឆ្នាំ មានប្រពន្ធកូនត្រឹមត្រូវរស់នៅ ភូមិលេខ៤ខាងកើត ឃុំអំពិលតាពក ស្រុកអូរាំងឪ ជាបុរសម្នាក់ត្រូវបានអ្នកស្រុកអូរាំងឪ ភាគច្រើនឱ្យឈ្មោះថា ជាជនពាលមួយរូបគួរឱ្យខ្លាចបំផុត ។ ជននេះមានមុខរបរមិនដែលស្របច្បាប់ទេ ក្រៅពីបើកល្បែងស៊ីសងនៅផ្ទះរបស់ខ្លួន នៅមានមុខរបរខុសច្បាប់ច្រើនទៀត ដូចជារកស៊ីដឹកឈើគ្រញូង ឈើប្រណីត និងសង្ស័យរហូតដល់គ្រឿងញៀនទៀតផង ដែលសមត្ថកិច្ចអត់ហ៊ានបង្ក្រាបឡើយ ។ ដោយសារតែមិនអាចបង្ក្រាបបាននេះហើយ ទើបធ្វើឱ្យឈ្មោះ ងិន ប៊ុនថុន ប្រព្រឹត្ដអំពើអាក្រក់បានសុខរហូតមក សូម្បីអ្នកស្រុកអូរាំងឪទាំងមូលខ្លាចឈ្មោះនេះជាប់រហូត ទោះបីឈ្មោះនេះប្រព្រឹត្ដអាក្រក់អ្វីក៏ដោយ ក៏អត់ហ៊ាននិយាយប្រាប់សមត្ថកិច្ចដែរ ។

ដោយសារគ្រប់គ្នាខ្លាចបែបនេះហើយ ធ្វើឱ្យ ងិន ប៊ុនថុន ក្លាយជាមនុស្សកាន់តែអាក្រក់ឡើេងៗ រហូតដល់បាញ់បោះដោយ សេរីញឹកញាប់ទៀតផង ធ្វើឱ្យអ្នកស្រុកអូរាំងឪកាន់តែខ្លាចឡើង រហូតខឹងដល់រដ្ឋអំណាចថា «ខ្សោយ» ។ ប៉ុន្ដែតាមពិតទៅ រដ្ឋអំណាចស្រុកមិន «ខ្សោយ» ទេ មកពីអ្នកស្រុកខ្លាចពេកមិនហា៊នរាយការណ៍ ទើបអត់វត្ថុតាងសម្រាប់ដាក់បន្ទុក ។ ទោះជាយ៉ាងនេះក្ដី ដោយសារតែជននេះបង្ក បាតុភាពអាក្រក់ច្រើនពេក រហូតដល់មានកាំភ្លើងខ្លីអត់ច្បាប់ និងបាញ់បោះសេរីច្រើនដងពេក ទើបកាលពីព្រឹកថ្ងៃទី២៥ កក្កដា នគរបាលស្រុកបានសម្រេចចាប់ខ្លួនតាមដីកាសាលា ដំបូងបញ្ជូនទៅស្នងការដ្ឋានខេត្ដ និងបញ្ជូនបន្ដទៅសាលាដំបូងដើម្បីចាត់ការ តាមផ្លូវច្បាប់ ព្រមទាំងបានបញ្ជូនបន្ដទៅឃុំខ្លួននៅពន្ធនាគារខេត្ដ រង់ចាំបើកសវនាការនៅពេលក្រោយ ។ ក្រោយពេលចាប់ខ្លួន កោះសន្ដិភាពទទួលដំណឹងថា មានឧកញ៉ាម្នាក់ជាដង្ខៅកៅស៊ូខេត្ដកំពង់ចាម (សុំមិនទាន់បញ្ចេញឈ្មោះ)បានទំនាក់ទំនងសុំដោះលែង ។ អ្នកស្រុកអូរាំងឪប្រាប់កោះសន្ដិភាពថា បើជននេះត្រូវបានដោះលែងមែន ពួកគេលែងមានជំនឿលើច្បាប់ហើយ ។ ម៉្យាងទៀត បើដោះលែងមែន ឈ្មោះ ងិន ប៊ុនថុន និងលើកស្រុកអូរាំងឪឱ្យក្រឡាប់ ធ្វើឱ្យអ្នកស្រុកកាន់តែភ័យខ្លាច សូម្បីអ្នកចាប់ក៏អស់ទឹកចិត្ដដែរ ។ 

