ភ្នំពេញ៖ លោក ជា​ រតនា​ដែល​ជា​អភិបាល​ធនាគារ​សហ​ពាណិជ្ជ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ មករា​ ឆ្នាំ​ ២០១២​នេះ​ថា​ រូបលោក​មិន​មាន​ប្អូន​ប្រុស​បង្កើត​ឈ្មោះ ​ជា​ រតនៈ ​ដែល​បាន​ផ្ទុះអាវុធ​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ដូច​ការ​ចុះ​ផ្សាយ​របស់​កា​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ចេញផ្សាយ​ឆ្នាំ​ទី២លេខ ៥៩៦ ចេញផ្សាយ​ថ្ងៃ​ពុធ​ទី ១១ ខែ មករា ឆ្នាំ២០១២ ដែល​មាន​ចំណងជើង​ថា«ប្អូនប្រុស​សេដ្ឋី​ម្ចាស់​ធនាគារ​មួយ​ជាប់ចោទ​ពី​បទ​ឃាតកម្ម»នោះ​ទេ។លោក ជា​រតនា បាន​ថ្លែង​ថា​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ភាសាខ្មែរ​ចុះផ្សាយ​បំភ្លឺ​ក្នុងទំព័រទី៦ ឆ្នាំទី២លេខ៥៩៧ថ្ងៃព្រហស្បត្តិ៍ទី១២ ខែ មករា ឆ្នាំ ២០១២នេះខ្លឹមសារនៃការបំភ្លឺមិនបានក្បោះក្បាយដូចដែល​បាន​ចេញ​ ​​​ផ្សាយ​​ព័ត៌មាន​​​មិន​​ពិត។​​

លោក​ កៃគឹមសុង​ នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ប្រាប់​កម្ពុជាថ្មី​កាល​ពី​ព្រឹក​នេះ​ថា​លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រភព​មន្ត្រី​ប៉ូលិស​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក ​ឧកញ៉ា ​ជារតនា​ អភិបាល​ធនាគារ​សហ​ពាណិជ្ជ​។ ​លោក​ក៏​បាន​ចេញ​ផ្សាយ​សេចក្ដី​បំភ្លឺ​នៅ​លើ​ទំព័រ​សារព័ត៌​មាន​រួច​ហើយ​ដែរ។​ ប៉ុន្តែ​ចំពោះ​លោក​ឧកញ៉ា​ជារតនា​វិញ​មិន​ទាន់​អាច​ទទួល​យក​បាន​ចំពោះ​ការ​បំភ្លឺ​របស់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នោះ​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​បាន​ផ្សាយ​ថា​ប្អូន​ប្រុស​សេដ្ឋី​ម្នាក់​ជា​ម្ចាស់​ធនាគារ​កម្ពុជា​ពាណិជ្ជ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ករណី​បាញ់​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​កាល​ពី​សប្ដាហ៍​មុន។​ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ធនាគារ​កម្ពុជា​ពាណិជ្ជ​ពុំ​មាន​ម្ចាស់​ភាគ​ហ៊ុន​ឈ្មោះ​ជារតនា​ទេ ​ហើយ លោក ​ឧកញ៉ា​ជារតនា​ក៏​មិនមែន​ជា​សេដ្ឋី​ធនាគារ​នោះ​ដែរ។​

លោក​ ឧកញ៉ា​ជារតនា​បានចេញ​មុខ​​បដិសេធ នឹង​ការ​ចុះ​ផ្សាយ​នោះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ផ្ទុយ​ពី​ការពិត​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​យ៉ាង​ខ្លាំង។ ដូច្នេះ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ត្រូវតែ​ធ្វើការ​កែតម្រូវ​និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​ចុះ​ផ្សាយ​នោះ​ឡើង ​វិញ។ លោក​ជា​រតនា​បាន​បញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​ទៀត​ថា​រូបលោក មិន​មាន​ប្អូនប្រុស​ឈ្មោះ​ជា រតនៈ​ដែល​បាន​បាញ់សម្លាប់​គេ​នោះ​ទេ វា​ជា​ការ​បំភ្លើស​ព័ត៌មាន​ទាំងស្រុង ហើយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះផ្សាយ​មិន​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​។

គួរ​រំលឹក​ថា​ឈ្មោះ​ជា​រតនៈ​កាលពី​ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១២ បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​ចំ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ហើយ​ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​អនុវត្តន៍​តាម​នីតិវិធី​របស់​តុលាការ។ ប៉ុន្តែ​ អ្វី​ដែល​មិន​ពាក់ព័ន្ធ​នោះ​គឺ​ឈ្មោះ​ជា​ រតនៈ​ជា​ជន​ដៃ​ដល់​មិនមែន​ជា​​សាច់ញាតិ​បងប្អូន​ជាមួយ​លោក​ឧកញ៉ា ជា​ រតនា​អ្វី​បន្តិច​សោះ មិន​ដូច​ការ​ចុះ​ផ្សាយ​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​បង្កាច់បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​លោក​នោះ​ទេ។

លោក​ជា​ រតនា​បាន​ប្រាប់​កម្ពុ​ជាថ្មី​ទៀត​ថា​ លោក​នឹង​ពិចារណាក្នុង​ការ​ប្ដឹង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​​ទៅ​​​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ៕

ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី

សូមមើលអត្ថបទ Phnom Penh Post ដោយចុចលើ http://khmerload.com/news.php?id=152

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]