បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កឡើង ដោយអ្នកបើក រថយន្តលុច្សស៊ីស បានបុកម៉ូតូជនរង គ្រោះពីក្រោយរងរបួសធ្ងន់ ហើយបញ្ជូនទៅ សង្រ្គោះតែ អកុសល ជនរងគ្រោះ បានស្លាប់តាមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអនុសេនីយ៍ឯក សំ ហាយ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា រថយន្តបង្ក ម៉ាកលុច្សស៊ីស ៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q.8007 ចំណែកម៉ូតូរបស់ជនរងគ្រោះ ដែលរថយន្តបុកពីក្រោយនោះ ម៉ាកហុងដា C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1A.1016 ។

មន្រ្តីនគរបាល ចរាចរណ៍ខេត្ត មុនពេលកើតហេតុ ឃើញរថយន្តម៉ាកលុច្សស៊ីស បានបើកបរពីកើតទៅលិច ស្របទិសគ្នាជាមួយ និងម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹង បណ្តាលម៉ូតូខ្ទាតធ្លាក់ពីលើថ្នល់រងរបួសធ្ងន់តែម្តង ។

មន្រ្តីនគរបាលចរាចរណ៍បាបន្តថា ជនរងគ្រោះជាម្ចាស់ ម៉ូតូឈ្មោះ ម៉ៅ ដារ៉ាភា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានស្លាប់តាមផ្លូវពេលដឹកទៅព្យាបាល នៅមន្ទីរពេទ្យខេត្ត បាត់ដំបង ។ ចំណែកអ្នកបើកបរ រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុ បានបើករថយន្តរត់គេចខ្លួន ទាំងបែកកង់មុខផ្នែកខាងស្តាំ ហើយក្រោយមកបានទុក រថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នសពជនរងគ្រោះក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្ត ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]