សកម្មភាពអាក្រក់នានារបស់ឈ្មោះ ងិន ប៊ុនថុន ដែលកោះសន្ដិភាពទទួលបានពីអ្នក ស្រុកអូរាំងឪមានច្រើនណាស់ ។ អ្នកអូរាំងឪនិយាយថា កន្លងមក ស្ទើររៀងរាល់ខែ នៅពេលខ្លះ ងិន ប៊ុនថុន ស្រវឹងស្រា និងពេលខ្លះមិនស្រវឹងស្រាទេ គឺបានធ្វើសកម្មភាពបើកបរអនាធិបតេយ្យ ដូចជាជិះម៉ូតូបង្ហោះ ឬរោទ៍ខ្លាំងៗ និងជិះលឿនៗ រេរកបុកគេឯងគ្រប់គ្នា និងពេលខ្លះបានបើក រថយន្ដដាក់ទទឹងផ្លូវជាតិ អង្គុយជក់បារីធ្វើមិនដឹង ជាហេតុធ្វើឱ្យមានបញ្ហាកកស្ទះ ។ ពេលខ្លះមានបញ្ហាឈ្លោះប្រកែក គ្នាជាមួយប្រជាពលរដ្ឋ ដែលមានបញ្ហាកកស្ទះចរាចរណ៍នោះ បានយកអាវុធភ្ជង់គំរាម និងពេលខ្លះមានដំបងប្រមាថ វាយបំបែកក្បាលគេឯង ។ សកម្មភាពនេះ ងិន ប៊ុនថុន ភាគច្រើនបង្កឡើងក្នុងពេលយប់ជ្រៅ ចន្លោះពីម៉ោង១២ដល់ម៉ោង១យប់ ។ រាល់ពេលដែលសមត្ថកិច្ចចុះធ្វើសកម្មភាពត្រួតពិនិត្យ អាវុធជាតិផ្ទុះតាមដងផ្លូវសាធារណៈ ពេលយប់ ងិន ប៊ុនថុន តែងតែធ្វើសកម្មភាពបើករថយន្ដ ឬម៉ូតូលឿនៗ និងរោទ៍ជិះឆាបសមត្ថកិច្ច ហើយរេបុកគេឯងគ្មាន កោតខ្លាចសមត្ថកិច្ច ឬច្បាប់ឡើយ ។ មានយប់មួយនោះ លោក រស់ សុខន អភិបាលស្រុក បានជិះរថយន្ដមកពីផ្ទះឯក្រុងកំពង់ចាម ពេលមកដល់មុខផ្ទះ ងិន ប៊ុនថុន នៅភូមិស្រែស្ពៃ ក៏មានរថយន្ដឡង់គ្រីស្ស័ររបស់ឈ្មោះនេះបញ្ចាំងភ្លើងហ្វា បើកមកស្ទាក់ពីមុខមិនឱ្យបើកទៅមុខបាន ភ្លាមនោះលោក រស់ សុខន បានទូរស័ព្ទហៅលោកអធិការ ញ៉ែម សុខុម ឱ្យមកស្ទាក់ចាប់រថយន្ដនេះ ។ ពេលនោះដោយរថយន្ដរបស់ ងិន ប៊ុនថុន បានបញ្ចាំងភ្លើងមកឃើញលោកអភិបាលស្រុក ក៏បានបើករថយន្ដគេចឆ្ពោះទៅថ្នល់ទទឹងបាត់ទៅ ហើយលោកអធិការនគរបាល ដេញចាប់មិនបាន ។ លុះព្រឹកឡើងមានសាច់ញាតិមកជួប សុំទោសលោកអភិបាលស្រុក ហើយលោកក៏មិនយកក្ដីអ្វីដែរ ។

