ហេតុអ្វីវីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ ​Delta ​គួរឲ្យខ្លាច?

//s9.kh1.co/32/327efc19e1ca00344a91ea1ca670215312e27571.jpg
យល់ដឹង

 ០២-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រ​សួង​សុខាភិបាល​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ បាន​ប្រកាស​ថា​​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta

ក្រ​សួង​សុខាភិបាល​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ បាន​ប្រកាស​ថា​​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ចំនួន​៧​ករណី​។ វីរុស​​បំប្លែង​ថ្មី​នេះ​ត្រូវ​​បាន​រក​ឃើញ​​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​​កំពុង​មាន​វត្ត​មាន​នៅ​ប្រទេស​ជាង​៩០​​ហើយ​គិត​មក​ដល់​ពេល​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីរុសកូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​អង្គការ​សុខភាព​ពិ​ភព​លោក​ចាត់​ទុក​ថា​ជា​វីរុស​ដែល​ឆ្លង​លឿន និង​បង្ក​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បំផុត​មួយ​បើ​ធៀប​ទៅ​នឹង​វីរុស​កូវីដ​១៩ ប្រភេទ​ផ្សេង​ដូច​ជា​Alpha និង​Beta និង​វីរុស​រក​ឃើញ​នៅ​អ៊ូហាន​ប្រទេស​ចិន​។

ហេតុ​អ្វី​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta គួរ​ឲ្យ​ខ្លាច?​

វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​លឿន​ជាង​វីរុស​កូវីដ​១៩ ប្រភេទ​Alpha រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស​​៦០​ភាគរយ និង​ឆ្លង​លឿន​ជា​វីរុស​កូវីដ១៩ រក​ឃើញ​ដំបូង​នៅ​អ៊ូហាន ប្រទេស​ចិន​៥០​ភាគ​រយ​។​

ក្រុម​អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​នេះ​មាន​សមត្ថភាព​ចម្លង​លឿន​ និង​គួរ​ឲ្យ​បារម្ភ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​វា​អាច​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ និង​ក៏​ប្រហែល​ជា​អាច​​មាន​សមត្ថភាព​វាយ​ប្រហារ​ខ្ពស់​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Beta រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​​ផង​ដែរ​។

​ដូច​គ្នា​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប្រធានាធិបតី​អាមេរិក​លោ Joe Biden​ បាន​អំពាវ​នាវ​ឲ្យ​​ពល​រដ្ឋ​របស់​ខ្លួន​ត្រូវ​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​ ដោយ​បាន​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Delta នេះ​ឆ្លង​លឿន​​លើ​មនុស្ស​មាន​​វ័យ​ចន្លោះ​ពី​១២​ទៅ​២០​ឆ្នាំ​។

បន្ថែម​ពី​នេះ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា អង្គការ​សុខភាព​ពិ​ភព​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា និង​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិ​ភាព និង​អនុវត្ត​វិធានការណ៍​សុខាភិបាល​ផ្សេងៗ​ទៀត​។

អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា​៖ «គ្រប់​គ្នា​មិន​អាច​គិត​ថា​មាន​សុវត្ថិភាពពីកូវីដ១៩​ ដោយ​គ្រាន់​តែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូស​នោះ​ទេ យើង​នៅតែ​ត្រូវការ​ពារ​ខ្លួន​ជា​និច្ច​…​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​យើង​ និង​បញ្ឈប់​ការ​ចម្លង​វីរុស​បាន​នោះ​ទេ​»។

https://s9.kh1.co/__image/w=650,h=650,q=100/ab/ab39ac436bdbfb9cd4532073798b5b6c066a4352.jpg

​បន្ថែម​ពី​នេះ សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យាល័យ Queen Maryនៅ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ដែរ​ថា​៖ «​ការ​រួម​បញ្ចូល​គ្នា​នៃ​កម្រិត​ឆ្លង​លឿន ភាព​សាហាវ និង​អាច​គេច​ពី​វ៉ាក់សាំង​ផង ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta ជា​វ៉ារ្យ៉ង់​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត និង​ពិបាក​គ្រប់គ្រង​​»។

បើ​និយាយ​ដល់​វ៉ាក់សាំង​វិញ The Wall Street Journalបាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា​មនុស្ស​ពេញ​វ័យ​ប្រហែល​ពាក់​កណ្ដាល​នៅ​ប្រទេស​អ៊ីស្រាអែល​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ Delta ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​របស់ Pfizer-BioNTech ។ ​ការណ៍​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​ជា​ថ្មី​នូវ​វិធានការ​ពាក់​ម៉ាស​ និង​វិធានការ​ផ្សេងៗ​ទៀត​។​

​​​មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា វីរុសកូវីដ១៩ បំប្លែង​ថ្មី​នេះ​កំពុង​ឆ្លង​នៅ​ប្រទេស​យ៉ាង​តិច​៩២ និង​ថា​វីរុស​ប្រភេទ​នេះ​បាន​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ តែថា​​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​បាន​ដឹង​ច្បាស់​ពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta ​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T