បុរសម្នាក់ប៉ុនប៉ងធ្វើដំណើរ ដោយដើរលើទឹក នៅក្នុងឧបករណ៍ចម្លែកមួយ ប៉ុន្តែបែរជាជួបលទ្ធផលខកចិត្ត

//s9.kh1.co/90/90c8d030d8cf731807d687c641a213d80d455f71.jpg
សង្គម

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គាត់បានបង្កើតការធ្វើដំណើរនេះឡើង ដោយសារតែគាត់ចង់រៃអង្គាសប្រាក់ ដើម្បីឆ្លើយតបមូលនិធិសប្បុរសធម៌លើកដំបូង។

អាមេរិក៖ អត្តពលិកជើងខ្លាំងម្នាក់ ឈ្មោះ Ray "Reza" Baluchi បានគ្រោងចំណាយពេល៣ទៅ៤សប្ដាហ៍ទៀត នៅលើមហាសមុទ្រអាត្លង់ទិក ដោយដើរពីរដ្ឋ Florida ទៅរដ្ឋ New York ក្នុងដុំរង្វិលមួយ។ បញ្ហាសម្ភារៈបរិក្ខារបានបង្ខំឲ្យគាត់បោះបង់ចោលការខិតខំប្រឹងប្រែង បន្ទាប់ពីចំណាយពេលតិចជាងមួយថ្ងៃ ហើយគាត់ធ្វើដំណើរឡើងគោកវិញ នៅទីក្រុង Palm Coast ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅតាមឆ្នេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដុំរង្វិលនេះមានស៊ុមដែកព័ទ្ធជុំវិញពោង ដែលវាអាចដំណើរការទៅមុខ ដោយសារតែការរត់ពីខាងក្នុង ប្រៀបដូចជាសត្វកណ្ដុររត់នៅកងរង្វិលមួយអ៊ីចឹង។ លោក Baluchi បានប្រាប់សារព័ត៌មាន CNN ថា គាត់បានបង្កើតការធ្វើដំណើរនេះឡើង ដោយសារតែគាត់ចង់រៃអង្គាសប្រាក់ ដើម្បីឆ្លើយតបមូលនិធិសប្បុរសធម៌លើកដំបូង។

ដុំរង្វិលលើទឹករបស់លោក Ray "Reza" Baluchi
ដុំរង្វិលលើទឹករបស់លោក Ray "Reza" Baluchi

លោក Baluchi បានសម្រេចចិត្តថា គាត់ត្រូវត្រលប់ក្រោយ ព្រោះគាត់មានបញ្ហាជាមួយប្រព័ន្ធតាមដានរបស់គាត់ ហើយឧបករណ៍ backup របស់គាត់បានបាត់។ គាត់បានបញ្ចប់ដំណើរនៅឆ្នេរទីក្រុង Palm Coast ប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងនៃទីកន្លែងដែលគាត់បានចាប់ផ្ដើម ដោយនិយាយថាគាត់អាចទទួលបានឧបករណ៍ថ្មី ពេលឡើងគោក។

លោក Baluchi បាននិយាយថា ក្រុមការងាររបស់គាត់នឹងទិញឧបករណ៍ថ្មីមកជំនួស ដូច្នេះគាត់អាចបន្តដំណើរទៅមុខ ប៉ុន្តែឆ្មាំសមុទ្រមិនអនុញ្ញាត។ អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន CNN ថា គេតម្រូវឲ្យលោក Baluchi មានឧបករណ៍នាំផ្លូវនិងសុវត្ថិភាពដ៏ជាក់លាក់ មានទូកអមការពារ និងរៀបចំផែនការធ្វើដំណើរ មុនពេលគាត់ចេញដំណើរម្ដងទៀត។ លោក Baluchi និយាយថា គាត់ចង់ធ្វើដំណើរតែឯង ដោយមានក្រុមការងារចាំជួយនៅលើគោក។ ដុំរង្វិលរបស់គាត់នៅតែស្ថិតនៅលើឆ្នេរ ហើយគាត់គ្រោងនឹងទៅយកវា ដើម្បីជួសជុល ធ្វើឲ្យប្រសើរ ហើយគាត់អាចព្យាយាមម្ដងទៀតនៅពេលអនាគត៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T