បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅលើ កំណាត់ផ្លូវជាតិលេខ ៥ មុខផ្លូវចូលវត្ដដុង អារញ្ញ ភូមិដុងអារញ្ញ សង្កាត់និមិត្ដ ក្រុង ប៉ោយប៉ែត បានបណ្ដាលឱ្យក្រុមគ្រួសារមួយ និងសាច់ញាតិ បាត់បង់កូនរបស់ខ្លួន និងអ្នក រួមដំណើរជាបងប្អូន ចំនួន ២នាក់ ហើយ រងរបួសធ្ងន់ ៥នាក់ បន្ទាប់ពីរថយន្ដកាម៉ាស់ ៣គ្រឿង ពីមុខពីក្រោយ បុកគៀបកាលពី វេលាម៉ោង ៦ និង៤៥នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន បង្ខំឱ្យសមត្ថកិច្ចចម្រុះ របស់ខេត្ដបន្ទាយ មានជ័យ បង្ខំបិទចរាចរណ៍ជាបណ្ដោះ អាសន្ន នៅទីនោះប្រមាណ រយៈពេល ១ ម៉ោង ពោលក្រុមសមត្ថកិច្ច បានប្រើពេល វេលានេះ ដើម្បីគាស់យកជនរងគ្រោះ ដែលគៀបជាប់នៅក្នុងកាប៊ីន រថយន្ដឡង់ គ្រីស័រ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សី មួយចំនួនបានឱ្យដឹងថា ជនរងគ្រោះខាងលើ នេះ មានគោលបំណង ទៅភ្ជាប់ពាក្យនៅ ស្រុកម៉ាឡៃ ដែលកូនកំលោះឈ្មោះ ពៅ ប៊ុនណា អាយុ២១ឆ្នាំ ជាកូនរបស់អ្នកស្រី អ៊ុំ ផល្លា អាយុ ៣១ឆ្នាំ និងប្ដីឈ្មោះ វ៉ាន់ មុំ ជាមន្ដ្រីនគរបាលសេដ្ឋកិច្ច នៅខេត្ដបន្ទាយ មានជ័យ ។

ប្រភពសាក្សីបានបន្ដថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង បន្ទាប់ពីរថយន្ដឡង់គ្រីស័រ ពណ៌សម្បក ឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1F 3475 បើកពីកើតទៅលិច បើកដោយអ្នកស្រី អ៊ុំ ផល្លា លុះដល់ពេលកន្លែងកើតហេតុ ប្រុង វ៉ារថយន្ដកាម៉ាស់ ២គ្រឿង ដែលកំពុង សន្ដោងគ្នា ប៉ុន្ដែ សំណាងអាក្រក់ ពេល កំពុងវ៉ានោះ ស្រាប់តែមានរថយន្ដកាម៉ាស់ ១គ្រឿងទៀត ដឹកស៊ីម៉ងត៍ពីលិចទៅកើត ពាក់ស្លាកលេខ ភ្នំពេញ 3B 2123 ក៏បុកចំពី មុខ ហើយរថយន្ដឡង់គ្រីស័រ ខ្ទាតទៅខាង ស្ដាំ ប៉ះរថយន្ដកាម៉ាស់ ដែលសន្ដោងនោះ ក៏គៀបជាប់តែម្ដងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់ ខេត្ដបន្ទាយមានជ័យ រួមមាន កម្លាំងកង រាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរ មូលដ្ឋានជាច្រើននាក់ បានចុះទៅកន្លែងកើតហេតុ ជួយទាញយក ជនរងគ្រោះ ដែលគៀបជាប់ក្នុងរថយន្ដ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្ដភាព កម្ពុជា-ជប៉ុន មង្គលបុរី ភ្លាមៗ ដើម្បីធ្វើ ការសង្គ្រោះបន្ទាន់ ប៉ុន្ដែ ជាអកុសល ជនរង គ្រោះចំនួន ២នាក់ ត្រូវបានស្លាប់ រួមមាន ១-ឈ្មោះ វ៉ាន់ ស្រីអាយ ភេទស្រី អាយុ ១ឆ្នាំ និងទី២-ឈ្មោះ ពៅ នាថ ភេទស្រី អាយុ ៤២ ឆ្នាំ ។ ដោយឡែកជនរងគ្រោះ ៥នាក់ផ្សេងទៀត ដែលកំពុងសង្គ្រោះ បន្ទាន់រួមមាន ១-ឈ្មោះ មុំ ទិត ភេទស្រី អាយុ ៤៤ឆ្នាំ ២-ឈ្មោះ ពៅ ប៊ុនណា ភេទ ប្រុស អាយុ ២១ឆ្នាំ ជាកូនកំលោះ ៣-ឈ្មោះ វ៉ាន់ ស្រីនិត ភេទស្រី អាយុ ៣ឆ្នាំ ជាកូនអ្នកបើកបរ ៤-ឈ្មោះ អ៊ុំ ផល្លា ភេទ ស្រី អាយុ ៣១ឆ្នាំ ជាអ្នកបើកបរ និងទី៥- ឈ្មោះ អ៊ុំ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ។

ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះ ទាំងនេះ រស់នៅឯខេត្ដស្វាយរៀង ប៉ុន្ដែ បានបើកចេញពីស្រុកមង្គលបុរី ទីកន្លែង ដែលប្ដី និងឪពុករបស់ខ្លួនរស់នៅបច្ចុប្បន្ន ដើម្បីបម្រើការងារ ជាមន្ដ្រីនគរបាលសេដ្ឋ កិច្ចក្នុងខេត្ដ ។

ក្រោយកើតហេតុ រថយន្ដរបស់ជនរង គ្រោះ និងរថយន្ដកាម៉ាស់ទាំង ៣គ្រឿង ត្រូវបានបញ្ជូន ទៅកាន់ស្នងការនគរបាល ខេត្ដ រង់ចាំការដោះស្រាយបន្ដ ខណៈដែល ជនរងគ្រោះទាំង ៥នាក់ មិនដឹងពីស្ថានភាព យ៉ាងណានោះទេ រហូតមកដល់ព្រឹកថ្ងៃទី ១២ ខែមករា នេះ ៕


ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។ Khmerload សូមចូលមរណទុក្ខ ហើញបន់ស្រន់អោយអ្នករបួស ជាសាស់ស្បយឆាប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]