រាជធានីភ្នំពេញ ៖ ​​មានជន​ជាតិ​ចិន​ម្នាក់​ស្រវឹងជោកជាំ បើក​រថ​យន្តឡិចស៊ីស ៤៧០​ទៅ​បុកគូទ​រថយន្ត ​​ឡិច​ស៊ីស​ RX300 ​​រុញប៉ើង​ទៅ​មុខកន្លះ​ម៉ែត្រ បណ្តាល​ឱ្យ​ខូច​ខាត​រថយន្ត​​​ទាំងពីរគ្រឿង ​តែ​មិន​មានអ្នករបួសទេ  កាល​ពីវេលាម៉ោង១០ ​និង​៣០នាទី​យប់ ថ្ងៃទី១៩ មេសា តាម​បណ្តោយ​​​វិថី​​​សហ​ព័ន្ធ​​រុស្ស៊ី ​នៅជិត​​វិមាន​សន្តិភាព​​​ ស្ថិត​ក្នុង​​ក្រុមទី៣ ​សង្កាត់ស្រះ​ចក ខណ្ឌ​ដូនពេញ ។

បើ​តាម​សម្តី​​​ម្ចាស់​រថ​យន្ត​​​ឡិចស៊ីស RX300  ពណ៌ស្ករ ​បានឱ្យ​ដឹង​​ថា មុន​ពេល​​កើត​ហេតុ គាត់បើករថយន្ត​មកដល់​​មុខផ្ទះ ហើយ​​​ចុះ​បើក​​ទ្វាររបង​​ ស្រាប់តែ​មានរថយន្ត​​ឡិចស៊ីស​​៤៧០​ ពណ៌ស ​បើកបរ​ដោយ​​ជនជាតិចិន ​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ជោក ​​ពីលិចទៅ​កើតជ្រុល​​ទៅ​បុកគូទ​​​រថ​យន្ត​​របស់​គាត់​ បណ្តាលឱ្យ​ប៉ើង​​រុញ​ទៅមុខ​​កន្លះ​​ម៉ែត្រ ។
​​ប្រភពព័ត៌មាន​​ឱ្យ​ ដឹងទៀតថា ​​ក្រោយ​ពេល​កើតហេតុ រថយន្ត​ឡិចស៊ីស៤៧០បានគេច​ខ្លួន​ទៅបាត់​មួយសន្ទុះ​​​ ទើប​មាន​តំណាង​​ចេញ​មុខ​​​មក​ធ្វើ​ការ​ចរចា​​នៅ​កន្លែង​​​​កើតហេតុ​​ជិត​២​​ ​ម៉ោង​​ នៅ​តែ​ដោះ​ស្រាយ​មិន​ត្រូវគ្នា ។ ​​

រហូត​​​​សមត្ថកិច្ច​ចុះ​ទៅ​​បម្រុង​ស្ទូច​យក​​រថ​យន្ត ​​​ទៅ​រក្សា​ទុក​​នៅ​ការិយា​ល័យ​​នគរបាល​​​ចរាចរ​ជើង​គោក ​ទើប​​ភាគីខាង​ជនជាតិ​ចិន ព្រម​សង​សំណង​​ទៅ​ម្ចាស់​​​រថយន្ត​​ឡិចស៊ីស RX300 ​ចំនួន​៥០០​ដុល្លារ ​​​ដើម្បី​​បញ្ចប់សាច់រឿង ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]