ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ចម្រុះ ខណ្ឌសែនសុខ បាន មកអន្តរាគមន៍ភ្លាមៗ ដល់កន្លែង កើតហេតុ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ នារីរូបស្រស់ឆើតឆាយពីរនាក់ បើករថយន្តកាមរី ហាយប្រ៊ីត លឿនជ្រុលបុក រថយន្តសាំងយ៉ុង ក្រឡាប់ផ្ងារ ជើងហើយបន្តទៅបុកជញ្ចាំង ស្តាតម៉ាតរបស់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច បន្ទាប់ពីកើតហេតុ នារីស្រស់ឆើតឆាយ បានហៅ បុរសពីរនាក់ ជិះរថយន្តហាយ លែនឌ័រ ១គ្រឿង មក រំដោះយកនាង ទាំងពីរនាក់នោះ រួចបើករថយន្តបង្កហេតុគេចខ្លួន បាត់ ថែមទាំងពួកគេបានវាយ នគរបាល ម្នាក់ រងរបួស ទៀតផង ប៉ុន្តែជនក្លាហាន ២ នាក់ ដែលមករំដោះនារីខាងលើនេះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខភ្លាមៗ។

ហេតុការណ៍ នេះ បានកើតឡើង កាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ មាននារី៍ម្នាក់ អាយុប្រហែល ២២ឆ្នាំ បានបើកបររថយន្តកាមរីហាយ ប្រ៊ីត  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-6886 បើកបរតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើង ទៅត្បូង ដោយបានបើកបរ ក្នុងល្បឿនយ៉ាង លឿន សម្រុកចូលក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ខណៈ រថយន្តកាមរីហាយប្រ៊ិត បានគេចពីម៉ូតូសេ ១២៥ មួយគ្រឿងបណ្តាលឲ្យជ្រុលទៅបុកចំក្បាល រថយន្តសាំងយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២ I-8556 ដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តសាំងយ៉ុងក្រឡាប់ផ្ងារជើងច្រងាង ហើយរថយន្តកាមរីហាយប្រ៊ិតបានបន្តល្បឿនជ្រុល ទៅបុកចំជញ្ជាំងស្តាតម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច គាបជាប់ខ្ទេចក្បាលរថយន្តកាមរីហាយប្រ៊ីត នឹងជញ្ជាំង ។ បន្ទាប់ពី មានហេតុការណ៍ដ៏រន្ធត់ខាងលើនេះ មានបុរសចំនួន ២ នាក់ទៀត វ័យជាង ២០ឆ្នាំបានបើក រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿងមកមកឈប់កន្លែងកើតហេតុដោយបានប្រទូស្តរាយ ជាមួយសមត្ថកិច្ច ដើម្បីរំដោះយកនារីរូបស្រស់ ដែលបើកបរ រថយន្តបង្កហេតុឲ្យរត់គេចខ្លួនបាត់ ។ ចំណែកបុរស ២ នាក់នោះ បានវាយប្រហារ ទៅលើនគរបាល ខណ្ឌសែនសុខ ម្នាក់បណ្តាលឲ្យរងរបួស ហូរឈាម ស្រោចខ្លួន ទើបត្រូវសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ ចាប់វាយខ្នោះពួកគេទាំងពីរនាក់ យកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ បណ្តាលឲ្យបុរសជាម្ចាស់ រថយន្តសាំងយ៉ុងម្នាក់ ត្រូវរងរបួសធ្ងន់ ខណៈដែល រូបគាត់ កំពុងដេកក្នុងរថយន្ត ប៉ុន្តែរថយន្តទាំង ២ គ្រឿង ត្រូវរងការខូចខាតស្ទើរទាំងស្រុង ។ សមត្ថកិច្ចមូលដ្ឋាន បានបញ្ចាក់ថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងស្ទូចយករថយន្តទាំង ២ គ្រឿងនិងឃាត់ខ្លួន បុរស ២ នាក់ ដែលមកអន្តរាគមន៍រំដោះនារី បើកបររថយន្តហេតុយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំពោះករណីនេះបង្កឡើង ដោយសារម្ចាស់រថយន្តកាមរី ហាយប្រ៊ីត បានបើកបរលឿនពេក ទើបជ្រុលបុករះរថយន្តសាំងយ៉ុង និងជញ្ជាំងស្តាតម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ទាំងកំរោលតែម្តងទៅ ។

សាក្សីដែលចោមរោមមើល ទិដ្ឋភាព ដែលបុរស ២ នាក់ វាយប្រហារលើនគរបាល ម្នាក់បណ្តាលឲ្យរងរបួស បាននិយាយរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ពួកគេ ដែលប្រព្រឹត្តនៅសកម្មភាព ផ្ទុយពីច្បាប់ ។ ដូច្នេះប្រជាពលរដ្ឋនឹងទន្ទឹមរង់ចាំមើលតើបុរសទាំង ២ នាក់នេះ ជាកូនលោកណា អីក៏ថ្លើមធំម៉្លេះ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]