ប្រទះឃើញចំហាយទឹកនៅលើព្រះចន្ទដ៏ធំមួយ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលអាចជាជម្រកសម្រាប់ជីវិត

//s9.kh1.co/32/32be2078db3abf70ec9b500437ec28434aa898fb.jpg
បច្ចេកវិទ្យា

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សីតុណ្ហភាពផ្ទៃនៃព្រះចន្ទ Ganymede អាចប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយថ្ងៃ។

បរទេស៖ តេឡេទស្សន៍ហូប៊ូលបានតាមដានភស្ដុតាងនៃចំហាយទឹកនៅក្នុងបរិយាកាសជុំវិញព្រះចន្ទរបស់ភពព្រហស្បតិ៍ ដែលមានឈ្មោះថា Ganymede ដែលជាព្រះចន្ទធំជាងគេបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ចំហាយទឹកត្រូវបានបង្កើតឡើង ពេលផ្ទៃទឹកកកនៃព្រះចន្ទបានប្រែពីរឹងទៅជាឧស្ម័ន។ ក្រុមតារាវិទូបានរកឃើញចំហាយទឹកនេះ ខណៈពេលប្រើការរួមបញ្ចូលគ្នានៃការសង្កេតថ្មីនិងឃ្លាំងផ្ទុកឯកសារពីហូប៊ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្រាវជ្រាវពីមុនបានលើកឡើងថា ព្រះចន្ទ Ganymede ដែលជាអង្គធំជាងគេទី៩នៅក្នុងប្រព័ន្ធព្រះអាទិត្យ មានផ្ទុកទឹកច្រើនជាងផែនដីរបស់យើងបានផ្ទុកមហាសមុទ្រទាំងអស់ទៅទៀត បើទោះបីជាព្រះចន្ទនេះមានទំហំតូចជាងផែនដី ២.៤ដងក៏ដោយ។ ប៉ុន្តែព្រះចន្ទ Ganymede គឺត្រជាក់ខ្លាំងណាស់ ដោយសីតុណ្ហភាពអាចធ្លាក់ដល់-១៨៤អង្សាសេ ដែលផ្ទៃរបស់វាគឺជាសម្បកទឹកកកដែលទឹកបានកក។ ប្រហែល១៦១គីឡូម៉ែត្រខាងក្រោមសម្បកនេះ គឺទំនងជាមហាសមុទ្រប្រៃ ហើយអ្នកស្រាវជ្រាវបានដឹងថា គ្មានវិធីណាដែលមហាសមុទ្រកំពុងហួតតាមរយៈសម្បកទឹកកក ដើម្បីបង្កើតជាចំហាយទឹកឡើយ។

ព្រះចន្ទ Ganymede មើលទៅកាន់ភពព្រហស្បតិ៍ 
ព្រះចន្ទ Ganymede មើលទៅកាន់ភពព្រហស្បតិ៍ 

សីតុណ្ហភាពផ្ទៃនៃព្រះចន្ទ Ganymede អាចប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយថ្ងៃ។ នៅចំណុចពេលថ្ងៃត្រង់លើខ្សែអេក្វាទ័ររបស់ព្រះចន្ទនេះ វាមានសភាពក្ដៅគ្រប់គ្រាន់ សម្រាប់ផ្ទៃទឹកកក ប្រែពីរឹងទៅជាឧស្ម័ន ឬបញ្ចេញម៉ូលេគុលទឹកក្នុងបរិមាណតិចតួច។ ទោះបីជាសម្បកទឹកកករបស់ព្រះចន្ទ Ganymede គឺរឹងដូចថ្មក៏ដោយ ក៏លំហូរនៃភាគល្អិតដែលបានពីព្រះអាទិត្យគឺគ្រប់គ្រាន់ ធ្វើឲ្យមានសំណឹកបញ្ចេញចំហាយទឹកមកបាន។

បេសកកម្ម JUICE ឬ JUpiter ICy moons Explorer របស់ទីភ្នាក់ងារអវកាសអឺរ៉ុប នឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២២។ វានឹងទៅដល់ភពព្រហស្បតិ៍ ក្នុងឆ្នាំ២០២៩ ហើយនឹងចំណាយពេល៣ឆ្នាំ ដើម្បីតាមដានភពយក្សនេះនឹងព្រះចន្ទធំទាំងបីរបស់វា។ ព្រះចន្ទ Ganymede ក៏រាប់បញ្ចូលនៅក្នុងរបាយការណ៍អង្កេតនេះ ហើយអ្នកស្រាវជ្រាវសង្ឃឹមថា នឹងរៀនបន្ថែមទៀតអំពីព្រះចន្ទ ដែលជាជម្រកដ៏មានសក្ដានុពល សម្រាប់ជីវិត៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T