ថ្ងៃទី២៥ មិថុនា ២០១៣ នៅវេលាម៉ោង៨យប់ ក្នុងពិធីជប់លៀង នៅវិទ្យាល័យ ហ៊ុន សែន អូរាំងឪ លោក ជៀប សំអាត នាយករដ្ឋបាលសាលាស្រុកអូរាំងឪបានបើករថយន្ដរបស់លោកអភិបាលស្រុក ចេញពីកន្លែងពិធីខាងលើ ខណៈនោះឈ្មោះ ងិន ប៊ុនថុន បានបើករថយន្ដម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ ដេញតាមបុកលោក ជៀប សំអាត ។ ពេលឃើញសកម្មភាពនោះលោក ជៀប សំអាត បានបើករថយន្ដរត់ចូលស្នាក់ការកងរាជអាវុធហត្ថស្រុកអូរាំងឪ ដើម្បីឱ្យជួយអន្ដរាគមន៍ ។ យប់ថ្ងៃទី១០ កក្កដា ២០១៣ ម៉ោងប្រហែល១២យប់មានផ្ទុះអាវុធ៤-៥គ្រាប់ លោកអភិបាលស្រុក បានបញ្ជាឱ្យស្រាវជ្រាវបន្ទាន់ អស់រយៈពេលប្រហែល១០នាទីបានស៊ើបដឹងថា គឺឈ្មោះ ងិន ប៊ុនថុន ជាអ្នកបាញ់ ចេញពីក្នុងផ្ទះ ។ តាមសម្ដីរបស់ប្រជាពលរដ្ឋ ដែលបាននិយាយតៗគ្នាថា នៅថ្ងៃទី១២ កក្កដា ២០១៣ វេលាម៉ោង១២និង២៥នាទី បន្ទាប់ពីអនុវត្ដដីកាឆែកឆេរលំនៅឋាន ងិន ប៊ុនថុន ចប់សព្វគ្រប់នៅថ្ងៃដដែលវេលាម៉ោង៤រសៀល ងិន ប៊ុនថុន បានមកដល់ផ្ទះ ហើយបានស្រែកជេរប្រមាថថា «ពួកអាណា ពួកហ្អែងទាំងអស់គ្នាម៉េចបាន ហ៊ានមកឆែកឆេរផ្ទះអញ អាណាអ្នកបញ្ជា» ស្រែកជេរប្រមាថយ៉ាងខ្លាំងៗ រួចហើយបើករថយន្ដរោទ៍ចុះឡើង ទៅវិញទៅមកតាមដងផ្លូវ និងកន្លែងទីប្រជុំជននៅចំណតរថយន្ដផ្សារអូរាំងឪ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់គ្នា ។ 
មានយប់មួយនោះ នៅចំណុចផ្លូវជាតិលេខ១១B ស្ថិតក្នុងភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូរាំងឪ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងមូ៉ូតូ ខណៈនោះមានប្រជាពលរដ្ឋដែលនៅក្បែរ កន្លែងកើតហេតុនាំគ្នាចេញមកមើល ។

បន្ដិចក្រោយមកឈ្មោះ ងិន ប៊ុនថុន បានបើករថយន្ដកាមរី ពណ៌ស កែដាក់ទ្រុងខាងក្រោយសម្រាប់ រកស៊ីដឹកឈើមកឈប់កន្លែងគ្រោះថ្នាក់ ហើយចុះពីរថយន្ដដកកាំភ្លើងខ្លីម៉ាកកា៥៤ អាមេចុះឡើងភ្ជង់គំរាមទៅ ម្ចាស់រថយន្ដដែលគ្រោះថ្នាក់ចរាចរណ៍នោះ និងវាសកាំភ្លើងរេចុះឡើងទៅលើ ប្រជាពលរដ្ឋដែលនៅមើល ធ្វើឱ្យអ្នកទាំងនោះភិតភ័យយ៉ាងខ្លាំង រត់បាតជើងសព្រាត ។ បន្ដិចក្រោយមក ទើបបើករថយន្ដចេញទៅបាត់ ។ សកម្មភាពទាំងអស់ខាងលើនេះ និងទង្វើសកម្មភាពផ្សេងៗដទៃទៀតដែល ងិន ប៊ុនថុន បានប្រព្រឹត្ដគឺប្រជាពលរដ្ឋក្នុងស្រុក និងអ្នកដែលធ្លាប់ធ្វើដំណើរជួបប្រទះ មានការភ័យខ្លាច និងខឹងសម្បាយ៉ាងខ្លាំង ប៉ុន្ដែពួកគាត់មិនហា៊នចេញមុខប្ដឹង ឬរាយការណ៍ប្រាប់សមត្ថកិច្ចឡើយ ។ ព្រោះពួកគាត់ខ្លាចអំណាច និងអំពើគ្មានមនុស្សធម៌របស់ ងិន ប៊ុនថុន គឺបានត្រឹមតែពួកគាត់ខ្សឹបនិយាយតៗគ្នាពី មាត់មួយទៅមាត់មួយតែប៉ុណ្ណោះ ព្រមទាំងខឹងដល់រដ្ឋអំណាចស្រុកថា រដ្ឋអំណាចអត់បានការ និងបានប្រកាសលែងបោះឆ្នោតឱ្យទៀតផង ។ អ្នកផ្សារអូរាំងឪរង់ចាំមើល តើជនពាល ងិន ប៊ុនថុន ទទួលទោសកម្រិតណា? តិចលោខ្លាចអំណាចឧកញ៉ាថៅកែកៅស៊ូ ហើយដោះលែងទៅ? បើបានរួចខ្លួនមែន សូមមេត្ដាជួយប្រាប់កោះសន្ដិភាពតាមទូរស័ព្ទផង...

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]